សិស្ស​ពូកែ​ទៅ​ប្រឡង​នៅក្រៅ​ប្រទេស​គឺ​បង្ហាញ​ពី​កំណែទម្រង់​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា​ពិតជា​ត្រឹមត្រូវ

958
ចែករម្លែក

​ដោយ​ : គង់​ហេង​/កំពង់ចាម​ ៖ អភិបាលខេត្ត​កំពង់ចាម បាន​អះអាងថា ជាការ​ឆ្លុះ​បញ្ចាំ​ច្បាស់​ហើយ​ដែលមានសិស្ស​ពូកែ មាន​សមត្ថភាព​បាន​ចាក​ចេញទៅ​ក្រៅប្រទេស​ធ្វើការ ប្រកួតប្រជែង​ដណ្តើម មេដាយ​ជា​បន្តបន្ទាប់​។ កត្តា​នេះ​បានបង្ហាញ​នូវ​សមត្ថភាព និង​មោទនភាព នៅលើ​ឆាក​អន្តរជាតិ​ពោល គឺ​បានបង្ហាញ​ពី​កំណែទម្រង់​លើ​វិស័យ​អប់រំ ពិតជា​ត្រឹមត្រូវ​។​

ការលើកឡើង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ សិស្សានុសិស្ស​ទើបបាន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយភូមិ នៃ​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម​ចំនួន៣៨៥នាក់ របស់លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម ដើម្បី​ប្រគល់​រង្វាន់​នូវ​ម៉ូតូ​ម្នាក់ មួយ គ្រឿង​ដល់​សិស្ស​ជាប់​ចំណាត់ថ្នាក់​និទ្ទេស​«A»​ចំនួន ១០​នាក់​។ ដោយបាន​មានប្រសាសន៍ថា សម្តែង​ការ​អរគុណ​ដល់​ក្មួយៗ របស់​វិទ្យាល័យ​ព្រះសីហនុ​ដែល​ខិតខំ​ប្រឹងប្រែង​ប្រឡង​ប្រកួត​ការប្រឡង​ដណ្តើម បាន​និទ្ទេស​«A»​លើក​នេះ នាំមុខ​វិទ្យាល័យ​ដទៃ ក្នុង​ខេត្ត​នេះ ដូច​កាលពី​ឆ្នាំ​២០១៧ ដដែល​។​

លោក គួច ចំរើន បាន​អះអាងថា កាន់តែ​មោទនភាព​បំផុត​នោះ គឺ​យើង​មាន​សិស្ស​ពូកែ​ច្រើន​នាក់​មាន​សមត្ថភាព តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ចេញទៅ​ប្រឡង​ប្រកួតប្រជែង​ជាមួយ​សិស្ស​ពូកែ នៅ​ខាងក្រៅ​ប្រ​ទេ​ល គឺ​ឆ្នាំ ២០១៧ បាន​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ចំនួន​ម្នាក់ ហើយ​ឆ្នាំ​២០១៨ មាន​ចំនួន បីនាក់​បាន​ទៅ​ប្រទេស​សិង្ហបូរី និង​ប្រទេស​រ៉ូ​ម៉ា​នី គឺ​ដណ្តើមបាន​មេដាយប្រាក់​ចំនួន ពីរ​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន បី គ្រឿង​។​

លោក​អភិបាលខេត្ត​បានលើកឡើង​ឲ្យ​ដឹង​ទៀតថា នេះ​បញ្ជាក់​យ៉ាងច្បាស់ ក្មួយៗ ជា​សិស្ស​ពូកែ​ទាំង​បួន នាក់ គឺ​មិន​ត្រឹមតែ​ជា​តំណាង​ឲ្យ​សិស្ស​ពូកែ នៃ​វិទ្យាល័យ​ព្រះសីហនុ របស់​ខេត្តកំពង់ចាម​ប៉ុណ្ណោះ​ទេ គឺ​តំណាង​ឲ្យ​សិស្ស​ពូកែ​ទូទាំងប្រទេស និង​ជាពិសេស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យើង នៅលើ​ឆាក​អន្តរជាតិ​បន្ថែមទៀត​។​
លោក​បាន​គូសបញ្ជាក់ថា សមត្ថភាព​សិស្ស​ពូកែ ដែល​បាន​ឈានទៅ​ប្រកួតប្រជែង​ទទួលបាន​មេដៃ​បែបនេះ បានបង្ហាញ​យ៉ាងច្បាស់​សក្តានុពល នៃ​ធនធានមនុស្ស​របស់​យើង គឺ​ជាស​ក្ខិ​ភាព​ឆ្លុះបញ្ចាំង​ពី​កំណែ​តម្រង​លើ​វិស័យ​អប់រំ ពិតជា​ត្រឹមត្រូវ​។ ជាមួយ​នោះ​ក៏​បង្ហាញ​ផងដែរ ពី​សមត្ថភាព​យ៉ាងពិត​ប្រាកដ នៃ​សិស្ស​ពូកែ ប្រទេស​ក្នុង​តំបន់ និង​លើ​ពិភពលោក​ផងដែរ​។​

លោក ជា ម៉េង​សាន ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា យើង​ពិតជា​រីករាយ​នឹង​លទ្ធផល​សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំ ២០១៨​នេះ គឺ​សិស្ស​និទ្ទេស​«A» ទូទាំង​ខេត្ត​ទទួលបាន​ចំនួន ២២ នាក់ ច្រើនជាង​ឆ្នាំ​២០១៧​ចំនួន ពីរ នាក់​។ ចំណែក​សិស្ស​ដែល​ទទួល​និទ្ទេស​ពី​«B»​ដល់​«E»​មាន​ចំនួន ៤.៤១០ នាក់​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ក្នុងចំណោម​សិស្ស​និទ្ទេស​«A»​សរុប​ទូទាំង​ខេត្ត​ចំនួន ២២ នាក់​នោះ គឺ​សិស្ស​វិទ្យាល័យ​ព្រះសីហនុ​ដណ្តើមបាន​និទ្ទេស​«A»​ចំនួន ១០ នាក់​។ ប៉ុន្តែ​អ្វីដែល​យើង​មាន​មោទនភាព​បំផុត​សម្រាប់​ឆ្នាំ​២០១៨​នេះ គឺ​វិទ្យាល័យ​ព្រះសីហនុ​ដដែល​មាន​សិស្ស​ពូកែ​ផ្នែក គណិតវិទ្យា​ចំនួន បី នាក់​បាន​ចេញទៅ​ប្រឡង​ដណ្តើមបាន​មេដាយ​ចំនួន ប្រាំ គ្រឿង គឺ​មេដាយប្រាក់​ចំនួន ពីរ គ្រឿង​និង​មេដាយ​សំរឹទ្ធិ​ចំនួន បី គ្រឿង​ពី​ប្រទេស​សិង្ហបូរី​ ៕B

#