សឺ​ជី​អូ រ៉ា​ម៉ូ​ស កំពុង​ពិចារណា​ចាក​ចេញពី​ក្លឹប Real Madrid

782
ចែករម្លែក

សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) កំពុង​ពិចារណា​ចាក​ចេញពី​ក្លឹប Real Madrid នៅ​រដូវ ក្តៅ​នេះ នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​
​ ​
ប្រធាន​ក្រុម​រូបនេះ បាន​ត្រៀមខ្លួន​បញ្ចប់​អាជីព​នៅ​ពហុកីឡាដ្ឋាន Bernabeu បន្ទាប់ពី ចំណាយពេល​១៤​ឆ្នាំ​នៅ​រដ្ឋធានី​អេ​ស្ប៉ា​ញ​នេះ​។​
​ ​
ក្រុម Real Madrid ធ្វើ​មិនសូវ​បានល្អ​ទេ​ក្នុង​យុទ្ធនា​ការលើក​នេះ ហើយ​ក្លឹប​នេះ​បាន បណ្តេញ​គ្រូបង្វឹក​ពីររូប​គឺ​លោក ជូ​ឡេ​ន ឡូ​ប៉េ​តេ​ហ្គី (Julen Lopetegui) និង​សាន​ទី​យ៉ា ហ្គោ សូ​ឡា​រី (Santiago Solari) ។​
​ ​
​ការចាកចេញ​របស់លោក សូ​ឡា​រី បាន​កើតមាន​ត្រឹម​មួយ​សប្តាហ៍ ក្រោយពី​ក្រុម Barcelona បាន​ទម្លាក់​ក្រុម Real ចេញពី​ការប្រកួត​ក្របខណ្ឌ Copa del Rey និង​ការ ប្រជែង​យកពាន​ជើងឯក​លី​ក​។ ក្រុម Real បន្ត​បរាជ័យ​ដោយសារ​ក្រុម Ajax នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។​
​ ​
ក្រុម​ហូ​ឡង់​មួយ​នេះ​បាន​យកឈ្នះ​ក្រុម Real Madrid ៤-១ នៅ​ពហុកីឡាដ្ឋាន Bernabeu ដែល​ធ្វើ​ឲ្យ​លទ្ធផល​សរុប ៦-៣ នៅ​វគ្គ​ជម្រុះ​១៦​ក្រុម​ចុងក្រោយ ស្របពេល រ៉ា​ម៉ូ​ស ខកខាន​មិនបាន​លេង ដោយសារ​ជាប់​ពិន័យ​បន្ទាប់ពី​មាន​ចេតនា​ទទួលយក​កាត​លឿង នៅក្នុង​ការ ប្រកួត​ជើង​ទី​១ ដែល​ពេលនោះ Real Madrid ឈ្នះ​២-១ ។​
​ ​
​រ៉ា​ម៉ូ​ស បាន​សារភាព បន្ទាប់ពី​ក្រុម Real Madrid ខ្ទាត​ចេញពី​ក្របខណ្ឌ​នេះ​ថា វា​គឺជា កំហុស​មួយ ហើយ​ខ្ញុំ​នឹង​ទទួលយក​ការស្តីបន្ទោស​២០០​ភាគរយ​”​។​
​ ​
​ប្រធាន​ក្លឹប ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) បាន​ហៅ រ៉ា​ម៉ូ​ស ថា មិនគួរ​ឲ្យ​គោរព សោះ ហើយ​អ្នក​ទាំងពីរ​ចាប់ផ្តើម​មាន​ជម្លោះ​តែម្តង​។​
​ ​
​តាម​ព័ត៌មាន​ថា រ៉ា​ម៉ូ​ស បាន​រិះគន់​ប្រធាន​ក្លឹប​រូបនេះ​វិញ ដោយ​ចោទប្រកាន់​លោក ផេ​រ៉េ​ស ជុំវិញ​បញ្ហា​នាពេល​បច្ចុប្បន្ន ថា ជា​កំហុស​របស់លោក​ផ្ទាល់ ដោយ​ប្រកាសថា ផែនការ​របស់លោក ផេ​រ៉េ​ស សម្រាប់​យុទ្ធនាការ​នេះ​មិនទាន់​ដល់​កម្រិតស្តង់ដារ​នោះទេ ហើយ​អះអាងថា “​បង់លុយ​ឲ្យ​ខ្ញុំ​មក ខ្ញុំ​នឹង​ចាកចេញ​”​។​
​ ​
​ជម្លោះ​នេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​ប្រែជា​ស្រអាប់ ហើយ​ឈានដល់​ការ សម្រេចចិត្តថា ការផ្ទេរ​ចេញ​ណាមួយ​នោះ នឹង​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ទាំងសងខាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​