សិស្ស​ប៊ែ​ល​ធី​អន្តរជាតិ ជាង​មួយ​ពាន់​នាក់ ទទួល​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស​

635
ចែករម្លែក
សិស្ស​ប៊ែ​ល​ធី​អន្តរជាតិ ជាង​មួយ​ពាន់​នាក់ ទទួល​វិញ្ញាបនបត្រ​ភាសា​អង់គ្លេស​

ដោយៈ​សាលា​/​ភ្នំពេញៈ​សាលា ប៊ែ​ល​ធី អន្តរជាតិ​កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​សិស្ស ភាសា​អង់គ្លេស​ទូទៅ Level 6 ជំនា​ន់ទី​៤៧ ដល់ទី​៥០ ចំនួន ១.៤៥០​នាក់​។ ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​ទី​១ (​សាខា​ទួលស្លែង​) ក្រោម​វត្តមាន បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​លោកស្រី​។​
​លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​២២ សាខា ក្នុងនោះ ២០​សាខា កំពុងដំណើរការ និង​០១​សាខា កំពុង​សាងសង់ ដែលមាន​សិស្ស​កំពុង​សិក្សា​ជាង ៤០.០០០​នាក់​។ ដោយឡែក​សិស្ស​ភាសា​អង់គ្លេស Level 6 ដែល​បាន​ប្រឡង​បញ្ចប់​ទាំង ៥០​ជំនាន់ មាន​ចំនួន ១៣.៣៨២ នាក់​។


​លោក​បាន​បន្តថា​កម្មវិធី​សិក្សា​ផ្នែក​ភាសា​អង់គ្លេស​ទូទៅ​(ESL Program) ត្រូវបាន​រៀបចំឡើង​យ៉ាង​សម្រិតសម្រាំង​ហើយ​សុទ្ធតែជា​មុខវិជ្ជា​ទំនើបៗ ខណដែល​សៀវភៅ​សិក្សា​ត្រូវបាន​សហការ​គាំទ្រ​ដោយ​ក្រុមហ៊ុន McGraw-HILL Education នៅ​សហរដ្ឋអាមេរិក​។ ក្នុងនោះដែរ សាលា​ក៏បាន​បន្ថែម​កម្មវិធីសិក្សា​ដូចជាៈ ចម្រៀង រឿងនិទាន និង​ទស្សនៈ​វាគ្មិន​ល្បីៗ ដល់​សិស្ស​គ្រប់​កម្រិត​ចាប់ពី Preschool 1 ដល់ Level 12 ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មានគំនិត​ថ្មីៗ មាន​ភាពក្លាហាន ហ៊ាន​បញ្ចេញយោបល់ ចេះ​វែកញែក ។
​លោក​អគ្គនាយករង​បញ្ជាក់​បន្ថែមថា នៅពេល​បញ្ចប់ Level 12 សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ ជាពិសេស ទទួលបាន​ពិន្ទុ​តេស្ត​អន្តរជាតិ អាយ​អែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែល​អាចដាក់​ពាក្យសុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​បាន​យ៉ាង​ងាយ​។​


​ក្នុងឱកាស​នោះ​បណ្ឌិត លី ឆេង បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ក្មួយៗ​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ គោរព​បទបញ្ជាផ្ទៃក្នុង​របស់​សាលា​បានល្អ មាន​វិន័យ​ល្អ និង​សីលធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គម រហូត​ទទួលបាន​វិញ្ញាបនបត្រ​នាពេលនេះ​។
​បណ្ឌិត ក៏បាន​បន្ថែមថា​សិស្ស​ដែល​សិក្សា​ភាសា​អង់គ្លេស​ទាំងអស់ នៅពេល​បញ្ចប់​កម្រិត​ទី​១២ (Level 12) សាលា​នឹង​រៀបចំ​ឲ្យ​ប្រឡង​តេស្ត​អន្តរជាតិ អាយ​អែល (IELTS) ហើយ​សិស្ស​ដែល​ទទួលបាន​ពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍ ១០០% សិក្សា​នៅ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រយៈពេល ៤​ឆ្នាំ​។ ចំណែក​សិស្ស ដែល​ទទួលបាន​ពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅ​សិក្សា​នៅក្រៅ​ប្រទេស ផងដែរ​។
​លោក បាន​បន្តថា​ចំពោះ​សិស្ស​ដែល​ទទួលបាន​ពិន្ទុ​ចាប់ពី 6.5 ដល់​7.០ ប៉ុន្តែ​កំពុង​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ នៅ​សាលា ប៊ែ​ល​ធី អន្តរជាតិ​គ្រប់​កម្រិត​ថ្នាក់ នឹង​ទទួលបាន​អាហារូបករណ៍​៥០​ភាគរយ សម្រាប់​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​រហូត​ចប់​ថ្នាក់​ទី​១២​។ ចំណែក​សិស្ស​ដែល​ទទួលបាន​ពិន្ទុ​ចាប់ពី​៧.៥​ឡើងទៅ នឹង​ទទួលបាន​អាហារូបករណ៍​១០០% សម្រាប់​សិក្សា​ថ្នាក់​ចំណេះ​ទូទៅ​រហូត​ចប់​ថ្នាក់​ទី​១២​។​
​បណ្ឌិត លី ឆេង ក៏បាន​ថ្លែង​អោយដឹងទៀតថា សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ក៏មាន​កម្មវិធីសិក្សា​ជា​ភាសាជាតិ និង អន្តរជាតិ ដែល​កម្មវិធីសិក្សា អន្តរជាតិ គឺ​បង្រៀន​ផ្តោតទៅលើ​ភាសា​អង់គ្លេស ១០០% ជា​កម្រិត​អន្តរជាតិ ដើម្បី​ធ្វើ​ឲ្យ​សិស្ស​មាន​ទំនាក់ទំនង​គ្នា ពីសា​លា រហូតដល់ សាកលវិទ្យាល័យ នៅ​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​។ សាកលវិទ្យាល័យ ក៏បាន​បើក​កម្មវិធីសិក្សា​ជា ភាសាជាតិ ដោយ​បង្រៀន​ជា ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​និស្សិត​ប៊ែ​ល​ធី ទទួលបាន​នូវ​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់ ព្រមទាំង​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​និស្សិត​ក្នុងការ​ទំនាក់ទំនងរ​វាង​ជាតិ និង​អន្តរជាតិ ដែលជា​ឱកាស​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​ផ្ទាល់ខ្លួន​ដោយ​ជោគជ័យ និង​ក្លាយជា​សហគ្រិនភាព​ដ៏​ល្បី​ក្នុងពេល​អនាគត​។
​សូមបញ្ជាក់ថា សាលា ប៊ែ​ល​ធី អន្តរជាតិ ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ២០​សាខា ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី ០៣ មិថុនា ២០១៩ បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផងដែរ​៕សរន