សីតុណ្ហភាព​នៅលើ​ភព Kelt-9b ដែល​ទើប​រកឃើញ មាន​ដល់​ទៅ ៤៣២៧ អង្សា ដល់​ថ្នាក់​ចំហាយ​ដែក​និង​ទី​តានី​ម​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច​

1924
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​លាតត្រដាង​ថា សីតុណ្ហភាព​នៅលើ​ភព Kelt-9b ក្តៅ​ជាងគេ​បំផុត ដែល​មិន​ធ្លាប់​រកឃើញ​ពីមុនមក អាច​កើន​ដល់ ៤៣២៧ អង្សា​។​

​សីតុណ្ហភាព​លើ​ភព​នេះ​មាន​សភាព​ក្តៅ​ខ្លាំង​រហូតដល់​ថ្នាក់​ចំហាយ​ដែក​និង​ទី​តានី​ម​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច​នៅក្នុង​បរិយាកាស ដែលជា​ធម្មតា​ត្រូវគេ​សង្កេតឃើញ​មានតែ​នៅក្នុង​ផ្កាយ​ប៉ុណ្ណោះ​។​

​ដោយមាន​ឈ្មោះថា KELT-9b ភព​ដ៏​ក្តៅ​នេះ​មាន​ទំហំ​ធំ​ជាង​ភព​ព្រហស្បតិ៍​ដល់​ទៅ ៣ ដង ប៉ុន្តែ​មាន​កំហាប់​ស្មើ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ដែល​អនុញ្ញាតឱ្យ​ចំហាយ​លោហៈធាតុ​ធ្ងន់ៗ​អាចបង្កើត​ចេញ​ជា​ពន្លឺ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បានចេញ​ផ្សាយ​ការរកឃើញ​របស់​ពួកគេ​នៅក្នុង​ទស្សនា​វ​ដ្តី Nature និង​បាន​ពណ៌នា​អំពី “​មន្ទីរពិសោធន៍​ពិសេស​តែមួយគត់​ដើម្បី​វិភាគ​ពី​របៀប​ដែល​បរិយាកាស​អាច​វិ​វត្ដ​នៅក្រោម​វិទ្យុសកម្ម​ដ៏​ខ្លាំងក្លា​”​។​

​សីតុណ្ហភាព​នៅលើ​ភព KELT-9b ឈានដល់​កម្រិត​ខ្ពស់បំផុត​បែបនេះ ដោយ​ធ្វើឱ្យ​វា​ក្តៅ​ជាង​ផ្កាយ​មួយចំនួន​ទៅទៀត​។​

​កម្តៅ​មិនគួរ​ឱ្យ​ជឿ​នេះ​កើតឡើង​ដោយសារ​ព្រះអាទិត្យ​របស់​វា​ឈ្មោះ KELT មាន​សីតុណ្ហភាព​ប្រហែល ១០.០០០ អង្សា ហើយ​ភព​ដ៏​ធំ​សម្បើម​នេះ​គឺ​ស្ថិតនៅ​ជិត​ព្រះអាទិត្យ​របស់​វា​ដល់​ទៅ ៣០ ដង បើ​ធៀប​នឹង​ផែនដី​កៀក​ទៅនឹង​ព្រះអាទិត្យ​។​

​ដោយសារតែ​វា​នៅ​ជិត​ព្រះអាទិត្យ​បែបនេះហើយ​ទើប​ធ្វើឱ្យ​ភព​នេះ​ចំណាយពេល ៣៦ ម៉ោង​ទើប​វិល​បាន​មួយ​ជុំ និង​ក្តៅ​ជាង​ផ្កាយ​មួយចំនួន​៕ ដោយ៖ កញ្ញាដាលីស

សីតុណ្ហភាព​នៅលើ​ភព KELT-9b អាចឈាន​ដល់ ៤៣២៧ អង្សា