កាសែត Khaleej Times បានរាយការណ៍ថា សិស្សប្រហែល១លាននាក់នៅប្រទេសឥណ្ឌាបានចូលរួមប្រឡងរវាងខែកុម្ភៈនិងខែមីនា ហើយសិស្សប្រហែល ៣៥០.០០០នាក់បានធ្លាក់ ដែលជំរុញឱ្យឪពុកម្តាយក្រុមសិស្សនិងក្រុមគណបក្សនយោបាយជាច្រើនធ្វើការតវ៉ា។
សិស្ស២០នាក់ បានធ្វើអត្តឃាតនៅប្រទេសឥណ្ឌា ចាប់តាំងពីគណៈកម្មការអប់រំកម្រិតមធ្យម(BIE)នេះ បានប្រកាសពិន្ទុប្រឡង កាលពីសប្តាហ៍មុន។ នេះបើយោងតាមកាសែតKhaleej Times ។
កាសែតនេះបាននិយាយថា ការប្រកាសនេះនាំឲ្យមានប្រតិកម្មដ៏ចម្រូងចម្រាសព្រោះមានភាពមិនត្រឹមត្រូវនៅក្នុងលទ្ធផល ហើយការធ្វើអត្តឃាតជាបន្តបន្ទាប់បានកើតឡើងក្នុងចំណោមសិស្សទាំងនោះ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ឪពុកម្តាយបានស្តីបន្ទោសការធ្វើអត្តឃាតនេះទៅលើក្រុមហ៊ុនGlobarena Technologies Private Ltd ដែលបានបង្កើតកម្មវិធីសូហ្វវ៉ែ(software) ដែលត្រូវបានប្រើប្រាស់សម្រាប់ការចូលមើលឈ្មោះ ការត្រៀមប្រឡងនិងមើលលទ្ធផលប្រឡង។
កាសែតនេះ បានរាយការណ៍ថា កាលពីថ្ងៃទី២៥ខែមេសា អភិបាលរដ្ឋតេឡាន់ហ្កាណា លោកK. Chandrashekhar Rao បានអំពាវនាវពិនិត្យមើលដោយផ្ទៀងផ្ទាត់ក្រដាសប្រឡងនិងបូកពិន្ទុឡើងវិញរបស់សិស្សទាំងអស់ ដែលបានប្រឡងធ្លាក់ ។
លោកក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនេះ ហើយបានអំពាវនាវដល់សិស្សកុំឱ្យធ្វើអត្តឃាត ដោយសង្កត់ធ្ងន់ថា ការប្រឡងកម្រិតមធ្យម(សាលាមធ្យមសិក្សា)ធ្លាក់នេះមិនមានន័យបញ្ចប់នៃជីវិតនោះទេ៕ដោយ៖សុខា/sn/Ha