សិស្ស​នៃ​អនុវិទ្យាល័យ​ក្រពើ​ពីរ សិក្សា​បន្ថែម​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​

679
ចែករម្លែក
សិស្ស​កំពុង​បំពេញ​តារាង​ស្ទាបស្ទង់​ចំណេះដឹង​មុនពេល​ធ្វើ​វេទិកា​ថ្នាក់រៀន​

ដោយៈ សុង ថា​ណៃ​បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​/ ​ភ្នំពេញៈ​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១ ខែសីហា​ឆ្នាំ​២០១៩​ក្រុមការងារ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា រៀបចំ​ធ្វើ​វេទិកា​ថ្នាក់រៀន​មួយ​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​ជា​លើក​ទី​៣​នៅ​អនុវិទ្យាល័យ​ក្រពើ​ពីរ​ដែលមាន​សិស្សានុសិស្ស​ចូលរួម​ចំនួន​៤២​នាក់ (​ស្រី​១៩​នាក់​)​។ អនុវិទ្យាល័យ​ក្រពើ​ពីរ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ក្រពើ​ពីរ​ក្រោម ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​


​ក្រពើ​ពីរ​គឺជា​អតីត​មូលដ្ឋាន​កងទ័ព​ខ្មែរក្រហម​ឈរជើង​ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​និង​កងទ័ព​របស់​រដ្ឋ​កម្ពុជា​ដែល​បាន​ឈរជើង​នៅតាម​ផ្លូវជាតិ​លេខ​៥៦​និង​ទីតាំង​មួយចំនួនទៀត​នៅក្នុង​ស្រុក​ភ្នំក្រវាញ​។​បន្ទាប់ពី​កងទ័ព​ខ្មែរក្រហម​ទាំងនោះ​បានធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​១៩៩៦​អតីត​ខ្មែរក្រហម​និង​ក្រុមគ្រួសារ​បានសម្រេច​ចិត្ត​រស់នៅ​តំបន់​នេះ ហើយ​បាន​បង្កើតជា​ភូមិ​ឃុំ និង​សាងសង់​សាលារៀន​សម្រាប់​កូនចៅ​បាន​រៀនសូត្រ​រហូតដល់​សព្វ​ថ្ងៃនេះ​។​

សិស្ស​ឡើង​សរសេ​នៅ​អ្វីដែល​ខ្លួន​បានដឹង​ពីមុនមក និង​អ្វីដែល​ខ្លួន​ចង់ដឹង​អំពី​របប​ខ្មែរក្រហម​


​វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) មាន​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់​សិស្សានុសិស្ស​នៅ​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​ទូទាំងប្រទេស​កម្ពុជា ។​ជាពិសេស​គឺ​បង្កើត​ឲ្យ​មាន​កិច្ចពិភាក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុងចំណោម​សិស្សានុសិស្ស និង​វាគ្មិន​។ វេទិកា​ថ្នាក់រៀន​នេះ​ក៏មាន​តួនាទី​ជួយ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុងការ​រៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​មានការ​អត់ឱន យោគយល់​អធ្យាស្រ័យ និង​ទប់ស្កាត់​កុំ​ឲ្យ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​កើតឡើង​សារជាថ្មី​។


​មុនពេល​ចាប់ផ្តើម​វេទិកា លោកនាយក​អនុវិទ្យាល័យ​ក្រពើ​ពីរ ភន ផានិត បាន​លើកឡើងថា អនុវិទ្យាល័យ​ក្រពើ​ពីរ ទើបតែ​បង្កើត​នៅក្នុង​ឆ្នាំ​សិក្សា ២០១៤ – ២០១៥ ដោយមាន​អគារសិក្សា​ចំនួន​ពីរ​ខ្នង​(​មួយ​ខ្នង​សាងសង់ឡើង​ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​និង​អគារ​មួយ​ខ្នង​ទៀត​សាងសង់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។​សាលា​អនុវិទ្យាល័យ​ក្រពើ​ពីរ មាន​ចំនួន​១១ បន្ទប់ មាន​សិស្សានុសិស្ស​សរុប​ចំនួន ៥៧ នាក់ (​ស្រី​២៧​នាក់​) និង​មាន​គ្រូ​ចំនួន​៦​នាក់ (​ស្រី​ម្នាក់​)​។ ជាទូទៅ​សិស្សានុសិស្ស​ដែល​បញ្ចប់​ថ្នាក់​ទី​៩ ភាគច្រើន​បាន​បោះបង់​ការសិក្សា​ដោយសារ​មិនមាន​លទ្ធភាព​ទៅ​បន្ត​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​នៅ​ប្រ​ម៉ោ​យ​(​ទីរួមស្រុក​វាលវែង​ទៀត​ពីព្រោះ​មានការ​ខ្វះខាត​ផ្នែក​ជីវភាព​និង​វិទ្យាល័យ​មាន​ចម្ងាយ​ប្រមាណ​៤៥​គីឡូ​ម៉ែត​ពី​ផ្ទះ​។​

