សិស្ស​ជំនាញ​ចុងភៅ​កម្ពុជា ២​រូប ដណ្ដើមបាន​មេដាយប្រាក់ និង​សំរិទ្ធ​ក្នុងការ​ប្រកួត​ចម្អិនម្ហូប​អាហារ​អាស៊ាន​-​ចិន​

152
ចែករម្លែក

​ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ សិស្ស​ផ្នែក​ចុងភៅ​របស់​កម្ពុជា​ចំនួន២​រូប ទទួលបាន​មេដាយប្រាក់ និង​សំរិទ្ធ​ក្នុងការ​ប្រកួត​ចម្អិនម្ហូប​អាហារ​អាស៊ាន​-​ចិន ឆ្នាំ​២០១៩ នៅ​ខេត្ត​ណាន​នី​ង​ប្រទេស​ចិន​។​

​ការចូលរួម​ប្រកួត និង​ការទទួលបាន​មេដាយ​ក្នុង​កម្មវិធី​ប្រកួត​ចំអិនម្ហូប​អាហារ​អាស៊ាន ចិន ឆ្នាំ​២០១៩ (2019 China-ASEAN Culinary Skill Competition Students from Vocational Colleges) នេះ ធ្វើឡើង​តាមរយៈ​ការរៀបចំ​របស់ក្រសួង ទេសចរណ៍ ដែលមាន​នាយកដ្ឋាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ សហការ​ជាមួយ​សាលា​ទេសចរណ៍ និង​ស​ណ្ឋា​រ​កិច្ច​ប៉ូល​ឌុយ​ប្រ៊ូ​ល​។​

​កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១៩-២១ ខែកញ្ញា ឆ្នាំ​២០១៩ ក្នុងនោះ​មានការ​ចូលរួម​ពី​សំណាក់​សិស្ស​កម្ពុជា ថៃ វៀតណាម តៃវ៉ាន់ និង​ហុងកុង ដើម្បី​ប្រកួត​ជា​ក្រុម​លើ​វិញ្ញាសារ​ចំនួន ៣ រួមមាន​៖ វិញ្ញាសារ​ម្ហូប​អាស៊ី វិញ្ញាសារ​ម្ហូប​អឺរ៉ុប និង​វិញ្ញាសារ​ម្ហូប​កែច្នៃ សម្រាប់​បេក្ខភាព​ជ្រើសរើស​សម្រាប់​ការប្រកួត​។​

​ជា​លទ្ធផល​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ចម្អិនម្ហូប​អាហារ​អាស៊ាន​-​ចិន ឆ្នាំ​២០១៩ បេក្ខជន ២​រូប របស់​កម្ពុជា​ដែល​បានជ្រើសរើស​យក​វិញ្ញាសារ​ម្ហូប​អឺរ៉ុប​ទទួលបាន​មេដាយ​ចំនួន ២ ក្នុងនោះ​រួមមាន​៖ លោក ង៉ៃ សុខ​ហេង ទទួលបាន​មេដាយប្រាក់ និង​លោក ឡាំ រិទ្ធី ទទួលបាន​មេដាយ​សំរឹទ្ធ​។​

​ការទទួលបាន​នូវ​ជ័យលាភី​មេដាយ​នេះ គឺ​ពិតជា​បង្ហាញ​ពី​សមត្ថភាព និង​ជំនាញ​ក្នុង​ចំអិនម្ហូប​របស់​សិស្ស និង​អ្នកជំនាញ​ចុងភៅ​របស់​កម្ពុជា ក្នុងការ​ជំរុញ​លើកកម្ពស់​គុណភាព និង​សេវាកម្ម​ម្ហូបអាហារ​ដែលជា​ការចូល​រួម​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​វិស័យ​ម្ហូបអាហារ (Gastronomy) សម្រាប់​ទទួលភ្ញៀវ​ទេសច​រដែ​លម​ក​កម្សាន្ត​នៅ​កម្ពុជា​៕B/