ឥណ្ឌូនេស៊ី​បន្ត​ការស្វែងរក​សាកសព​ជនរងគ្រោះ​ពី​ការធ្លាក់​យន្តហោះ​៣​ថ្ងៃ​ទៀត​

2531
ចែករម្លែក

ឥណ្ឌូនេស៊ីនឹងបន្តការស្វែងរកសាកសពអ្នកដំណើររបស់យន្តហោះដែលធ្លាក់Lion Airចំនួន៣ថ្ងៃទៀត នេះបើតាមមន្រ្តីម្នាក់បានបញ្ជាក់ប្រាប់កាលពីថ្ងៃពុធទី៧វិច្ឆិកានៅពេលអាជ្ញាធរព្យាយាមសំគាល់អត្តសញ្ញាណជនរងគ្រោះដែលត្រូវបានរកឃើញ។

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Lion Airដែលចេញពីក្រុងហ្សាការតាទៅកាន់ក្រុងប៉ាងកាល់ ពីណាង កាលពី១០ថ្ងៃមុនបានធ្លាក់ចូលក្នុងសមុទ្រ ក្រោយចេញដំណើរបានបន្តិចដោយសម្លាប់មនុស្សទាំង១៨៩នាក់នៅក្នុងយន្តហោះ។

ក្រុមអ្នកស្វែងរកបានស្រង់បំណែកសាកសពដាក់ចូលក្នុងថង់១៨៦ តែមានតែសាកសពជនរងគ្រោះ៤៤នាក់គត់ដែលគេអាចស្គាល់អត្តសញ្ញាណតាំងពីមុនមក។

កាលពីថ្ងៃអង្គារ អ្នកកាន់មរណទុក្ខរាប់រយនាក់បានធ្វើដំណើរតាមនាវានៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី ដើម្បីទៅដាក់កម្រងផ្កានិងបាចផ្កាចូលក្នុងសមុទ្រ ជិតកន្លែងធ្លាក់យន្តហោះ។

សូមបញ្ជាក់ថា ពួកអ្នកមុជទឹកបានស្រង់យកបានម៉ាស៊ីន កង់និងប្រអប់ខ្មៅមួយរបស់យន្តហោះ តែប្រអប់ខ្មៅមួយទៀតនៅត្រូវគេកំពុងតាមរកនៅឡើយ។

របាយការណ៍ដំបូងស្តីពីមូលហេតុនៃការធ្លាក់យន្តហោះនេះត្រូវរំពឹងថានឹងចេញនៅចុងខែនេះ។

គណៈកម្មាធិការសុវត្ថិភាពគមនាគមន៍ជាតិឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ប្រអប់ខ្មៅដែលថតទិន្នន័យហោះហើរ បានបង្ហាញថា ទ្រនិចល្បឿនរបស់យន្តហោះមិនដំណើរការនៅក្នុងការហោះ៤ជើងចុងក្រោយ រួមទាំងជើងដែលធ្លាក់នេះផងដែរ។

យន្តហោះនៃជើងហោះហើរJT610 នេះបានបង្កើនល្បឿននៅពេលវាធ្លាក់រយៈកំពស់ និងបន្ទាប់មកបាត់ពីរ៉ាដាតែម្តងក្រោយចេញដំណើរបានប៉ុន្មាននាទី៕ដោយ៖វាសនា

អ្នកស៊ើបអង្កេតបានស្រង់ម៉ាស៊ីន កង់និងប្រអប់ខ្មៅមួយរបស់យន្តហោះ