ថតរូប​អនុស្សាវរីយ៍​ក្រោយ​បញ្ចប់​វេទិកា​ថ្នាក់រៀន​


​លោកនាយក​មានការ​រីក​រាយ​ពីព្រោះ​វា​គឺជា​លើក​ទី​១​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុ​ជាម​ករៀប​ចំ​ធ្វើ​វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​។ លោកនាយក​គិតថា វេទិកា​នេះ​នឹង​ជួយ​ឲ្យ​សិស្សានុសិស្ស​បាន​យល់ដឹង​អំពី​អ្វីដែល​បាន​កើតមានឡើង​នៅក្នុង​របប​ខ្មែរក្រហម ដូចជា ការជម្លៀស ការសម្លាប់ និង​ការបង្ខំ​ឲ្យ​ប្រជាជន​ធ្វើការ​ហួសកម្លាំង​។ ចំណែក​កុមារ​មិនបាន​ទៅ​សាលារៀន​ដើម្បី​រៀនសូត្រ​ឡើយ​។


​កាលពីមុន​សិស្សានុសិស្ស​មិនសូវ​បាន​យល់ដឹង​ពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​ឡើយ ហើយ​ប្រសិនបើ​បានដឹង គឺ​ដឹង​តែ​បន្តិចបន្តួច​ពី​ឪពុកម្តាយ​ឬ​ជីដូន​ជីតា​ដែលជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​និយាយប្រាប់​ប៉ុណ្ណោះ ពីព្រោះ​ប្រជាជន​ដែល​រស់នៅ​ក្រពើ​ពីរ​នេះ ភាគច្រើន​គឺជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ភៀសខ្លួន​ពី​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ​។
​បន្ទាប់ពី​សិស្សានុសិស្ស​បំពេញ​តារាង​ស្ទាបស្ទង់​មតិ​មុន​វេទិកា​ថ្នាក់រៀន និង​បាន​ឡើង​សរសេរ​នូវ​អ្វីដែល​ខ្លួន​បានដឹង និង​ចង់ដឹង​អំពី​របប​ខ្មែរក្រហម ព្រមទាំង​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​កុមារ​កម្ពុជា​រួចមក លោក ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​របស់​ម​ជ្ឈ​ម​ណ្ឌ​ឯកសារ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​អំពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​បកស្រាយ​នូវ​សំណួរ​ដែល​សិស្សានុសិស្ស​ចង់ដឹង​ពីរ​បប​នោះ​។ នៅ​ចុងបញ្ចប់​នៃ​វេទិកា​ថ្នាក់រៀន សិស្សានុសិស្ស​បាន​បំពេញ​តារាង​ស្ទាបស្ទង់​មតិ​ក្រោយ​វេទិកា​ថ្នាក់រៀន ហើយ​បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​ក៏បាន​ចែក​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ចំនួន​៧៣​ក្បាល ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​វេទិកា​ថ្នាក់រៀន​ទៀតផង​។​

រូប​ខាងស្តាំ​លោកនាយក​អនុវិទ្យាល័យ​ក្រពើ​ពីរ ភន ផានិត ផ្ដល់​មតិយោបល់ និង​ណែនាំ​សិស្ស​មុននឹង​ចាប់ផ្ដើម​បើក​វេទិកា​ថ្នាក់រៀន​


