សុខ សា​វិ​ន នឹង​បន្ត​ឈ្នះ ឯ វៀក ប៊ុន​ឌឿ​ន អាច​លំបាក​

703
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១៥ មិថុនា ខាងមុខនេះ អ្នក​ប្រដាល់ សុខ សា​វិ​ន ក្លិប​ឆ្មា ស សែន​សុខ នឹង​ទទួលបាន​ជ័យជំនះ​ទៀត ជាមិនខាន ។​

​សា​វិ​ន ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ដែន សា​យ៉ា​ម (Den Sayam) ។ ដែន សា​យ៉ា​ម ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង មួយរូប​ដែរ ដែល ២ ប្រកួត​របស់គេ ក្នុង​ព្រឹត្តិការណ៍​នេះ ឈ្នះ​បាន​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ។ ចំពោះ សា វិ​ន វិញ ២ ប្រកួត​របស់គេ ឈ្នះ​ទាំង ២ ប្រកួត ដែល​ការប្រកួត​ដំបូង ផ្ដួល​គូប្រកួត​ទឹក​ទី​២ និង​មួយ​ប្រកួត​ទៀត ផ្ដួល​គូប្រកួត នៅ​ទឹក​ទី​៣ ។

សុខ សា​វិ​ន និង ដែន សា​យ៉ា​ម

​ក្នុងចំណោម​អ្នក​ប្រដាល់ ទាំង ៨ រូប ដែល​ក្នុងនោះ កម្ពុជា ៤ រូប និង ថៃ ៤ រូបនោះ មានតែ សុខ សា​វិ​ន ប៉ុណ្ណោះ ដែល​មិនទាន់​ស្គាល់​ចាញ់ ។ សម្រាប់​ការប្រកួត លើក​ទី​៣ នេះ អ្នកគាំទ្រ សា​វិ​ន មាន​ជំនឿ​ចិត្ត​ថា អ្នក​ប្រដាល់​កម្ពុជា​រូបនេះ នឹង​ឈ្នះ​ទៀត ជាមិនខាន​ឡើយ ។​

​សា​វិ​ន ជា​អ្នក​ប្រដាល់ ដែលមាន​ចិត្ត​ស្ងប់ស្ងាត់ ល្អ​ណាស់ តែ​ផ្លៃ​របស់គេ មិន​ស្លូត​ដូច​មុខ​គេ​ឡើយ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន ១០៦​ដង ឈ្នះ​៧៣​ដង ចាញ់​២៧​ដង​និង​ស្មើ​ពិន្ទុ​៦ ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ដែន សា​យ៉ា​ម វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៤​ដង ឈ្នះ​៦៦​ដង ចាញ់​១៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។​

​ការប្រកួត​មួយ​នេះ ប្រសិនបើ សា​វិ​ន ឈ្នះ​ទៀត​នោះ កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលមាន ៤ កៅអី​នោះ នឹងមាន​មួយ​ជា របស់គេ​ហើយ ។ ចំពោះ ដែន សា​យ៉ា​ម វិញ អ្វីៗ​ស្ថិតក្នុង​សភាព​ស្រពិចស្រពិល នៅឡើយ​ទេ ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​កម្ពុជា វៀក ប៊ុន​ឌឿ​ន សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ផេ​ត ង៉ា​ម (Phat Ngam) ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ២ ប្រកួត​របស់គេ ឈ្នះ​មួយ​ប្រកួត និង​ចាញ់​មួយ​ប្រកួត ។ មួយ​ប្រកួត ដែល​គេ​ចាញ់ គឺ​ដោយសារតែ​គេ​រក្សា​ទម្ងន់ មិនបាន ហើយ​តម្រូវ​ឲ្យ​ចាញ់ ដោយ​ស្វ័យប្រវត្តិ ។ ចំពោះ​មួយ​ប្រកួត ដែល​ឈ្នះ គឺ​គេ​ឈ្នះ​អ្នក​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក នៅ​ទឹក​ទី​៤ ។​

​ចំពោះ ប៊ុន​ឌឿ​ន វិញ ២ ប្រកួត​របស់គេ ក៏​ឈ្នះ​មួយ​ប្រកួត និង ចាញ់​មួយ​ប្រកួត​ដែរ ។ មួយ​ប្រកួត ដែល ប៊ុន​ឌឿ​ន ឈ្នះ គឺ​ឈ្នះ​ដោយ​ពិន្ទុ ឯ​មួយ​ប្រកួត ដែល​ចាញ់ គឺ​ចាញ់​ដោយ​សន្លប់​ទឹក​ទី​៣ ។​

​ប៊ុន​ឌឿ​ន មាន​ប្រវត្តិ​ប្រកួត ចំនួន​៨១​ដង ឈ្នះ​៦៤​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចំពោះ ផេ​ត ង៉ា​ម វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៦​ដង ឈ្នះ​៦៩​ដង ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ជំនួប​មួយ​នេះ នរណា​បន្ថែម​ស្ថិតិ​ឈ្នះ នៅក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន ៕v

​វៀក ប៊ុន​ឌឿ​ន និង ផេ​ត ង៉ា​ម​