សិស្សានុសិស្ស ក្នុង​ខេត្តស្វាយរៀង​ទទួលបាន​ការអប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

467
ចែករម្លែក

ដោយ:សុផល​/ស្វាយរៀង ៖ ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម សិស្សានុសិស្ស​នៃ​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​១៣ និង​លេខ​១៨ ក្នុង​ខេត្តស្វាយរៀង បានទទួល​បានការ​អប់រំ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ។​

សូមជម្រាបថា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានសម្លាប់​មនុស្ស​ជាច្រើន​នាក់​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​ឆ្នាំ​២០១៨​កន្លងមក​មាន​មនុស្ស​ចំនួន​១ ៧៦១​នាក់​ស្លាប់ និង​របួស​ចំនួន ៤ ៧៧០​នាក់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កម្ពុជា​។

គ្រោះមហន្តរាយ​នេះ​ពិតជា​បានធ្វើឱ្យ​មានការ​រាំងស្ទះ​ក្នុង​ដំណើរ​កិច្ច​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​និង ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ​កិច្ច​គ្រួសារ និង​សង្គម​។​ ដោយ​មើល​ឃើញ​នូវ​បញ្ហា​ប្រឈម​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​ឥណទាន​ពី​ធនាគា​អភិវឌ្ឍ​អាស៊ី នៅ​ថ្ងៃទី២៨ ដល់ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមកនេះ​បានរៀបចំ​ការអប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​កត្តា​ហានិភ័យ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដល់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅតាម​វិទ្យាល័យ អនុវិទ្យាល័យ​មួយចំនួន​ដូចជា វិទ្យាល័យកំពង់រោទិ៍ វិទ្យាល័យ​រមាសហែក បឋមសិក្សា និង​អនុវិទ្យាល័យ ត្រពាំង​បន្ទាយ វិទ្យាល័យ​កំពង់​សំរោង និង​សាលា​បឋម និង​អនុ​វិទ្យា​ល័យ​សង្កែរ ដែល​សាលា​ទាំងនេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣ និង​លេខ​១៨​ដែលមាន​សិស្ស​សរុប​ប្រមាណ​បួន​ពាន់​នាក់​។

យោងតាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានឱ្យដឹងថា​ក្នុង​មួយឆ្នាំៗ​យុវជន​ដែលមាន​អាយុ​ពី ១៥​ទៅ ២៤​ឆ្នាំមាន​ចំណែក​ច្រើន​ជាង​គេ​ក្នុង​គ្រោះថ្នាក់​វ​រាច​រណ៍​។ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ភាគច្រើន​កើតមានឡើង​ក្នុងកំឡុងពេល​បុណ្យ សំខាន់ៗ ពិសេស​បុណ្យចូលឆ្នាំ ខ្មែរ និង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។ ការអប់រំ និង​ផ្សព្វផ្សាយ​ផ្តោត​សំខាន់​លើ​ការ​ហានិភ័យ​នៃ​ល្បឿន​បើកបរ ការប្រើប្រាស់​មួកសុវត្ថិភាព ការប្រើប្រាស់​កង់​។

ការអប់រំ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នាពេលនេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្សានុសិស្ស​ប្រជាកសិករ ដែល​ជា​ជន​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ព្រោះ​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​នោះ​មិនទាន់មាន​បទពិសោធ​ន៏​គ្រប់គ្រាន់ ក្នុងការ​ប្រើប្រាស់​ផ្លូវ​ថ្មី ដែល​ផ្តល់​ដោយ​រាជ​រដ្ឋា​ភិល​បាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​សម្តេច​តែ​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​ ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស សុខមាលភាព​ប្រជាពលរដ្ឋ និង​ការដឹក​ជញ្ជូន គឺជា​ចំណុច​ស្នូល​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​ប្រទេស​កម្ពុជា​។​

​លោក គង់ សាមឿន នាយក​វិទ្យាល័យ​រមាសហែក បានឲ្យដឹងថា ក្នុងនាម​លោក​នាយក​​សាលា លោក​ពិត​ជាមាន​សេចក្តី​រីករាយ​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​សិស្សានុសិស្ស​របស់លោក ដែល​បានរៀបចំឲ្យអ្នកជំនាញ​ចុះ​អប់រំ និង​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​សាលា​បែបនេះ​។ បច្ចុប្បន្ន​ក្រោម​ផ្លូវ​ត្រូវបាន​កែលំអ លោក​សង្កេតឃើញថា​អ្នកបើក​បរបាន​បើក​លឿន​ខុសពី​មុន​ដែល​ស្ថានភាព​ផ្លូវ​មានការ​លំបាក ទាំងនេះ​ជា​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍។ ​

ក្នុងឱកាស​នេះដែរ លោក​ក៏បាន​ប្រកាស​ឲ្យប​សិស្ស​យកចិត្តទុកដាក់​ស្តាប់​អ្នកជំនាញ និង​ជួយ​អប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ និង​អ្នកភូមិ​ដែល​មិនបាន​ចូលរួម​ធ្វើយ៉ាងណា​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ពេលធ្វើ​ដំណើរ​។​

លោក ពា គីម​វង ទីប្រឹក្សាបច្ចេកទេស និង​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានឱ្យដឹងថា បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោល​បានសម្លាប់​មនុស្ស​ជា​មធ្យម​ពី​៥ ទៅ​៦​នាក់​ក្នុង​មួយថ្ងៃ ហើយ​ក្នុង​មួយ​ឆ្នាំមាន​មនុស្ស​ប្រមាណ​២០០០​នាក់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ដងផ្លូវ​។​

លោក​បាន​បន្ថែមថា បំលាស់ប្តូរ​ឥរិយាបទ​អ្នកប្រើប្រាស់​ផ្លូវ​គឺ​ពិតជា​មិន​ងាយ​និង​ធ្វើការ​ផ្លាស់ប្តូរ​ទេ បើសិន​ខ្វះ​ការចូលរួម​ពី​អ្នកប្រើប្រាស់​ផ្លូវ អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ រួម​និង​អ្នករៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ព្រោះ​ភាគច្រើន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ដោយសា​កត្តា​មនុស្ស​មាន​រហូតដល់​៩៥% ដែល​​ក្នុងនោះ​មានដូចជា​ការបើកបរ​ហួស​ល្បឿន​កំណត់ ការបើកបរ​ក្រោយពេល​ហូប​គ្រឿង​ស្រវឹង ការ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ឬ​ការប្តូរ​គន្លង​ផ្លូវ​មិនបាន​ត្រឹមត្រូវ​។​

លោក ពា គីម​វង បានស្នើរ​សុំឲ្យអ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មានការ​យោគយល់​គ្នា​ទៅវិញទៅមក​ពិសេស​នៅពេល​ដែល​មាន​ចរាចរណ៍​មមាញឹក​នៅលើ​ដងផ្លូវ​ពិសេស​ក្នុងឱកាស​បុណ្យ​សំខាន់ៗ​៕B/