សិស្ស​អនុវិទ្យាល័យ​តាំង​យ៉​ចំនួន​៩៣​នាក់ ទទួល​ការបណ្តុះបណ្តាល​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ (១៩៧៥-១៩៧៩)

236
ចែករម្លែក

ដោយ​: សុង ថា​ណៃ បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​ភ្នំពេញ​:
កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា រៀបចំ​វេទិកា​ថ្នាក់រៀន ស្ដីអំពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ជា​លើក​ទី​២​នៅ​អនុវិទ្យាល័យ​តាំង​យ៉ ដែលមាន​ទីតាំងនៅ​ភូមិ​តាំង​យ៉ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស​ចំនួន​៩៣​នាក់ (​ស្រី​៤៣​នាក់​) និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​៣​នាក់ (​ស្រី​២​នាក់​)​។ វេទិកា​ថ្នាក់រៀន​នេះ បានរៀបចំ​ឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​ផ្នែក​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ដល់​សិស្សានុសិស្ស​។ សិស្សានុសិស្ស​រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ គឺ​ក្នុងន័យ​ផ្សះផ្សា អត់ឱន​អធ្យាស្រ័យ​យោគយល់​គ្នា និង​ការពារ​កុំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​កើតមានឡើង​ម្ដងទៀត​។​

លោក នី សុផល នាយក​សាលា​អនុវិទ្យាល័យ​តាំ​យ៉​

​លោក នី សុផល នាយក​សាលា​អនុវិទ្យាល័យ​តាំង យ៉ បានលើកឡើង​នៅក្នុង​វេទិកា​ថ្នាក់រៀន​ថា ខ្ញុំ​ពិតជា​សប្បាយរីករាយ និង​ពេញចិត្ត ដែល​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានរៀបចំ​វេទិកា​ថ្នាក់រៀន​នៅ​សាលា​អនុវិទ្យាល័យ​តាំង​យ៉​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​មាន​ឯកសារ​ដែល​អាច​ឲ្យ​ជឿទុកចិត្ត​បាន ដូច្នេះ​ការចែករំលែក​បទពិសោធ​ន៍​ពី​របប​ខ្មែរ​ក្រហ​កម​ដល់​ក្មេងជំនាន់ក្រោយ​ដែល​មិនបាន​ដឹង និង​ឆ្លងកាត់ ពិត​ជាមាន​សារសំខាន់ ដើម្បី​ឲ្យ​សិស្ស​ស្សានុសិស្ស​ចេះ​ស្រាវជ្រាវ​ស្វែងយល់​ពីរ​បប​ខ្មែរក្រហម ដែលជា​ប្រវត្តិសាស្ត្រ​មួយ​ទាមទារ​ឲ្យ​ក្មេងជំនាន់ក្រោយ​មាន​ត្រូវ​យល់ដឹង និង​ចងចាំ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ (១៩៧៥-១៩៧៩) ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​រស់នៅក្នុង​កងកុមារ​ដែ​ល​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុមគ្រួសារ​។ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើ​ការងារ ដូចជា ៖ កាប់​ដើម​ទន្ទ្រានខែត្រ​ដើម្បី​ធ្វើ​ជី​ដាក់​ស្រែ រើស​អាចម៍គោ និង​ឃ្វាលគោ​។ ក្រោយពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ខ្ញុំ​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​។ នៅ​ឆ្នាំ​១៩៨១ ខ្ញុំ​បាន​ចូលរៀន​ថ្នាក់ទីមួយ រហូត​ប្រឡង​ចូលរៀន​ធ្វើជា​គ្រូបង្រៀន​។ នៅ​ឆ្នាំ​២០១២ ខ្ញុំ​បាន​ផ្លាស់​មក​ធ្វើជា​នាយក​សាលា​អនុវិទ្យាល័យ​តាំង​យ៉ មក​សព្វថ្ងៃនេះ​។​