​ធួន លី​ហ័​រ មាន​អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៧ «​ក​» មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ហើយ​សព្វថ្ងៃ​រស់នៅ​ភូមិ​សំឡាញ ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខេត្ត​ពោ​ធិ៏​សាត់ បាន​ឲ្យ​ដឹងថា ក្រោយពេល​បាន​ចូលរៀន​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីអំពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) រួចមក បានធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ចង់ដឹង​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​ធ្លាប់បាន​សួរ​តា​របស់ខ្ញុំ​ពី​របប​ខ្មែរក្រហម​។ តា​របស់ខ្ញុំ​ឈ្មោះ គីម ហើយ​កាលសម័យ​នោះ​គាត់​ធ្វើជា​ទាហាន នៅក្នុង​ខេត្តតាកែវ​។​តា​របស់ខ្ញុំ​បាន​រត់គេច​ពី​ការបាញ់​គ្នា​នៅ​បន្ទាយ​ទាហាន​ដែល​ឮ​តែ​សំឡេង​គ្រាប់​ផ្ទុះឡើង​ទ្រហឹង​។ កាល​ថ្នាក់​ទី​៦ ខ្ញុំ​ធ្លា​ប់រៀន​ជួប​ពាក្យ​ថា ប្រល័យ​ពូ​សាសន៍ ប៉ុន្តែ​មិនដឹង​អត្ថន័យ​ពិត​ប្រា​ដក​យ៉ាងដូចម្ដេច​នោះទេ​។ បន្ទាប់ពី​បាន​ចូលរៀន​ក្នុង​វេទិកា​ថ្នាក់រៀន បានធ្វើ​ឲ្យ​ខ្ញុំ​យល់​អត្ថន័យ​នេះ និង​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត​ពីរ​បប​ខ្មែរក្រហម ដូចជា​ក្មេងៗ​នៅ​សម័យ​នោះ​មិនមាន​សាលារៀន គឺ​រៀន​ក្រោម​ដើមឈើ ហើយ​ប្រជាជន​គ្មាន​បាយ​ហូប​គ្រប់គ្រាន់​។ ខ្ញុំ​មានចិត្ត​សប្បាយ​សប្បាយរីករាយ ដែល​ឃើញ​មានការ​បង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ហើយក៏​ចង់​ឲ្យ​មាន​វេទិកា​ថ្នាក់រៀន​នេះ​លើក​ក្រោយ​ទៀត​។ ខ្ញុំ​នឹង​ចែករំលែក​ចំណេះ​ដល់​មិត្តភក្តិ​ដទៃទៀត​ដែល​មិនបាន​ចូលរួម​ថ្ងៃនេះ​ឲ្យ​បានដឹង​ដូច​ខ្ញុំ​ដែរ​។​


​ហូ ធា​រី ភេទ​ស្រី ជា​សិស្ស​ថ្នាក់​ទី​៩ នៃ​អនុវិទ្យាល័យ​ក្រពើ​ពីរ រស់នៅ​ភូមិ​ក្រពើ​ពីរ​ក្រោម​ឃុំ​ក្រពើ​ពីរ​បានបង្ហាញ​នូវ​អារម្មណ៍​រីករាយ​ក្រោយពី​បាន​ចូលរៀន​ក្នុង​វេទិកា​ថ្នាក់រៀន​ស្ដីអំពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ព្រោះ​វេទិកា​នេះ​បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​ប្រទេស​ខ្លួន ដូចជា​របប​ខ្មែរក្រហម​បានធ្វើ​ឲ្យ​ប្រជាជន រស់នៅ​ជា​សហករណ៍ ហូប​រួមគ្នា ធ្វើការ​រួមគ្នា​ជាដើម​។ គ្រួសារ​ត្រូវបាន​ខ្មែរក្រហម បំបែក​ឲ្យ​រស់នៅ​ឆ្ងាយ​ពី​បងប្អូន និង​ឪពុកម្ដាយ​។ របប​ខ្មែរក្រហម​បានធ្វើ​ឲ្យ​បាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​ទៀតផង​។


​លន់ រតនា ភេទ​ប្រុស ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ សព្វថ្ងៃ​រស់នៅ​ភូមិ​ក្រពើ​ពីរ​ក្រោម ឃុំ​ក្រពើ​ពីរ​។ រតនា និង​គ្រួសារ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ រតនា បាន​និយាយថា​ពីមុនមក​ឪពុកម្ដាយ​មិន​ពីរ​បប​ខ្មែរក្រហម​ឲ្យ​ស្ដាប់​នោះទេ​។ ប៉ុន្តែ ខ្ញុំ​ធ្លា​ប់រៀន​ខ្លះ​ដែរ​ពី​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ។ ក្រោយពី លោកគ្រូ ឡុង ដា​នី បានធ្វើការ​បកស្រាយ និង​ពន្យល់​អំពី​របប​ខ្មែរក្រហម​បានធ្វើ​ឲ្យ​ខ្ញុំ​បាន​យល់ដឹង​បន្ថែម​អំពី​ទុក្ខវេទនា​របស់​ប្រជាជន​នៅក្នុង​របប​ខ្មែរក្រហម និង​ការជម្លៀស​ប្រជាជន​ឲ្យ​ទៅ​រស់​នៅតាម​តំបន់​ជនបទ​។ ប្រជាជន​ធ្វើការ​ហួសកម្លាំង និង​ហូប​មិន​គ្រាប់​គ្រាន់​។ មេរៀន​ដែល​ខ្ញុំ​បាន​រៀន​នៅថ្ងៃនេះ ខ្ញុំ​នឹង​យកទៅ​និយាយប្រាប់​មិត្តភក្តិ និង​បងប្អូន​របស់ខ្ញុំ​ដែល​មិនទាន់​បានដឹង​ឲ្យ​ដឹង​ដូច​ខ្ញុំ​ដែរ​។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​រស់នៅ​ដោយមាន​ភាព​សាមគ្គី​គ្នា ចេះ​អធ្យាស្រ័យ​គ្នា មិនត្រូវ​រើសអើង​ពូជសាសន៍​នោះទេ​៕សរន