សុខ ពិសី ចេញមុខ​ជួយ​ឧ​ប​ត្ត​ម្ភ​លុយ​ពីរពាន់​ដុល្លារ ក្នុង​យុទ្ធនាការ​ទប់ស្កាត់​កូ​វីដ​-១៩

88
ចែករម្លែក

ភ្នំពេញ​៖ ខណៈពេល​នេះ​ជំងឺ​កូ​វីដ​-១៩ (Covid-19) កំពុងតែ​រាតត្បាត​ជា​បន្ដបន្ទាប់ នៅក្នុង ប្រទេស​កម្ពុជា​យើង ដែល​សរុប​មកដល់​ថ្ងៃនេះ កើនឡើង​ដល់ ៨៧ ករណី​ហើយ​នោះ តារា​ច្រើន ក៏​នាំគ្នា​ចេញ​ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​ទប់ស្កាត់​ជំងឺ​ប្រភេទ​នេះ​។ ក្នុងចំណោម​ជា ច្រើន​នោះ តារាចម្រៀង​ល្បី កញ្ញា សុខ ពិសី បានប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ នូវ​ទឹកប្រាក់ ២ ពាន់​ដុល្លារ ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន ស្ងើចសរសើរ គឺ​គ្រប់គ្នា បានឃើញ​សិល្បករ សិល្បការិនី ជាច្រើន បាននាំគ្នា​ចូលរួម​ជា​មូលនិធិ ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​មួយ​នេះ ដោយបាន​ចូលរួម ជា​លុយ​ម្នាក់​បន្ដិចៗ តប​តាម​ការអំពាវនាវ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០ កញ្ញា សុខ ពិសី តារាចម្រៀង​ស្រី​ល្បីឈ្មោះ ក្នុង​ផលិតកម្ម សាន់​ដេ ក៏បាន​ចូលរួម​ក្នុង​មូ​និ​ធិ​នេះដែរ ដោយ​ក្នុងនោះ កញ្ញា បាន​យកលុយ​ផ្ទាល់ខ្លួន ចូល​ចំនួន​២​ពាន់​ដុល្លារ​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក ហេង ឡុង បានបញ្ជាក់​។​

​សូមបញ្ជាក់ថា តារាចម្រៀង​ល្បី កញ្ញា សុខ ពិសី មិនមែន​ធ្វើការ​សប្បុរ​ធម៌​និង​បរិច្ចាគ​ថវិកា ជួយ​សង្គម​ជា​លើក​ទី​១ ឡើយ នាង​ឧស្សាហ៍​ធ្វើ​កន្លង​ហើយ​ថ្មីៗ​នេះ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ នៅតាម​ដងផ្លូវ​មួយ ដែល​នាង​ទើបតែ​វិលត្រឡប់​ពី​ការសម្តែង​តន្ត្រី​មួយ នៅ​ខេត្ត កំពង់ធំ នាង​បាន​ជួយសង្គ្រោះ​សត្វ​ឆ្កែ​មួយ​ទ្រុង ចេញពី​ឈ្មួញ​ម្នាក់ និង​បាន​អំពាវនាវ​ស្វែង រក​អ្នក​ដែល​ចង់​យកទៅ​ចិញ្ចឹម​ដោយ​ការស្រឡាញ់​ពី​បេះដូង ចៀសវាង​ការយក​ទៅធ្វើ​ម្ហូប ដ្បិត​នាង​ចាត់ទុក​សត្វ​នេះ គឺជា​សត្វ​ដែល​ស្មោះត្រង់​បំផុត ជាមួយ​ម្ចាស់​៕ ដោយ​៖ បូ​រិ​ន​