បរិវេណ​សាលា​អនុវិទ្យាល័យ​តាំង​យ៉ ស្តិ​ត​នៅក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​

​បន្ទាប់ពី​សិស្សានុសិស្ស​បំពេញ​តារាង​ស្ទាប់ស្ទង់​មតិ​មុន​វេទិកា​ថ្នាក់រៀន​, ឡើង​សរសេរ​នូវ​អ្វីដែល​ខ្លួន​បានដឹង និង​ចង់ដឹង​អំពី​របប​ខ្មែរក្រហម និង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​ស្តីពី​តំបន់​រំដោះ​ខ្មែរក្រហម​ឆ្នាំ​១៩៧៣ និង​កុមារ​កម្ពុជា​រួចមក លោក ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​របស់​ម​ជ្ឈ​ម​ណ្ឌ​ឯកសារ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​អំពី​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ឆ្លើយ​សំណួរ​ដែល​សិស្សានុសិស្ស​ចង់ដឹង​ពីរ​បប​នោះ​។ នៅ​ចុងបញ្ចប់​នៃ​វេទិកា​ថ្នាក់រៀន​សិស្សានុសិស្ស​បាន​បំពេញ​តារាង​ស្ទាបស្ទង់​មតិ​ម្តងទៀត ហើយ​បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​ក៏បាន​ចែក​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ចំនួន​៩៣​ក្បាល​ដល់​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។​

​គួ​ន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​១៦​ឆ្នាំ គឺជា​សិស្ស​ថ្នាក់​ទី​៩«A» នៃ​អនុវិទ្យាល័យ​តាំង​យ៉ បាន​និយាយថា ខ្ញុំ​ពិតជា​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​បុគ្គលិក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​បានមក​បង្រៀន​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​និង​សិស្ស​ដទៃទៀត​បាន​យល់​កាន់តែច្បាស់​ពី​របប​ដ៏​ជូរចត់​នេះ​។ ខ្ញុំ​ធ្លាប់បាន​ស្ដាប់​ជីតា​និយាយ​ពីរ​បប​ខ្មែរក្រហម​ថា សម័យ​នោះ​គ្មាន​សាលារៀន ហើយ​ការរស់នៅ​របស់គាត់​ជួប​ការលំបាក​យ៉ាងខ្លាំង ចំណែក​ប្រជាជន​ត្រូវបាន​សម្លាប់​ដោយ​គ្មាន​កំហុស​។ ការចូលរួម​វេទិការ​ថ្នាក់រៀន​របស់ខ្ញុំ​នៅថ្ងៃនេះ បានធ្វើ​ឲ្យ​ខ្ញុំ​នឹកឃើញ​ដល់​បទ​ពិ​សោ​ធិ៍​ជីតា​ដែលជា​ជនរងគ្រោះ និង​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​នេះ​។ នៅពេល​ស្ដាប់​រឿង​ជីតា​បាន​និយាយប្រាប់ ធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​អាណិត​ជីតា​យ៉ាងខ្លាំង​។ ទោះបីយ៉ាងណា ខ្ញុំ​មិន​ស្អប់​គុំកួន​ចំពោះ​កម្មាភិបាល​ខ្មែរក្រហម​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​សប្បាយចិត្ត និង​មាន​សេចក្ដី​អាណិត​ដល់​ជនរងគ្រោះ​ដែល​កម្មាភិបាល​ខ្មែរក្រហម​បានធ្វើ​បាប​។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ សាមគ្គី​គ្នា និង​ទប់ស្កាត់​កុំ​ឲ្យ​មាន​របប​នេះ​កើតឡើង​ម្ដងទៀត​។ ខ្ញុំ​សប្បាយចិត្ត​យ៉ាងខ្លាំង​នៅពេល​ឃើញ​ប្រជាជន​កម្ពុជា​ចេះ​អត់ឱន​ឲ្យ​គ្នា​។

ផ្ទះ​អ្នកភូមិ ស្ថិតនៅ​ភូមិ​តាំង​យ៉ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​

