សុខ មើ​យៈ ប្រជាជន​,​ខ្ញុំ​ដឹងថា​សង្គ្រាម​នឹង​កើតមាន​

403
ចែករម្លែក

ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែង​ការពិត​
​នៅ​រវាង​ឆ្នាំ​១៩៧៣ ពេលនោះ​មានការ​ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​ពី​សំណាក់​យោធា​របស់​អាម៉េរិក​។ ភូមិ​របស់ខ្ញុំ​ស្ថិតនៅក្នុង​តំបន់​ប្រទាញប្រទង់​គ្នា​រវាង​យោធា​ខ្មែរក្រហម និង​ទាហាន​ធៀ​វ​គី (​វៀតណាម​ខាងត្បូង​)​។ ប្រជាជន​ទាំងអស់​នៅ​ក្នុងភូមិ​របស់ខ្ញុំ​បាននាំគ្នា​រត់ចេញ​ពី​ភូមិ​ទៅ​រស់នៅ​ទីកន្លែង​ផ្សេង​ជា​បណ្ដោះអាសន្ន​ដើម្បី​គេច​ពី​គ្រោះថ្នាក់​។

សុខ មើ​យៈ​

​ឪពុក​ខ្ញុំ​មាន​កង់​ខ្មែរ​ពីរ​គ្រឿង​។ មួយគ្រឿង​សម្រាប់​ខ្ញុំ​ជិះ និង​មួយគ្រឿង​ទៀត​សម្រាប់​គាត់​ដឹក​ឥ​វ៉ាន់​។ កង់​របស់ខ្ញុំ​មាន​ត្រៀម​សម្ភារ​ប្រើប្រាស់​ទុកជា​ស្រេច រួមមាន ឆ្នាំង​ចក្រ​ខ្មែរ (​ឆ្នាំ​ដាំបាយ​ដាក់​អង្ករ​បាន​ប្រាំ​កំប៉ុង​), ខោអាវ​, កន្ទេល​, អង្ករ និង​ឧស​។ បន្ទាប់ពី​ខ្ញុំ​យក​សម្ភារ​ទាំងនេះ​មកប្រើប្រាស់​រួច ខ្ញុំ​មិន​ហ៊ាន​ទុក​វា​ចោល​យូរ​ឡើយ គឺ​ខ្ញុំ​ត្រូវយក​វា​ទៅ​ចង​ជាប់​ជាមួយ​កង់​របស់ខ្ញុំ​វិញ ព្រោះ​ខ្ញុំ​ខ្លាច​រៀបចំ​មិនទាន់​។

​ពេល​ខ្ញុំ​ជិះ​កង់​តាមផ្លូវ ខ្ញុំ​បានឃើញ​មនុស្ស​ជាច្រើន​ធ្វើដំណើរ​ចេញពី​ភូមិ​រោទិ៍​ទៅកាន់​ផ្សារ​ប្រសូត្រ​។ នៅលើ​កង់​របស់ខ្ញុំ​ផ្ទុក​ពេញ​ដោយ​របស់របរ​ប្រើប្រាស់ និង​បាន​ឌុប​ប្អូន​របស់ខ្ញុំ​ពីរ​នាក់​ទៅជា​មួយ​ផង​។ ប្អូន​របស់ខ្ញុំ​គឺ សុខ ឡឹង និង​ប្អូនស្រី សុខ ចិន្តា បាន​អង្គុយ​តោង​ចង្កេះ​របស់ខ្ញុំ​។ ចំណែក​ឪពុក​របស់ខ្ញុំ បាន​ដឹក​ខោអាវ (​សម្រាប់​គ្រួសារ​ទាំងអស់​), អង្ករ​, ឧស​, កន្ទេល និង​របស់របរ​ប្រើប្រាស់​មួយចំនួន​ដែល​ចាំបាច់​។ ម្ដាយ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ពរ​ប្អូន​របស់ខ្ញុំ​ម្នាក់​ដែល​ទើប​មាន​អាយុ​ជាង​មួយ​ខួប​នៅលើ​ចង្កេះ​។ ចំណែក​ប្អូន​របស់ខ្ញុំ​ម្នាក់ទៀត​បាន​ជិះ​ក្របី​ឈ្មោល​មួយ​ក្បាល​និង​ដឹក​ក្របី​មួយ​ក្បាល​ទៀត​តាម​ពីក្រោយ​។ ខ្ញុំ​តែង​ឈប់​កង់​ទៅ​ជួយ​ប្អូន​ទាញ​ក្របី​បំបែក​ពីគ្នា ព្រោះ​វា​តែង​វ័ធ​គ្នា​នៅពេល​ដើរ​កៀក​គ្នា​។ រីឯ​ប្អូន​ម្នាក់ទៀត​បានរស់នៅ​ជាមួយ​បង​របស់ខ្ញុំ​ដែលមាន​រៀបការ​រួចហើយ ដើម្បី​ជួយ​មើល​កូន​របស់គាត់​។

