សិស្ស​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ចាប់ផ្តើម​ទទួល​ចំណេះដឹង​ពី​ការអប់រំ​បេតិកភណ្ឌ​ពី​អាជ្ញាធរ​ជាតិ​អប្សរា

258
ចែករម្លែក
  • 1
    Share

ដោយ​:គូលែន​/​សៀមរាប​ ៖ នៅ​ថ្ងៃទី​៧ មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ គម្រោង​អបរំ​បេតិកភណ្ឌ​បានចាប់ផ្តើម​បង្រៀន​ដល់​សិស្ស​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និង​សាលាបឋមសិក្សា លលៃ​។

គម្រោង​នេះ​ចាប់ផ្តើម​បង្រៀន​នៅ​រមណីយដ្ឋាន​អង្គរ​ចាប់ពី​ឆ្នាំ​២០១៨ នៅ​សាលា​បឋម​សិក្សា​ស្រះស្រង់ និង​វិទ្យាល័យ នគរធំ​។ នៅ​ឆ្នាំ​២០១៩​នេះ គម្រោង​បាន​ពង្រីក​ការអប់រំ​មកដល់​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និង​សាលាបឋមសិក្សា លលៃ​។​

លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្ដរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ និង​ទទួលបន្ទុក​មជ្ឈមណ្ឌល​បណ្ដុះបណ្តាល​អង្គរ បាន​ផ្តើម​បង្រៀន​នូវ​មេរៀន​ទាក់ទង​នឹង​ប្រវត្តិសាស្ដ្រ​ទូទៅ​នៅ​តំបន់​អង្គរ ដែល​រួមមាន មាន​ប្រវត្តិ​នៃ​ទឹកដី​អង្គរ ការងារ​អភិរក្ស អារ្យធម៌​អង្គរ និង​បេតិកភណ្ឌ​ជាដើម​។​

លោក​បាន​បន្តថា សិស្សានុសិស្ស​នៃ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងបានបង្ហាញ​​ការចាប់អារម្មណ៍​ខ្លាំង​ទៅនឹង​មេរៀន​បេតិកភណ្ឌ ហើយ​ពួកគេ​បាន​ចោទ​ជា​សំណួរ​មួយចំនួន​ផងដែរ ទាក់ទង​នឹង​ប្រាសាទ និង​បុរាណវត្ថុ​មួយចំនួន​ក្នុង​តំបន់​អង្គរ​។​

គួររម្លឹកថា គម្រោង​អប់រំ​បេតិកភណ្ឌ​បាន​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២២ កុម្ភៈ ក្រោម​អធិបតីភាពលោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​ប្រធាន​ក្រុម​សហគម​ន៍ទី​៧ ដែល​ទទួលបន្ទុក​លើ​ការងារ​អបរំ​បេតិកភណ្ឌ​នៅតាម​គ្រឹះស្ថានសិក្សា​នានា​។ ក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ សិស្សានុសិស្ស​ប្រមាណ ៨៨​នាក់ ដែលមាន​សាលាបឋមសិក្សា​លលៃ ៦០​នាក់ និង​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ២៨​នាក់ នឹង​ទទួលបាន​ការបណ្ដុះបណ្តាល​ជំនាញ​បន្ថែម លើ​វិស័យ​បេតិកភណ្ឌ​។ គម្រោង​នេះ​ជា​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ​គាំពារ​កេរ​មរតក ដែល​បង្រៀន​សិស្ស​ពី​មេរៀន​បេតិកភណ្ឌ​ដល់​សិស្ស​វិទ្យាល័យ​នៅ​ថ្នាក់​ទី​១០​ដល់ទី​១២ រីឯ​សិស្ស​បឋមសិក្សា​ចាប់ពី​ថ្នាក់​ទី​៥ ដល់​ថ្នាក់​ទី​៦៕B/

សិស្ស​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ចាប់ផ្តើម​ទទួល​ចំណេះដឹង​ពី​ការអប់រំ​បេតិកភណ្ឌ​ពី​អាជ្ញាធរ​ជាតិ​អប្សរា (រូបភាព ៖ គូលែន)