​ប្រាក់ លាងភា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ «A» នៃ​អនុវិទ្យាល័យ​តាំង​យ៉ បាន​រៀបរាប់ថា ខ្ញុំ​មាន​ឪពុកម្តាយ​ជា​អ្នកស្រុក​កំពង់ចាម និង​បាន​ចំណាក់ស្រុក​មក​រស់នៅ​ភូមិ​តាំង​យ៉​នៅ​ដើមឆ្នាំ​២០០០​។ វា​គឺជា​ឱកាសល្អ​សម្រាប់​ខ្ញុំ​ក៏ដូចជា​សិស្ស​ដ៏ទៃទៀត ដែល​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង បានមក​រៀបចំ​វេទិកា​ថ្នាក់រៀន​នេះ​ឡើង​។ វេទិកា​ថ្នាក់រៀន​នេះ បានធ្វើ​ឲ្យ​ខ្លួន​ខ្ញុំ និង​សិស្ស​ផ្សេងៗ​ទៀត​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ឈឺចាប់​របស់​ប្រជាជន​ខ្មែរ​ទាំងអស់ ហើយ​អាចជៀ​ងវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នេះ​ត្រឡប់មកវិញ​ម្តងទៀត​។ ខ្ញុំ​ធ្លាប់បាន​ស្តាប់​រឿងរ៉ាវ​របស់​ឪពុក​ខ្ញុំ​ដែល​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​។ ខ្ញុំ​មានចិត្ត​អាណិត​ឪពុក​របស់ខ្ញុំ​នៅពេល​ដឹងថា​គាត់​បាន​ឆ្លងកាត់​រឿង​រាវ​ដ៏​អាក្រក់ នេះ​។ ខ្ញុំ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ឲ្យ​រងទុក្ខវេទនា និង​ប្រជាជន​ស្លាប់​យ៉ាងច្រើន​។ ប៉ុន្តែ​ខ្ញុំ​មិនបាន​គុំកួន​កម្មាភិបាល​ខ្មែរក្រហម ឬ​ស្អប់ខ្ពើម​ចំពោះ​កូន​កម្មាភិបាល​ខ្មែរក្រហម​ទេ​។ តាមរយៈ​ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​គឺ​មានន័យថា​ឲ្យ​យើង​ចេះ​អធ្យាស្រ័យ​គ្នា និង​សាមគ្គី​គ្នា​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​របប​ដ៏​ឃោ​ឃៅ​នេះ​កើតឡើង​ជាថ្មី​ម្ដងទៀត​។​

ប្រវត្តិ​ភូមិ​តាំង​យ៉ និង អនុវិទ្យាល័យ​តាំង​យ៉​
​ភូមិ​តាំង​យ៉ (​ភូមិ​ស្រែ​តាំង​យ៉​) ត្រូវបាន​អ្នកភូមិ ឬ​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ចំណុច​តាំង​យ៉​និយាយ​តៗ​គ្នា​ថា កាលពីមុន​មាន​បុរស​ម្នាក់​ដែលជា​ជនជាតិភាគតិច​មានឈ្មោះ តា​តាំង (​មាន​ប្រជាជន​ខ្លះ​បាន​លើកឡើងថា តា​តាំង គឺជា​ជនជាតិ​ចិន​) ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ម្នាក់​តែងតែ​ទទួលយក​ដីស្រែ​ដែល​អ្នកភូមិ​ជា​ជនជាតិ​ព័រ និង​ជង​ខ្នងភ្នំ​ដាក់បញ្ចាំ​។ ក្រោយមក​អ្នកភូមិ​មិនមាន​ប្រាក់​បង់​រំ​លួស​បំណុល ហើយ​ដីស្រែ​ទាំងអស់​បានក្លាយ​ជា​កម្ម​សិទ្ធិ​របស់ តា​តាំង​។ បន្ទាប់ពី តា​តាំង បាន​ស្លាប់ទៅ ជនជាតិ​ព័រ និង​ជង​ខ្នងភ្នំ​បាន​ត្រឡប់មក​រស់នៅក្នុង​តំបន់​នេះ​វិញ​ដោយបាន​ដាក់ឈ្មោះថា​ភូមិ​ស្រែ​តាំង​យ (​តាំង ជា​ឈ្មោះ​របស់​តា​តាំង​ហើយ​អក្សរ ”​យ​” គឺ​មកពី​អ្នកភូមិ​យក​ដីស្រែ​ទៅ​បញ្ចាំ​នឹង​តា​តាំង ហើយ​តា​តាំង​បាន​ទទួលយក​ដីស្រែ​ទាំងអស់នោះ​)​។ រយៈពេល​បាន​កន្លងទៅ យូ​ទៅៗ ពាក្យ ”​យ​” ក៏បាន​ក្លាយទៅជា​ពាក្យ «​យ៉​» វិញ​។ បន្ទាប់មក​អ្នកភូមិ​ក៏បាន​ហៅ​កម្លា​យ​កាត់​ពី​ឈ្មោះ​ភូមិ​ស្រែ​តាំង​យ៉ មកជា​ភូមិ​តាំង​យ៉​រហូតមកដល់​សព្វថ្ងៃ​។

