សិស្សស្រី​២​នាក់​ដួលសន្លប់​នៅ​សាលា​ភ្នំ​កុយ​ស្រុក​សាលា​ក្រៅ​

556

(​ប៉ៃលិន​)៖ សិស្សស្រី​២​នាក់​រៀន​ថ្នាក់​ទី​៦ សាលា​ភ្នំ​កុយ បាន​មាន​អាកា​រៈ វិលមុខ រក​ក្អួត រកកល់​ដួលសន្លប់ ខណៈដែល​កំពង់​អង្គុយ​រៀន ហើយ​ត្រូវបាន​លោក​គ្រួ​អ្នក​គ្រួ​ដឹក​មក​សង្គ្រោះ នៅ​មណ្ឌល​សុខភាព​ភ្នំ​ស្ពង់​ភ្លាមៗ​។ តាម​ការសន្និដ្ឋាន​រប​ស់លោក​ក្រុមគ្រូពេទ្យ បានបញ្ជាក់​ឲ្យ​ដឹងថា មូលហេតុ​បណ្ដាលមកពី​កង្វះ​របប​អាហារ​មិន​គ្រប់គ្រាន់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​សាលារៀន​ភ្នំ​កុយ ស្ថិតក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​ ​

​មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សិស្សស្រី​២​នាក់​ដែល​រកកល់​ដួលសន្លប់​នោះ​ឈ្មោះ ភិន ស្រី​ប៉ៃ អាយុ ១៤​ឆ្នាំ (​រៀន​ថ្នាក់​ទី​៦)​និង​ឈ្មោះ ប៉េង ស្រី​អ៊ី អាយុ ១៣​ឆ្នាំ (​រៀន​ថ្នាក់​ទី​៦​ជាមួយគ្នា​)​។ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​ភ្នំ​កុយ​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ ឈ្មោះ ភិន ស្រី​ប៉ៃ អាយុ ១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៦ បាន​ប្រាប់​ឲ្យ​ដឹងថា រូបគេ​មាន​អាកា​រៈ រាគ​រុះ​កាលពី​ល្ងាច​ ​ហើយ​ពេល​មក​រៀន​រូបគេ​មិនបាន​ញ៉ាំ​អ្វី​សោះ ហើយ​មាន​អាកា​រៈ​អស់កម្លាំង វិលមុខ​រកកល់នឹង​សន្លប់ ខណៈដែល​កំពុង​រៀន​តែម្តង​។​

​ឈ្មោះ ប៉េង ស្រី​អ៊ី​អាយុ ១៣​ឆ្នាំ​(​រៀន​ថ្នាក់ ទី​៦​ជាមួយគ្នា​) បានបញ្ជាក់​ប្រាប់ថា រូបគេ​បាន​ហាត់​កីឡា​អស់កម្លាំង​ខ្លាំងពេក​កាលពី​ថ្ងៃ​ម្សិលមិញ លុះ​មកដល់​ថ្ងៃកើតហេតុ រូបគេ​បាន​ញ៉ាំ​បាយ តែ​បី​ម៉ាត់​ប៉ុណ្ណោះ ហើយ​មក​ចូលរៀន​។ ពេល​ឃើញ​ឈ្មោះ ភិន ស្រី​ប៉ៃ ក្អួតចង្អោរ រូបគេ​ក៏មាន​អាកា​រៈ វិលមុខ រក​ក្អួត រកកល់​ដួលសន្លប់​ដែរ​។

​បើតាម​ការសន្និដ្ឋានរ​បស់​ក្រុមគ្រូពេទ្យ បានឱ្យដឹងថា ក្មេងស្រី​ទាំង​២​នាក់​នេះ មួល​ហេតុ​បណ្ដាលមកពី​កង្វះ​របប​អាហារ​មិន​គ្រប់គ្រាន់ ហើយ​សុខភាព​ខ្សោយ​ប៉ុណ្ណោះ​៕ L​ ដោយ​៖ អ៊ុង​សា​រុំ