សិស្ស​វិទ្យាល័យ​កម្ពុជា​៩​រូប ទៅ​ទស្សនកិច្ច​ជប៉ុន​ក្នុង​កម្មវិធី ជេ​នេ​ស៊ី​ស​

932
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន សិស្ស​វិទ្យាល័យ​នៃ​ប្រទេស​កម្ពុជា​ចំនួន​៩​រូប ព្រមទាំង​អ្នកដឹកនាំ​១​រូប នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ក្រោម​កម្មវិធី​បណ្តាញ​ផ្លាស់ប្តូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​ខាងកើត​ដែល​ហៅ​កាត់​ថា​JENESYS 2018​។​

​សិស្ស​វិទ្យាល័យ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​គី​តា​មី ខេត្ត​ហុក​កៃ​ដូ ដើម្បី​ចូលរួម​«​មហោស្រព ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ប្រចាំឆ្នាំ​២០១៨» ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ភាពយន្ត​ខ្លី​ចំនួន​៣​រឿង​ដែល​ផលិត​ដោយ​សិស្ស​វិទ្យាល័យ​ចំនួន​៩​រូប​ខាងលើ​ត្រូវ បានជ្រើសរើស​នៅក្នុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុងប្រទេស​កម្ពុជា​ដែល​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ព្រមទាំង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨​ហើយ​សិស្ស​វិទ្យាល័យ​ទាំង​៩​រូប ដែលជា​ផលិតករ​ភាពយន្ត​ខ្លី​នេះ ត្រូវបាន​អញ្ជើញ​ដើម្បី​យក​ភាពយន្ត​របស់ខ្លួន ទៅ​ប្រកួត​បន្ត​នៅក្នុង​មហោស្រព​ភាពយន្ត​។​

​សិស្ស​វិទ្យាល័យ​កម្ពុជា ក៏​នឹង​មានឱកាស​ចូលរួម​ដំណើរ​កំសាន្ត​ជុំវិញ​ទីក្រុង ព្រមទាំង​កម្មវិធី​ផ្លាស់ប្តូរ រវាង​សាលា និង​សាលា​ផងដែរ​។
​កម្មវិធី JENESYS 2018 មាន​គោលបំណង​ជម្រុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្តា​ប្រទេស​ចូលរួម និង​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​ជ​ប៉ុន​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន​ជាង​២០០០​នាក់ ហើយ​តាំងពី​ឆ្នាំ​២០០៧​មក​។ អ្នកចូលរួម​នឹង​អាច​យល់ដឹង​អំពី​ប្រទេស​ជប៉ុន កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រមទាំង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន ឲ្យ​បាន​ទូលំទូលាយ​ទៅកាន់​ប្រជាជន​កម្ពុជា​បន្ទាប់ពី​វិល​ត្រលប់​មកវិញ​៕ ល​