សុក្រឹតភាព​នៃ​បញ្ជី​បោះឆ្នោត​គឺ​ចាំបាច់​សម្រាប់​អ្នកបោះឆ្នោត​ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ​

636
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​។ ជា​លទ្ធផល​គិត​ត្រឹម​ម៉ោង ១៨:០០​នាទី ប្រជាពលរដ្ឋ​គ្រប់​អាយុ ១៨​ឆ្នាំ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៩​មាន​ចំនួន​១០៨.០៣៤​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ចំនួន ៣៧២.៦២៨ នាក់ ដែល​ស្មើនឹង ២៨.៩៩​ភាគរយ​។

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​។ គ​.​ជ​.​ប បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី មាន​ចំនួន ៤២.៤៤៣ នាក់ កែតម្រូវ ២.០០៦ នាក់ និង​ផ្ទេរ​ចូល ១៩.០៨៣ នាក់​។ តួលេខ​ទាំងអស់នេះ គ្រាន់តែ​ជា​លទ្ធផល​បណ្តោះអាសន្ន​តែប៉ុណ្ណោះ​។​

​គ​.​ជ​.​ប​បាន​បញ្ជាក់ថា​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​នេះ​មានការ​ចូលរួម​តាមដាន​និង​សង្កេតមើល​យ៉ាង​យកចិត្តទុកដាក់​ពី​គណបក្សនយោបាយ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ក្នុងនោះ​រួមមានៈ​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ភ្នាក់ងារ​ចំនួន​១.៩៨៦​នាក់​។​អង្គការ​សុខភាព​ផ្លូវចិត្ត​បែប​បុរាណ​និង​សម័យ​បានដាក់​អ្នកសង្កេតការណ៍​ចំនួន​១៦​នាក់​អង្គការ​ខុមហ្វ្រែល​បានដាក់​អ្នកសង្កេតការណ៍​ចំនួន​៨​នាក់​ប៉ុន្តែ​កំពុង​ត្រួតពិនិត្យ​លើ​ពាក្យស្នើសុំ​។​​

គ​.​ជ​.​ប​បាន​បន្តទៀតថា​ទិន្នន័យ​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ដោយ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត​និង​បញ្ជី​បោះឆ្នោត​។​តើ​បញ្ជី​បោះឆ្នោត​ដែល​បានធ្វើ​បច្ចុប្បន្នភាព​មាន​សុក្រឹតភាព​បែបណា​ដើម្បី​ធានាថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​មានឈ្មោះ​តែមួយគត់​ក្នុង​បញ្ជី​បោះឆ្នោត​។​
ការ​លុបចេញ​និង​ការផ្ទេរ​ឈ្មោះ​ចូលក្នុង​បញ្ជី​បោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ​និង​ច្បាស់លាស់​បែបណា​?​ដោយមាន​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ជប៉ុន​លើ​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត​និង​បញ្ជី​បោះឆ្នោត ការផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នកបោះឆ្នោត​មាន​ពីរ​របៀបៈ

​ទី​១.​នៅពេល​ទទួលបាន​ទិន្នន័យ​នៃ​អ្នកបោះឆ្នោត​ភ្លាម​ទិន្នន័យ​ទាំងនោះ​នឹងត្រូវ​បាន​ផ្ទៀងផ្ទាត់​ជា​ស្វ័យប្រវត្តិ​ដោយ​ម៉ាស៊ីន​ជាមួយនឹង​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ​។​ទី​២.​នៅពេលដែល​ម៉ាស៊ីន​ច្រានចោល​ទិន្នន័យ​ដែល​ពុំមាន​ឬ​ខុសពី​ប្រព័ន្ធ​ទិន្នន័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ​ការផ្ទៀងផ្ទាត់​ទិន្នន័យ​។​

​ត្រូវធ្វើឡើង​ដោយ​ការី​ផ្ទៀងផ្ទាត់​ផ្អែកទៅលើ​ទិន្នន័យ​និង​រូបថត​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​របស់​សាមីខ្លួន​ដែល​បញ្ជូន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដោ​យគ.ជ​.​ប​មានន័យថា​ត្រូវធ្វើឡើង​ដោយផ្ទាល់​ភ្នែក​របស់​ក្រុមការងារ​ជាច្រើន​ក្រុម​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត​និង​បញ្ជី​បោះឆ្នោត​រួចហើយ​នឹងត្រូវ​ត្រួតពិនិត្យ​ជា​ចុងក្រោយ​ម្តងទៀត​ដោយ​ក្រុមការងារ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប ។

​ក្នុងករណី​នៅ​សេសសល់ លំអៀង​តិចតួច ដែល​ជៀស​មិន​ផុត គ​.​ជ​.​ប បាន​សហការ​ជាមួយ​អង្គការ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​(COMFREL)​ដូច​កាលពី​ឆ្នាំ​២០១៨​ដើម្បី​កែតម្រូវ​ទិន្នន័យ​ប្រសិនបើ​រកឃើញ​កំហុសឆ្គង​ដើម្បី​ធានាបាន​សុក្រឹតភាព​នៃ​បញ្ជី​បោះឆ្នោត​។​លើសពីនេះ​ទៀត​ប្រសិនបើ​មាន​កញ្ចប់​ថវិកា​ក្នុង​ផែនការ​ថវិកា​គ​.​ជ​.​ប​នឹង​ជួល​ក្រុមហ៊ុន​ឯករាជ្យ ដើម្បី​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត​។

​ប្រជាពលរដ្ឋ​គ្រប់រូប​ក៏​អាច​ចូលរួម​បានដែរ​ដោយ​គ្រាន់តែ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​តាមរ​យៈ​អាសយដ្ឋាន www.voterlist.kh ដែល​បង្ហោះ​នៅលើ​គេហទំព័រ គ​.​ជ​.​ប និង​តាមរយៈ Voterlist KH (App) ហើយ​បើ​ឃើញ​ខុសឆ្គង​អាច​ស្នើសុំ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​កែតម្រូវ​បាន​ភ្លាមៗ​។​សុក្រឹតភាព​នៃ​បញ្ជី​បោះឆ្នោត​គឺជា​ការចាំបាច់​សម្រាប់​អ្នកបោះឆ្នោត​ដែល​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ឬ​តំណាង​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​មួយ​លើកៗ ៕S/​