សិស្ស និស្សិត ជាង ៨០០​នាក់ ចូលរួម​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី

464
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
រៀបចំឡើង​ដោយ​ស្ថាប័ន​អប់រំ IDP កម្ពុជា កម្មវិធី​ពិរ​ព័​ណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី បាន​នាំ​ស្ថាប័ន​អប់រំ​ប្រមាណ​៤៤ មកពី​ប្រទេស​អូស្ត្រាលី​មកកាន់​ប្រទេស​កម្ពុជា​។ ពិព័រណ៍​អប់រំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ដើម្បី​ផ្តល់​ការប្រឹក្សា​ផ្ទាល់ និង​បង្ហាញ​នូវ​ជម្រើស​សិក្សា​នានា​នៅ​ប្រទេស​អូស្ត្រាលី​ទៅកាន់ សិស្ស និស្សិត​កម្ពុជា ក៏ដូចជា​មាតាបិតា​របស់​ពួកគេ​ផងដែរ​។​

IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា និង​អាមេរិក ជាមួយនឹង​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។​

​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា​«​ជាច្រើន​ទសវត្សរ៍​មកហើយ ដែល​ប្រទេស​អូស្ត្រាលី​ជា​ទិសដៅ​សិក្សា​មួយ​ដែលមាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុជា ដើម្បីឱ្យ​ពួកគេ​ជ្រើសរើស​ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​អាជីព​ដែល​ពួកគេ​ប្រាថ្នា នៅពេល​ពួកគេ ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​ប្រទេស​អូស្ត្រាលី​ផ្តល់ឱ្យ​សិស្ស និស្សិត​នូវ​ការអប់រំ​ប្រកបដោយ​ស្តង់ដា​ពិភពលោក​គ្រប់​កម្រិត និង​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​» ។

​ក្នុងការ​កម្ម​វី​ធី​បើកសម្ពោធ​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី លោកស្រី Angela Corcoran អគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​«​សិស្ស និស្សិត​ខ្មែរ​មានបំណង​ចង់ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ពីព្រោះ ពួកគេ​បានដឹង និង​ជឿជាក់​ទៅលើ​គុណភាព​ដែល​ពួកយើង​បាន​ផ្តល់អោយ ដែលមាន​ស្តង់ដារ​លំដាប់​ពិភពលោក មិន​ត្រឹមតែ​ប៉ុណ្ណោះ​គុណភាព​សិក្សា​នេះ​ត្រូវបាន​ផ្តល់អោយ​ជាមួយនឹង​ទីក្រុង​ដែលមាន​ភាពសម្បូរ​បែប ទីតាំង​ដែលមាន​ទេសភាព​គួរអោយ​ទស្សនា និង​វប្បធម៌​ចម្រុះ​ជាច្រើន​សណ្ឋាន » ។

​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី គឺជា​វេទិកា​ការសិក្សា​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​អប់រំ​អូស្ត្រាលី​ជាច្រើន និង​មាន​សិស្ស​និស្សិត និង​អាណាព្យាបាល​ច្រើនជាង ៨០០ នាក់ បានមក​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​ស្ថាប័ន​អប់រំ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ព័ត៌មាន​អំពី​ជម្រើស​សិក្សា​គ្រប់​កម្រិត​ចាប់ពី​ថ្នាក់​វិទ្យាល័យ ថា្នក់​អប់រំ​វិជ្ជាជីវៈ​វគ្គ​ខ្លី និង​កម្មវិធីសិក្សា​ថ្នាក់​សាកលវិទ្យាល័យ ក៏ដូចជា​ព័ត៌មាន​អំពី​អាហារូបករណ៍​ដែល​ពាក់ព័ន្ធ និង​តម្រូវការ​ទិដ្ឋាការ​ផ្សេងៗ​។ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់ប្រាក់​ទេ​។​

​លោកស្រី​បាន​បន្ថែមថា​៖​ការអប់រំ​របស់​ប្រទេស​អូស្ត្រាលី​មិន​ធ្លាប់មាន​សក្តានុពល​នៅ​ប្រទេស​កម្ពុជា​ខ្លាំង​យ៉ាងនេះ​ពីមុនមក​នោះទេ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​នៅតែ​ជា​ទិសដៅ​សម្រាប់​បន្ត​ការសិក្សា​ដ៏​មាន ប្រជាប្រិយភាព​របស់​សិ​ស្ស និស្សិត​ខ្មែរ​។​ក្នុង​កំឡុង​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៧-២០១៨ ទិដ្ឋាការ​សិស្ស និស្សិត​ចំនួន ៤២២ ៩៥៩ បានផ្តល់​ជូន​ឱ្យ សិស្ស និស្សិត​កម្ពុជា​ដោយ ក្រសួងមហាផ្ទៃ​ប្រចាំ​ក្នុង​ស្ថានទូត​អូស្ត្រាលី ច្រើនជាង ១១.៣ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​យុវតី ញ៉ែម សិរីមតី ដែល​បាន​ចូលរួម​ការតាំងពិព័រណ៍​នេះ បាន​និយាយថា​«​ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយរីករាយ​ណាស់​ដែល​បានមក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​អូស្ត្រាលី​ក្នុងថ្ងៃនេះ​។ ខ្ញុំ​បាន​ជួប​ជាមួយនឹង​អ្នកតំណាង​សាកលវិទ្យាល័យ និង​ស្ថាប័ន​អប់រំ​មកពី​ប្រទេស​អូស្ត្រាលី​ជាច្រើន និង​បានទទួល​នូវ​ការប្រឹក្សា​យ៉ាង​ក្បោះក្បាយ​ទៅលើ​ចម្ងល់​របស់ខ្ញុំ​ទៀតផង​»​។

​ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សំរាប់​ការបណ្តុះបណ្តាល (ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។​មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ចូលរួម ផ្តល់​ប្រឹក្សា​ពី​តេស្ត IELTS និង​បានដាក់​អោយប្រើ​ប្រាស់​សាកល្បង​ប្រព័ន្ធ​តេស្ត​IELTS តាម​កុំព្យូទ័រ ដល់​សិស្ស និស្សិត​ដែលមាន​បំណង​ចង់​សាកល្បង​ផងដែរ​។​

​ជាមួយនឹង​ប្រព័ន្ធ​ថ្មី​នេះ សាធារណជន​អាចធ្វើ​ការជ្រើសរើស​ធ្វើតេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer-delivered IELTS)​។ តេស្ត IELTS តាម​ប្រព័ន្ធ​កុំព្យូទ័​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ក្លាយជា​ជម្រើស​តេស្ត​ងាយស្រួល​ដែល ធ្វើឱ្យ​តម្រូវការ​តេស្ត​IELTS កើនឡើង​ជុំវិញ​ពិភពលោក ក៏ដូចជា​ធ្វើអោយ​បេក្ខជន​ប្រលង មាន​សមត្ថភាព​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ដែល​កំពុង​រីកចម្រើន​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​តេស្ត​អន្តរជាតិ IELTS តែមួយគត់​នៅ​កម្ពុជា ស្ថាប័ន​អប់រំ IDP​មាន​ក្តីរំភើប​រីករាយ​ដែល​អាច​ផ្តល់​បទពិសោធ​ថ្មី​នេះ​ដល់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​បំណង​ប្រលង​តេស្ត IELTS​សម្រាប់​ការសិក្សា ការងារ​និង​ចំណាកស្រុក​៕ ល​

#