សិស្ស​វិទ្យាល័យ​៩​នាក់​ប្រឡង​ជាប់​ផ្នែក​វីដេអូ​ខ្នាត​ខ្លី​បាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​ជប៉ុន​

1054
ចែករម្លែក

ដោយៈ​សុផល / ភ្នំពេញ​:​យុវ​សិស្ស​ចំនួន​៩​នាក់​មកពី​វិទ្យាល័យ​ផ្សេងៗ​គ្នា បានឈ្នះ​ក្នុងការ​ប្រឡង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មហោស្រព​វីដេអូ និង​ខ្សែភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​លើក​ទី​១០ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ជប៉ុន​។​

​ការប្រកួត​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។ ប្រធានបទ​ដែល​ត្រូវ​បកស្រាយ​ក្នុងឆ្នាំនេះ​គឺ​«​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​» ។ មាន​ភាពយន្ត​ចំនួន ៣៥​រឿង​ដែល​ផលិត​ដោយ​សិស្ស​១៨​វិទ្យាល័យ​ទូទាំងប្រទេស​កម្ពុជា​បានដាក់​ពាក្យ​ចូលរួម​ប្រកួត ហើយ​ក្នុងចំណោម​នោះ​មាន​ភាពយន្ត​ចំនួន​១២​រឿង ត្រូវបាន​សម្រិតសម្រាំង​ដើម្បី​ចាក់​បញ្ចាំង​ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ​។​