សិស្ស ឡើង​សួរ​សំណួរ​ក្នុង​វេទិកា​ថ្នាក់រៀន កាលពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩

​បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់​នៅក្នុង​ឆ្នាំ​១៩៩៨ មាន​ប្រជាជន​ប្រមាណ​ជា​២០​គ្រួសារ​បានមក​រស់នៅ​ក្នុងភូមិ​តាំង​យ៉​។ នៅ​ឆ្នាំ​២០០០ អ្នកភូមិ​បានស្នើ​សុំ​ជំនួយ​អង្គការ​បារាំង​ឈ្មោះ អាកា​មី ដើម្បី​សាងសង់​សាលាបឋមសិក្សា​តាំង​យ៉ ដែលមាន​អាគារ​មួយ​ខ្នង​សម្រាប់​កូនចៅ​បាន​រៀនសូត្រ​។

​នៅ​ឆ្នាំ​២០០៨ ប្រជាជន​បាន​បន្ត​ស្នើសុំ​ឯកឧត្តម ស៊ុយ សែម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តពោធិ៍សាត់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​សាងសង់​អគារ​មួយ​ខ្នង​ទៀត​មាន​ចំនួន​៥​បន្ទប់ ដើម្បី​បង្កើតជា​អនុវិទ្យាល័យ​តាំង​យ៉​។ សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​តាំង​យ៉ មាន​ផ្ទៃដី​សរុប​ចំនួន​១១​ហិកតា​។ ផ្ទៃដី​សាលារៀន​នេះ គឺជា​អតីត​បន្ទាយ​នៃ​កងទ័ព​វៀតណាម និង​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​គ្របដណ្តប់​ទៅដោយ​រណ្ដៅ​ត្រង់​សេ និង​គ្រាប់មីន​ជាច្រើន​គ្រាប់ ដែល​កងទ័ព​បាន ដាក់​ការពារ​បន្ទាយ​របស់ខ្លួន​។ នៅក្នុង​បរិវេណ​សាលា​ក៏មាន​ផ្នូរ​សាកសព​កងទ័ព​ជាច្រើន​ដែល​បាន​កប់​នៅ​អំឡុង​សង្គ្រាម​រវាង​កងទ័ព​វៀតណាម​ដែល​សហការ​ជាមួយ​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​វាយ​ប្រឆាំងនឹង​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​ដើមឆ្នាំ​១៩៩០​។

