សិស្សរាប់លាននាក់មិនបានចូលរៀន ខណៈអង្គការ WHO អំពាវនាវឱ្យធ្វើការឆ្លើយតបខ្លាំងក្លាឡើងចំពោះវីរុសកូរ៉ូណា

113
ចែករម្លែក

សិស្សជិត ៣០០ លាននាក់នៅទូទាំងពិភពលោកប្រឈមមុខនឹងសប្តាហ៍ដេកផ្ទះ ខណៈអ៊ីតាលីនិងឥណ្ឌាក្លាយជាប្រទេសចុងក្រោយគេបង្អស់ដែលបិទទ្វារសាលារៀនដោយសារតែវីរុសកូរ៉ូណាដ៏ប្រល័យ ខណៈមន្រ្តីសុខាភិបាលកាលពីថ្ងៃ ព្រហស្បតិ៍ទី៥មីនាបានព្រមានថា ប្រទេសជាច្រើនមិនបានប្រឹងប្រែងគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសនោះទេ។

ខណៈចំនួនករណីឆ្លងបានកើនឡើងលើស ៩៧.០០០ នៅទូទាំងពិភពលោក និងចំនួនអ្នកស្លាប់កើនជាង ៣.៣០០ នាក់នៅក្នុងប្រទេសចំនួន ៨៥ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅប៉ារីស វេទិកាធុរកិច្ចដ៏សំខាន់នៅរុស្ស៊ី និងការ ប្រកួតផ្តាច់ព្រ័ត្ររបស់អ៊ីតាលីទល់នឹងអង់គ្លេសក្នុងព្រឹត្តិការណ៍ Six Nations Championship នៅថ្ងៃទី ១៤ ខែមីនា បានស្ថិតក្នុងចំណោមព្រឹត្តិការណ៍ ដែលនឹងត្រូវលុបចោលឬពន្យារពេល។

ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាបានធ្វើឱ្យមានការភ័យខ្លាចចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងការធ្លាក់ចុះនៃភាគហ៊ុនសកលលោក ខណៈ ភាគហ៊ុនធំៗនៅអឺរ៉ុបនិងអាម៉េរិកបានធ្លាក់ចុះម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍។

ការស្លាប់និងការឆ្លងភាគច្រើនគឺនៅតែកើតមាននៅក្នុងប្រទេសចិន កន្លែងដែល វីរុសបានផ្ទុះឡើងកាលពីចុងធ្នូឆ្នាំមុន ដោយជំរុញឱ្យប្រទេសចិនបិទទីក្រុង ទាំងអស់ជាបណ្តោះអាសន្ន ហេតុដូចនេះបាននាំឱ្យបិទរោងចក្រនិងសាលារៀន គ្មានកាលកំណត់។

ប៉ុន្តែការឆ្លងឥឡូវកំពុងកើនឡើងយ៉ាងលឿននៅបរទេសជាងនៅក្នុងប្រទេសចិន ស្របពេលកូរ៉េខាងត្បូង អ៊ីរ៉ង់និងអ៊ីតាលី ក្លាយជាចំណុចក្តៅនៃការផ្ទុះ មេរោគ កូរ៉ូណា។

ប្រទេសជាច្រើនបានអនុវត្តវិធានការវិសាមញ្ញ ហើយអង្គការយូណេស្កូនិយាយ កាលពីថ្ងៃពុធថា ការបិទសាលាក្នុងប្រទេសជាង១០បានប៉ះពាល់ក្មេងៗជាង ២៩០,៥ លាននាក់។

ប៉ុន្តែអង្គការសុខភាពពិភពលោកបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជា ច្រើនមិនបានបង្ហាញនូវ “ការប្តេជ្ញាចិត្តខាងនយោបាយដល់កម្រិតត្រូវការចាំបាច់ ដើម្បីបំពេញនូវកម្រិតនៃការគំរាមកំហែងដែលយើងកំពុងប្រឈមនោះទេ”។

ប្រមុខអង្គការ WHO លោកថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់ អ្នកកាសែតថា “នេះមិនមែនជាការហាត់សមយុទ្ធទេ។ មេរោគរាតត្បាតនេះ គឺជា ការគំរាមចំពោះប្រទេសទាំងអស់ មិនថាមានឬក្រ”៕ ដោយ៖ កញ្ញាដាលីស/Ha

សិស្ស៣០០លាននាក់ទូទាំងពិភពលោកខានទៅរៀនទៅសូត្រដោយសារតែវីរុសកូរ៉ូណាបង្ខំឱ្យសាលាជាច្រើនបិទទ្វារ