​មហោស្រព​ភាពយន្ត​នេះ​បានចាប់ផ្តើម​នៅ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ​ហើយ​ចាប់តាំងពី​ពេលនោះ​មក​គឺ​មហោស្រព​នេះ​បានចាប់ផ្តើម​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​។​ចំណែក​សិស្សានុសិស្ស​កម្ពុជា​វិញ​ត្រូវបាន​អញ្ជើញ​អោយចូល​រួម​ក្នុង​មហោស្រព​នេះ​តាំងពី​ឆ្នាំ​២០០៩​។ ឆ្នាំនេះ​សិស្ស​៣​ក្រុម​ដែលមាន​ចំនួន​សរុប​៩​រូប​នឹង​ត្រូវបាន​អញ្ជើញ​ទៅកាន់​ប្រទេស​ជប៉ុន​ក្រោម​កម្មវិធី​JENESYS 2018 ជាមួយ​សិស្ស​មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០ ព្រមទាំង​ទី​ម័​រ​ខាងកើត ចិន តៃវ៉ាន់ ម៉ុង​ហ្គោ​លី កូរ៉េខាងត្បូង និង​ជប៉ុន​។ សិស្ស​ជ័យលាភី​៣​ក្រុម​នេះ នឹងចូលរួម​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​គី​តា​មិ ខេត្ត​ហុក​កៃ​ដូ ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​រឿង​វីដេអូ​ខ្នាត​ខ្លី​រយៈពេល​៣​នាទី ដែល​ឈ្នះ​ពានរង្វាន់​នោះ​គឺ​លេខ​១: រឿង​«​ផ្លាស់ប្តូរ​»​ដែលមាន​យុវ​សិស្ស​៣​នាក់​៖​កញ្ញា សឿង ប៉ី​ប៉ី មកពី​សាលា​អន្តរជាតិ យូ អេស អេ​,​យុវជន តាំង ប៊ុន​លីម​និង ចៅ ចឺ​ឆឹង មកពី​វិទ្យាល័យ​ព្រះមុនីវង្ស​។​លេខ​២:​រឿង​« កំហុស​ខ្ញុំ​» ដែល មាន​សមា ជិ​ក​៣​នាក់​គឺ​៖​យុវជន ភុ​គ ម៉ុ​ន​ឡេង​,​ថាំ សហ​នី​ត​និង​ថាច់ សុផាន មកពី​សាលា Cambodian Adventist school និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ វីដេអូ​ខ្នាត​ខ្លី​រឿង​«​កូនប្រុស​គ្មាន​ទំនួល ខុសត្រូវ​»​របស់​យុវជន​អៃ បញ្ញា មកពី​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ទី​៩,​សឹង ពុ​ត្រ​បញ្ញា មកពី​សា លា រៀន​អន្តរទ្វីប​អាមេរិកាំង​សាខា​ម៉ៅ​សេទុង​និង​ហេង សុ​សេដ្ឋា មកពី​វិទ្យាល័យ​ជាស៊ីម​សន្ធរ ម៉ុក ។​
​ ​
​លោក ស៊ូ​ហ្សឹ​គី ហ៊ី​រ៉ូ​ណូរី​ទីប្រឹក្សា​ស្ថានទូត​ជប៉ុន បាន​មានប្រសាសន៍ថា ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយ​សហការ​ជាមួយនិង​ក្រសួង​អប់រ​យុវជន​និង​កីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ជា​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ​២០០៩ ក្នុង​គោលបំណង​បង្កើន​នូវ​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​ពង្រឹង​នូវ​ចំណងមិត្តភាព​ក្នុងចំណោម​សិស្សានុសិស្ស នៃ​តំបន់​អាស៊ី​តាមរយៈ​ការផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​។ ប្រធានបទ​ផ្សេងៗ​គ្នា​ដូចជា​«​គ្រួសារ​», «​ការអប់រំ​» «​ជីវិត​», «​ក្តី​សុ​បិ​ន្ត​របស់ខ្ញុំ​» និង “​ការរំលោភបំពាន​នៅក្នុង​សាលា​”​ជាដើម​។​ចំណែក​ប្រធានបទ​សម្រាប់​ឆ្នាំនេះ​គឺ​«​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន​» ។​
​លោក​គូ​រ៉ូ​មី​យ៉ា​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កម្មវិធី​នេះ​នឹង​ផ្តល់ឱកាស​ដ៏​អស្ចារ្យ​មួយ​ដល់​សិស្សានុសិស្ស​ឱ្យ បាន​យល់ដឹង​អំពី​ប្រទេស​ជប៉ុន​និង​ប្រជាជន​ជប៉ុន ហើយក៏​ដើម្បី​ជំរុញ​នូវ​ការយល់ដឹង និង​ចងមិត្តភាព​ទៅវិញទៅមក​ជាមួយនិង​សិស្សានុសិស្ស​មកពី​បណ្តា​ប្រទេស​អាស៊ី​ដទៃទៀត​។​

​លោកស្រី ស្រូ​យ សុជាតិ អនុប្រធាននាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​នៃ​ក្រសួង​អបរំ យុវជន និង​កីឡា បាន​លើកឡើងថា «​ការប្រកួត​ភាពយន្ត​ខ្នាត​ខ្លី​នេះ មាន​សារៈសំខាន់ ដើម្បី​អនុញ្ញាតឱ្យ​សិស្ស​មានឱកាស​បញ្ចេញ​សមត្ថភាព​ក្នុងការ​និពន្ធ ការដឹកនាំ​សម្តែង ការថត ការកាត់ត វីដេអូ​ដោយ​ខ្លួនឯង ជាពិសេស​ការ​សាមគ្គី​សហការ​ជា​ក្រុម​»​។​

​យុវជន តាំង ប៊ុន​លីម ដែលជា​ជ័យលាភី​លេខ​១ បានឱ្យដឹងថា​រឿង «​ផ្លាស់ប្តូរ​» និយាយ​ពី​ការលួចចម្លង​ក្នុងពេល​ប្រឡង និង​ឆ្លុះបញ្ចាំង​ពី​ការ​ភ្ញាក់រលឹក​ដឹងខ្លួន​ពី​កំហុស​របស់ខ្លួន លែង​លួច​ចម្លង​ហើយ​ខិត​ខំរៀន​ឡើងវិញ​៕