សិស្ស​ពូកែ និង​ក្រីក្រ​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ទទួលបាន​កង់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​

1311
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​ជាលា​ធំ បានទទួល​អំណោយ​ជា​កង់​ចំនួន​១០​គ្រឿង​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ ក្នុងចំណោម​សិស្ស​ទាំងនោះ​ជា​សិស្ស​ពូកែ និង​ខ្លះ​ជា​សិស្ស​ក្រីក្រ​ដែល​ត្រូវ​បន្ដ​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំក្រោយ​។​

​កម្មវិធី​ចែក​កង់​ដល់​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ជាលា​ធំ ដែល​ស្ថិតនៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ តំណាង​អគ្គនាយក​លោក ស៊ុ ម៉ាប់ លោក សុខ លក្ខិណា ប្រធាន​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ លោក​ម៉ី ម៉ា​រ៉ា​ឌី ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក ភ័ន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារៈ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ភ័ន ផល្លា បានឱ្យដឹងថា​កម្មវិធី​ចែក​កង់​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សង​ទៅ​សង្គម ដែល​ត្រូវ​បានរៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​ដោយ​នាយកដ្ឋាន​រដ្ឋបាល បុគ្គលិក និង​សម្ភារៈ សហការ​ជាមួយ​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ​។ លោក​បន្ថែមថា គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ធានា​ឱ្យ​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទទួលបាន​នូវ​វិញ្ញាបនបត្រ ISO 14001 ជា​បន្តបន្ទាប់​ទៀត និង​ផ្តល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​អំពី​តួនាទី និង​ភារកិច្ច​ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​កិច្ចការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។​

​លោ​ល សុខ លក្ខិណា ប្រធាន​អង្គភាព​គ្រប់គ្រង​បរិស្ថាន​អង្គរ បាន​លើកឡើងថា កម្មវិធី​សង​ទៅ​សង្គម ពិត​ជាមាន​សារសំខាន់​ណាស់ ហើយ​គោលបំណង​នៃ​កម្មវិធី​នេះ គឺ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​បរិស្ថាន ដូចជា​រើ​ង​សំរាម ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ អប់រំ​អ្នក​ឯទៀត​ឱ្យ​យល់​ពី​ការ​ទុកដាក់​សំរាម រួម​និង​ការដាំ​ដើមឈើ​ជាដើម​។ លោក​បន្ថែមថា កុមារ​ពិតជា​មាន​ឥទ្ធិពល​ណាស់​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​បរិស្ថាន គឺ​ពួកគេ​ជា​អ្នក​នាំសារ​អប់រំ​ទាក់ទង​នឹង​បរិស្ថាន​ទៅដល់​ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ដ៏​មាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នានេះដែរ ប្រធាន​គម្រោង​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក​ម៉ី ម៉ា​រ៉ា​ឌី បាន​ថ្លែង​ពី​ការងារ​ចូលរួម​ក្នុង​ការងារ​សម្អាត​បរិ​ស្ថាន​នាពេល​កន្លងមក​ផងដែរ​។ តួយ៉ាង ភូមិ​ធម្មជាតិ​រុន​តា​ឯក​ដែលជា​ភូមិ​គំរូ​ទទួលបាន​វិញ្ញាបនបត្រ​ចំនួន​ពីរ​ទាក់ទង​នឹង​បរិស្ថាន ទីមួយ​ពានរង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៥-២០១៧ និង​ទី​ពីរ ពានរង្វាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ឆ្នាំ​២០១៥-២០១៧​។​

​ក្នុង​ពិធី​ដែលមាន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់​នោះដែរ លោក​ហង់ ពៅ អគ្គនាយករង និង​ជា​តំណាង​ឯកឧត្តម​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​មានប្រសាសន៍​អប់រំ​សិស្សានុសិស្ស​អំពី​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក និង​ផលវិបាក​របស់​វា​ផងដែរ​។ ឯកឧត្តម​លើកឡើងថា ថង់​ប្លា​ស្ទិ​ក ជា​ផ្នែក​មួយ​នៃ​ការបំពុល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយ​វា​បាន​បង្ក​ជា​ជំងឺ​ផ្សេងៗ​ដល់​មនុស្ស​ដោយ​មិនដឹង​ខ្លួន​។

​គួរ​បញ្ជាក់ថា ក្រោយពី​កម្មវិធី​ប្រគល់​កង់​ដល់​សិស្សានុសិស្ស​ហើយ​នោះ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ចូលរួម​ដាំ​កូនឈើ​នៅ​បរិវេណ​បឹង​ជាលា ដែលជា​និមិត្តរូប​នៃ​រូប​ធម្មជាតិ​រុន​តា​ឯក​ផងដែរ​៕ ល​