សិស្ស​វិទ្យាល័យ​ឥណ្ឌា​ជាង ១,៦ លាន​នាក់​នឹងត្រូវ​ប្រឡង​ម្តងទៀត ខណៈ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ករណី​បែកធ្លាយ​វិញ្ញាសា​

1110
ចែករម្លែក

​ប្រទេស​ឥណ្ឌា​បានចាប់ផ្តើម​ស៊ើបអង្កេត​លើ​ការប្រឡង​ថ្នាក់ជាតិ បន្ទាប់ពី​សំណួរ​ជាច្រើន​បាន​លេច​ធ្លាយ ជាហេតុ​ត្រូវ​បង្ខំ​ឱ្យ​សិស្សានុសិស្ស​ប្រមាណ ១,៦ លាន​នាក់​ធ្វើតេស្ត​របស់​ពួកគេ​ឡើងវិញ​។​

​ប៉ូលិស​បាន​សាកសួរ​មនុស្ស ៣២ នាក់​ជុំវិញ​ការ​បែកធ្លាយ​វិញ្ញាសា​គណិតវិទ្យា​និង​សេដ្ឋកិច្ច ដែល​គេ​ឃើញ​ចែកចាយ​ពេញ​បណ្តាញ WhatsApp មុននឹង​ការប្រឡង​មកដល់​។​

​អាជ្ញាធរ​និយាយថា កាលបរិច្ឆេទ​ប្រឡង​ថ្មី​នឹងត្រូវ​ប្រកាស​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ការបន្លំ​លួច​ចម្លង​ក្នុង​ការប្រឡង​កើតឡើង​ជាទូទៅ​នៅ​ឥណ្ឌា រួមទាំង​ការ​សូកប៉ាន់​ដើម្បី​ទិញ​វិញ្ញាសា​ប្រឡង ទោះបី​ជាមាន​វិធីសាស្ត្រ​ផ្សេងទៀត​ក្តី​។​

​ក្នុង​ឆ្នាំ ២០១៥ មនុស្ស​ប្រហែល ៣០០ នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​សិស្ស​ចំនួន ៧៥០ នាក់​ត្រូវបាន​បណ្តេញ​ចេញពី​សាលា​នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងជើង បន្ទាប់ពី​ឪពុកម្តាយ​និង​មិត្តភក្តិ​របស់​សិស្ស​ត្រូវបាន​គេ​ថត​ជាប់ កំពុង​ឡើង​ជញ្ជាំង​សាលា​ដើម្បី​គប់​ក្រដាស​ចម្លើយ​ក្នុងអំឡុងពេល​ប្រឡង​។​

​ឯកសារ​សំណួរ​ដែល​លេច​ធ្លាយ​ចុងក្រោយបង្អស់​នេះ​ទាក់ទង​ទៅនឹង​ការប្រឡង​ថ្នាក់​វិទ្យាល័យ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស​ដែល​សង្ឃឹមថានឹង​អាច​ប្រឡង​ចូល​សាកលវិទ្យាល័យ​សាធារណៈ​ដ៏​ល្បីល្បាញ​មួយចំនួន​របស់​ឥណ្ឌា​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​សហព័ន្ធ លោក ប្រា​កាស ចា​វ៉ា​ដេ​កា សន្យាថា​នឹង​ពង្រឹង​សន្តិសុខ​តាម​អ៊ី​ន​ធឺ​ណេ​ត បន្ទាប់ពី​មាន​កំហឹង​ជុំវិញ​ការ​បែកធ្លាយ​វិញ្ញាសា​នេះ​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ឧក្រិដ្ឋជន​ដែល​បានធ្វើ​រឿងនេះ​នឹងមិន​ត្រូវ​លើកលែងទោស​ឱ្យ​នោះឡើយ​។ ខ្ញុំ​ប្រាកដ​ណាស់​ថា ប៉ូលិស​នឹង​ចាប់​មនុស្ស​ទាំងនេះ​ក្នុងពេល​ឆាប់ៗ​នេះ​។ ខ្ញុំ​សូម​ធានាថា យើង​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អប់រំ ហើយ​ការពារ​វា​ឱ្យ​បានល្អ​”៕ ដោយ៖ កញ្ញាដាលីស

សិស្ស​ជាង ១,៦ លាន​នាក់​នឹងត្រូវ​អង្គុយ​ប្រឡង​ម្តងទៀត ជុំវិញ​ការ​បែកធ្លាយ​វិញ្ញាសា​តាម WhatsApp