​ខ្ញុំ​មិនបាន​ធ្វើដំណើរ​ចេញទៅ​ដំណាលគ្នា​ជាមួយ​ឪពុក​របស់ខ្ញុំ​ទេ ប៉ុន្តែ​យើង​បាន​ជួបគ្នា​នៅតាម​ផ្លូវ​។ ខ្ញុំ​តែង​ស៊ើបសួរ​ដំណឹង​ពី​ទាហាន​ធៀ​វ​គី និង​យោធា​ខ្មែរក្រហម ថា​ពួកគេ​បាន​ចាក​ចេញពី​ភូមិ​អស់​ឬ​នៅ ដើម្បី​ខ្ញុំ​បាន​វិល​ត្រឡប់មកផ្ទះ​របស់ខ្ញុំ​នៅក្នុង​ភូមិ​រោទិ៍​វិញ​។ នៅតាម​សងខាង​ផ្លូវ​ខ្ញុំ​ឃើញ​ស្រូវ​ទុំ​ពេញ​វាលស្រែ ប៉ុន្តែ​ខ្ញុំ​មិន​ហ៊ាន​បូត​ស្រូវ​របស់​អ្ន​ភូមិ​ទេ​។ ឪពុក​ខ្ញុំ​គាត់​មាន​ប្រាក់​ខ្លះ​ជាប់​ខ្លួន ដូច្នេះ​យើង​អាច​ទិញស្រូវ​របស់​អ្នកភូមិ រួចហើយ​សុំ​ត្បាល់​របស់​អ្នកភូមិ​បុក​ដើម្បី​រែង​យក​អង្ករ​ដាំ​ហូប​។ ក្រុមគ្រួសារ​របស់ខ្ញុំ​បាន​ស្នាក់នៅ​ជាមួយ​ប្រជាជន​នៅ​ភូមិ​ប្រសូត្រ​រយៈពេល​មួយខែ ទើបបាន​វិល​ត្រឡប់មកផ្ទះ​វិញ​។

​យើង​បានមក​រស់នៅ​ផ្ទះ​វិញ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏បាន​នាំគ្នា​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅ​ភូមិ​ម្តងទៀត ដើម្បី​គេច​ពី​ការទម្លាក់​គ្រាប់បែក​របស់​អាមេរិក​។ ទីនោះ​ហៅថា «​វាល​ជំរំ​» ដែលជា​វាលស្រែ​មាន​ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់ខ្ញុំ​ក្នុងភូមិ​រោទិ៍​។ គ្រួសារ​របស់ខ្ញុំ​មាន​អង្ករ​គ្រប់គ្រាន់ ប៉ុន្តែ​មិនមាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ទេ​។ នៅ​ទីនោះ មាន​អណ្ដូង​បុរាណ​មួយ​ដែលមាន​ជម្រៅ​ប្រហែលជា​៥០០​ម៉ែត្រ​។ ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​ទៅ​ដងទឹក​ទាន់​គេ​ឡើយ​។ ទំរាំ​ដល់​វេន​ខ្ញុំ​ទឹក​អណ្ដូង​លែងចេញ​ទឹក​ហើយ​។ ចំណែក​បឹង​ឬ​ប្រឡាយ​នៅ​ជិត​នោះ​មិនអាច​ប្រើ​បានទេ​ព្រោះ​ធំក្លិន​លាមក និង​ទឹកនោមគោ និង​ក្របី​។ ដូច្នេះ​យើង​គ្មាន​មធ្យោបាយ​អ្វី​ក្រៅ​ប្រថុយ​គ្រោះថ្នាក់​ចូលទៅ​ដងទឹក​នៅក្នុង​ភូមិ​យកមកប្រើ​ប្រាស់​ទេ​។ ខ្ញុំ​និង​បងប្អូន ព្រមទាំង​ឪពុក​របស់ខ្ញុំ​តែង​ផ្លាស់​វេន​គ្នា​ចូលទៅក្នុង​ភូមិ​ដងទឹក​។
​ពេល​ខ្ញុំ​បាន​ជិះ​កង់ និង​ពេលខ្លះទៀត​ខ្ញុំ​ជាមួយ​ប្អូន​បាន​ដើរកាត់​ជញ្ជ្រាំង​នៅតាម​វាលស្រែ​ទៅ​ដងទឹក​។ នៅ​ពេលយប់​ស្ងាត់​មិនមាន​យោធា​ខ្មែរក្រហម ឬ​ទាហាន​ធៀ​វ​គី ទើប​ខ្ញុំ​និង​ប្រជាជន​អាច​ចូលទៅ​ដងទឹក​មកប្រើប្រាស់​បាន​។​នៅពេលនោះ​មិនមាន​សាប៊ូ​ទេ​ប៉ុន្តែ​ដោយសារ​ខ្ញុំ​ចូលចិត្ត​ភាព​ស្អាត ខ្ញុំ​បាន​ដើររក​ដើម​គរ​ដែល​ដុះ​នៅតាម​ផ្លូវ​ដើម្បី​បេះ​ស្លឹក​របស់​វា​ច្របាច់​ឲ្យ​ទន់​ដើម្បី​កក់សក់ ដុស​ខ្លួន និង​យក​អំបិល​ដើម្បី​ដុសធ្មេញ​។ ទឹក​ដែល​យើង​ដង​មកពី​ក្នុងភូមិ​អាច​ប្រើប្រាស់​បានតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។

​នៅ​ដើមឆ្នាំ​១៩៧៥ ភូមិ​រោទិ៍ ឃុំ​ញរ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​ទាំងស្រុង​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ចូលធ្វើការ​នៅក្នុង​កង​យុវនារី ជីក​ប្រឡាយ លើក​ទំនប់​។ ចំណែក​ប្អូន​ខ្ញុំ​ដែល​នៅ​តូច​ខ្មែរក្រហម​ឲ្យ​នៅ​ជាមួយ​កង​ម៉ែៗ​។ ប្អូន​របស់ខ្ញុំ​មាន​វ័យ​ធំ​ល្មម​ធ្វើជា​កងកុមារ ចំណែក​ប្អូនប្រុស​របស់ខ្ញុំ​ម្នាក់ទៀត​ដែលមាន​អាយុប្រមាណ​១២​ឆ្នាំ ឈ្មោះ សុខ គឹម ត្រូវបាន​ខ្មែរក្រហម​ស្នើ​ឲ្យ​ធ្វើជា​យោធា​ខ្មែរក្រហម ហើយ​បាន​បាត់​រហូត​៕ ល​