សិស្ស​វិទ្យាល័យ​ហ៊ុនសែន​កែវ​សីមា​១០​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់​ពេល​កំពុង​សិក្សា​

103
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​យ៉ាងហោចណាស់​សិស្សស្រី​ចំនួន​១០​នាក់​ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុនសែន​កែវ​សីមា​ស្ថិតនៅក្នុង​ស្រុក​កែវ​សីមា​នៃ​ខេត្តមណ្ឌលគិរី​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ ។​ដោយ​កំពុងតែ​ស្ថិតនៅក្នុង​ការសង្គ្រោះ របស់​ក្រុមគ្រូពេទ្យ​មូលដ្ឋាន​។​

​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ដែល​ដួលសន្លប់ បាន​រៀបរាប់ថា ក្នុងពេល​កំពុង​សិក្សា​ពេល​រសៀល ក៏​ស្រាប់​តែមាន​សិស្ស​ម្នាក់​បាន​ដួលសន្លប់​ក្នុង​បន្ទប់រៀន​។​មួយសន្ទុះ​ក្រោយមក​ក៏មាន​ការ​ដួល​ជា​បន្តបន្ទាប់​ទៀត​ពេល​ឃើញ​មិត្ត​ភ​ក្កិ​របស់ខ្លួន​សន្លប់​។​សិស្ស​ដដែល​បាន​រៀបរាប់ថា​នៅ​សាលារៀន​របស់​ពួកគេ គឺជា​អគារសិក្សា​ថ្មី​ដែល​ទើប​សាងសង់​រួច​និង​នៅក្បែរ​ព្រៃ​ការពារ​របស់​ដែនជម្រកសត្វព្រៃ​កែវ​សីមា ។​

​នៅពេលដែល​ដួលសន្លប់​នោះ​អាកាសធាតុ​នៅក្នុង​បន្ទប់រៀន​មាន​សភាព​ក្តៅ​ខ្លាំង​បើទោះបី​ជាមាន​កង្ហារ​ចំនួន​ពីរ​គ្រឿង​ក៏ដោយ​។​សិស្ស​ដដែល​បន្តថា​ចំពោះ​អាកា​រៈ​នៃ​សិស្ស​ដែល​ដួលសន្លប់​គឺមាន​ការ​ចុក​ជើង​ណែន​ដើមទ្រូង​ពិបាក​ដកដង្ហើម​និង​វិលមុខ​។​ក៏ដូចជា​មួយ​សិស្ស​លោកគ្រូ​ម្នាក់​បាន​បញ្ជាក់ដែរថា​អាកាសធាតុ​នៅ​ថ្ងៃកើតហេតុ​នេះ​មាន​ភាព​ក្តៅ​ហប់​ខ្លាំង​។​

សិស្ស​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដែល​តម្រូវឱ្យ​លោកគ្រូ​អ្នកគ្រូ​រួមទាំង​អាជ្ញាធរ​ប្រញាប់ប្រញាល់​បញ្ជូន​សិស្សានុសិស្ស​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ​។​លោក​វេជ្ជបណ្ឌិត​នៅក្នុង​មន្ទីរពេទ្យ​ឯកជន​ឈ្មោះ​សុខ​បញ្ញា​២​បានឱ្យដឹងថា​ចំពោះ​អាកា​រៈ​អាច​បណ្ដាលមកពី​ក្តៅ​ខ្លាំង​និង​កង្វះ​អុកស៊ីសែន​នៅក្នុង​បន្ទប់រៀន​។​ក្រោយ​ការដួលសន្លប់​ដែល​បានអូសបន្លាយ​ចាប់ពី​ម៉ោង​១​រសៀល​ថ្ងៃទី​២៣​ខែមករា​នេះ​។​

ក្រោម​កិច្ច​អន្តរាគមន៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​,​លោក​នួន​សារ៉ន​អភិបាលស្រុក​កែវ​សីមា​រួមទាំង​អាជ្ញាធរ​មន្ត្រីរាជការ​ទាំ​ង​អស់​។​ក្រុមការងារ​បាន​ដុតដៃដុតជើង​ជួយសង្គ្រោះ​សិក្សា​នុ​សិស្ស​ដោយ​ខ្លះ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន​ខ្លះទៀត​ត្រូវ​បញ្ជូនទៅ​មណ្ឌល​សុខភាព​កែវ​សីមា​និង​អ្នក​ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​។​

​ករណី​ដួលសន្លប់​នៅក្នុង​វិទ្យាល័យ​ហ៊ុនសែន​កែវ​សីមា​នេះ​ត្រូវបាន​សិស្សានុសិស្ស​បញ្ជាក់ថា​មិនមែនជា​លើក​ទី​១​ទេ​ដែលមាន​ការដួលសន្លប់​បែបនេះ​។​ការដួលសន្លប់​នេះ​គឺ​បានអូសបន្លាយ​អស់​រយៈពេល​ច្រើន​ថ្ងៃ​មកហើយ​ប៉ុន្តែ​មានតែ​សិស្ស​ម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ដួលសន្លប់​ហើយ​នា​ថ្ងៃទី​២៣​មករា​នេះ​ចំនួន​នៃ​អ្នកសន្លប់​មានការ​កើតឡើង​តែម្តង​៕S/​