លោក ឡុង ដា​នី និង​កូនសិស្ស​ថតរូប​ជុំគ្នា​បន្ទាប់ពី​ចប់​វេទិកា​ថ្នាក់រៀន​

​បន្ទាប់ពី​សាងសង​រួចរាល់​នៅ​ឆ្នាំ​២០១២ អនុវិទ្យាល័យ​តាំង​យ៉​មាន​ថ្នាក់រៀន​តែមួយ​បន្ទប់ គឺ​ថ្នាក់​ទី​៧ និង​មាន​គ្រូបង្រៀន​ចំនួន​៣​នាក់ ប្រុស​២​នាក់ ប្រុស​១​នាក់ ក្នុងនោះ​មាន​គ្រូ​ប្រវត្តិវិទ្យា​ម្នាក់​។ អនុវិទ្យាល័យ​តាំង​យ៉​ចាប់ផ្ដើម​បង្រៀន​បាន​ប្រហែល​២​ខែ​ក៏ត្រូវ​ផ្អាក ដោយមាន​ហេតុការណ៍​អរូបី​ចម្លែក​មួយ គឺ​ករណី​ខ្មោច​ចូល​ស​ន្ទិ​ត​ក្នុង​ខ្លួន​កូនសិស្ស​ស្រី​ម្នាក់ ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​សិស្ស​ដ៏ទៃទៀត និង​បាន​ឈប់​មក​សាលារៀន​។ ថ្នាក់ដឹកនាំ​សាលា​ក៏បាន​សម្រេច​បិទទ្វារ​សាលា​ជា​បណ្ដោះអាសន្ន​។ នៅ​ឆ្នាំ​សិក្សា​២០១៣-២០១៤ សាលា​អនុវិទ្យាល័យ​តាំង​យ៉​បាន​ដំណើរការ​វិញ ដោយមាន​សិស្ស​ថ្នាក់​ទី​៧ ចំនួន​៦១​នាក់ (​ស្រី​៤១​នាក់​) ដោយមាន​លោក នី សុផល ជា​នាយក​សាលា​។ បន្ទាប់មក លោក​សុផល បានដាក់​ស្នើ​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា សាងសង់​អគារ​មួយ​ខ្នង​ទៀត មាន​៥​បន្ទប់​។
​នៅ​ឆ្នាំ​សិក្សា​២០១៤-២០១៥ ចំនួន​សិស្សានុសិស្ស​បាន​កើនឡើង ដោយមាន​សិស្ស​សរុប​ចំនួន​៨៦​នាក់ (​ស្រី​៥១​នាក់​) បាន​រៀន​នៅ​ថ្នាក់​ទី​៧ និង​ថ្នាក់​ទី​៨ និង​មាន​គ្រូបង្រៀន​ចំនួន​៥​នាក់ ប្រុស​១​នាក់ និង​ស្រី​៤​នាក់​។ ឆ្នាំ​សិក្សា​២០១៥-២០១៦ មាន​សិស្ស​សរុប​ចំនួន​៨៦​នាក់ (​ស្រី​៥៦​នាក់​) និង​មាន​ចំនួន​៣​ថ្នាក់ គឺ​ថ្នាក់​ទី​៧ ចំនួន​២​បន្ទប់​, ថ្នាក់​ទី​៨ ចំនួន​១​បន្ទប់ និង​ថ្នាក់​ទី​៩ ចំនួន​១​បន្ទប់​។ នៅ​ឆ្នាំ​សិក្សា ២០១៦-២០១៧ មាន​សិស្ស​សរុប​ចំនួន​៩៦​នាក់ (​ស្រី​៥៧​នាក់​) និង​ឆ្នាំ​សិក្សា ២០១៧-២០១៨ មាន​សិស្ស​ចំនួន​១១៩​នាក់ (​ស្រី​៦៣​នាក់​)​។ នៅ​ឆ្នាំ​២០១៨-២០១៩ នេះ​មាន​សិស្ស​សរុប​ចំនួន​១២៩​នាក់ (​ស្រី​៥៦​នាក់​) និង​គ្រូបង្រៀន​៧​នាក់ (​ស្រី​២​នាក់​)៕ ល​