សិស្សសាលា​វេ​ស្ទ​លែ​ន​ដ៍​៣​នាក់​ទទួលបាន​និទ្ទេស​A​ខណៈ​សិស្ស​ដទៃទៀត​ជាប់​បាក់​ឌុប​១០០​ភាគរយ​

136
ចែករម្លែក

​ដោយៈ​សុផល​/​កណ្តាលៈ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​គឺជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ​ដែល​បានទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​ប្រកា​សលេខ ២១៧២ អយក​ប្រក ចុះ​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១១​មាន​ទីតាំង​ស្ថិតក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​ដើម្បី​បើក​ដំណើរការ​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា មធ្យមសិក្សា និង​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ​។​

​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ប្រទេសជាតិ​មាន​សន្តិ​ភាពសម្បូររុងរឿង​និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុងនោះ​មាន​វិស័យ​អប់រំ​វិស័យ​គមនាគមន៍​វិស័យ​ទេសចរណ៍​និង​វិស័យ​ឧស្សាហកម្ម​។​ដូច្នេះ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​មិន​ត្រឹមតែ​បានរួម​ចំណែក​អភិវឌ្ឍន៍​ធនធានមនុស្ស​ឱ្យទទួល​បាន​នូវ​ចំណេះដឹង​និង​ចំណេះធ្វើ​ពិតប្រាកដ​នោះទេ​។​សាលា​ថែមទាំង​បាន​ចូលរួមចំណែក​ពង្រឹងពុទ្ធិ​និង​បណ្តុះ​ស្មារតី​សិស្សានុសិស្ស​ឱ្យ​ចេះ​ស្រឡាញ់​និង​ថែរក្សា​សន្តិភាព​ព្រមទាំង​ចេះ​ជួយ​សង្គម​តាមរយៈ​សកម្មភាព​សប្បុ​រសធម៌​ផងដែរ​។​

​ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​ពី​លា​លា និង​ការយកចិត្តទុកដាក់​ក្នុងការ​បង្រៀន​និង​រៀន​ពី​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រកបដោយ​ឆន្ទៈ​ខ្ពស់​តាំងពី​ថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់មធ្យមសិក្សា ។​សិស្ស​ថ្នាក់​ទី​១២​នៃ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​ក្នុង​ឆ្នាំ​សិក្សា​២០១៨=២០១៩​ទាំងអស់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ជា​ស្ថាពរ ១០០​ភាគរយ​។​ជាមួយ​នោះ​ទទួលបាន​និទ្ទេស A ចំនួន​៣​នាក់ ក្នុងសម័យ​ប្រឡង ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​។​

​ក្នុងឱកាស​នេះដែរ​លោក​ថន​សុក​លីម​នាយក​ប្រតិបត្តិ​នៃ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​មានប្រសាសន៍ថា​“​ជំនួសមុខ​ឱ្យ​គណៈនាយក​គណៈ​គ្រប់គ្រង​និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​និង​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ចំពោះ​លទ្ធផល​ដែល​យើង​ទទួលបាន​នៅថ្ងៃនេះ​”​។​

​លោកនាយក​បាន​បន្តទៀត​ថា​“​លទ្ធផល​ដ៏​ល្អ​នេះ​គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើងទាំងអស់គ្នា​រួមមាន​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ​-​អ្នកគ្រូ មាតាបិតា​-​អ្នកអាណាព្យាបាល​សិស្ស​សាមី​សិស្ស និង​សង្គម​។ ប្រសិនបើ​គ្មាន​ការចូលរួមចំណែក​ណាមួយ​ទេ សិស្ស​ក៏​មិនអាច​ប្រឡង​ជាប់​ជា​ស្ថាពរ ១០០​ភាគរយ​និង​ទទួលបាន​និទ្ទេស​ល្អ​នោះដែរ​”​។​

​ទន្ទឹមនឹង​នេះដែរ​លោក​នាយក​ប្រតិបត្តិ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុងការ​បង្រៀន​និង​អប់រំ​សិស្ស​ឱ្យ​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ​មាន​វិន័យ​ល្អ​សីលធម៌​ល្អ​និង​អប់រំ​សិស្ស​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​យើង​។​បន្ថែម​ពីនេះ​ទៀត​លោកនាយ​កបាន​ជូនពរ​ប្អូនៗ​ដែល​ទទួលបាន​និទ្ទេស​A​និង​ប្អូនៗ​សិស្សានុសិស្ស​នៃ​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​ទាំងអស់​ឱ្យមាន​សុខភាព​ល្អ​និង​ទទួលបាន​ជោគជ័យ​ក្នុងការ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​បន្ទាប់​។​

​លោក​បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ប្រឡង​ធ្លាក់​ថា​សម្រាប់​ប្អូនៗ​ដែល​ធ្វើ​មិន​បានល្អ​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សូមកុំ​បាក់​ទឹកចិត្ត​និង​អស់សង្ឃឹម​ពីព្រោះ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​គឺជា​ការវាស់ស្ទង់​សមត្ថភាព​របស់​ប្អូន​តែប៉ុណ្ណោះ​មិនមែនជា​ការបញ្ចប់​អនាគត​របស់​ប្អូនៗ​នោះទេ​។ អនាគត​របស់​ប្អូនៗ នៅ​វែងឆ្ងាយ​ទៅមុខទៀត ដូច្នេះ​សូម​ប្អូនៗ​ខិតខំ​ប្រឹង​ដើម្បី​ខ្លួនឯង ក៏ដូចជា​ដើម្បី​គ្រួសារ​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A នៃ​សាលា​អន្តរជាតិ វេ​ស្ទ​លែ​ន​ដ៍ សាលា​បាន​ឧបត្ថម្ភ​និង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ប្រទេស​សិង្ហ​បុរី​នៅ​សាកលវិទ្យាល័យ​ដៃគូ​របស់​សាលា​អន្តរជាតិ​វេ​ស្ទ​លែ​ន​ដ៍​រយៈពេល​៤​ថ្ងៃ​។​ដើម្បី​ដកស្រង់​និង​ផ្លាស់ប្តូរ​បទពិសោធន៍​សិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ​ជាមួយ​ទឹកប្រាក់​ចំនួន​២​លាន​រៀល​ក្នុង​សិស្ស​ម្នាក់​និង​សិក្សា​ថ្នាក់​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ដោយ​ឥតគិតថ្លៃ​៤​ត្រីមាស​។​

​ចំពោះ​សិស្ស​និទ្ទេស​B​ចំនួន​៦​នាក់​សាលា​នឹង​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ​ទទួលបាន​ទឹកប្រាក់​១​លាន​រៀល​និង​ការសិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ដោយ​ឥតគិតថ្លៃ​រយៈពេល​៤​ត្រីមាស​។​ចំណែកឯ​សិស្ស​និទ្ទេស​C,D​និង​E​និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៥០​ភាគរយ​លើ​ការសិក្សា​ភាសា​អង់គ្លេស​ក្រៅ​ម៉ោង​ពេញ​មួយឆ្នាំ​ផងដែរ​។​លើសពីនេះទៅទៀត​ដើម្បី​ជាការ​លើកទឹកចិត្ត​ការ​ផ្តល់​កម្លាំងចិត្ត​និង​ការ​តបស្នង​ដល់​លោកគ្រូ​អ្នកគ្រូ​ថ្នាក់​ទី​១២​សាលា​នឹង​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​១​លាន​រៀល​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​តាម​មុខវិជ្ជា​ដែលមាន​សិស្ស​ទទួលបាន​និទ្ទេស​A​ចាប់ពី​៣​នាក់​ឡើងទៅ​៕S/