សុជីវធម៌​ក្នុងការ​បើកបរ​របស់​ម៉ូតូ​កង់​បី​ខ្លះ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​និង​កកស្ទះ​ចរាចរណ៍​

981
ចែករម្លែក

ស្របពេល​ជាមួយនឹង​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស កម្ពុជា​ក្រោម​ការដឹកនាំ របស់​ប្រមុខ រាជរដ្ឋាភិបាល បានធ្វើឱ្យ​ជីវភាព ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង និង​ការធ្វើដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ​កាន់​តែមាន​ភាពល្អប្រសើរ ។
​ ​
ជាមួយគ្នា​នោះ នៅក្នុង​រាជធានី​ភ្នំពេញ មធ្យោបាយ​ធ្វើដំណើរ មាន​ភាព​សម្បូរបែប​ស្រប ទៅតាម​សម័យ កាល​ស៊ី​វិ​ល័យ និង​បច្ចេកវិជ្ជា​ដ៏​ទំនើប ក្នុងនោះ​មួយរយៈ​កាល​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​វត្តមាន​ម៉ូតូ​កង់​បី (​បែប​ឡាំប្រឺតា​) គិត​គីឡូម៉ែត្រ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ជា មួយ​អ្នកទីក្រុង​។ ដោយសារ​មាន​ភាព​រហ័ស និង​សន្សំ សំចៃ​ថវិកា​ដែល​ធ្វើឱ្យ​អ្នករត់​ម៉ូតូ សណ្តោង​រ៉ឺម៉ក ស្ទើរតែ​បាត់បង់​ថែម ទៀតផង ។ ​ ​ ​ ​ ​

ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់ នោះ​ការ​ចរាចរណ៍​នៅលើ​ផ្លូវ​របស់​ម៉ូតូ កង់​បី​ទាំងនោះ​ក៏​រង​ការមិន ពេញចិត្ត​ពី អ្នកធ្វើដំណើរ​នៅលើ​ដងផ្លូវ​។ នោះ​គឺ ដោយសារ​អ្នកបើកបរ​ខ្លះ​ពុំបាន​គោរព ច្បាប់​ចរាចរណ៍​។​បើកបរ​ដោយ​បំពារបំពាន​និង​ខ្វះ​សុជីវធម៌​ក្នុងការ​បើកបរ​។​
​ ​
​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ នៅតាម​ផ្លូវ​បាន​រិះគន់ថា អ្នកបើកបរ​កង់​បី​ឥណ្ឌា​មួយចំនួន​គឺ​ខ្វះ សុជីវធម៌ ក្នុងការ​បើកបរ​នៅលើ​ដងផ្លូវ​ដោយ តែងតែ​វ៉ា​ជែង បង្ក​ការកកស្ទះ​ជា​ញឹក ញាប់​។ ក្នុងពេល​ចរាចរណ៍​មមាញឹក កកកុញ​យ៉ាងណា​ក៏​ពួកគាត់​ប្រជ្រៀត និង​ជែង​ដោយ​មិន​គិតពី​អ្នក ដំណើរ ដទៃទៀត ហើយ​តែង​បង្ក​ជា​គ្រោះ ថ្នាក់​ចរាចរ​ថែម​ទៀតផង​។​
​ ​
ប្រជាពលរដ្ឋ​ដែល​ធ្វើ ដំណើរ​នៅតាម​ដងផ្លូវ​វ៉េងស្រេង បាន និយាយថា ពួកគាត់​(​អ្នកបើក​ម៉ូតូ កង់​បី​)​ដូចជា​គ្មាន​សុជីវធម៌ ក៏ដូចជា គ្មាន​របៀប​ក្នុងការ​បើកបរ​ទាល់តែ សោះ ជែង​ឆ្វេង ជែង​ស្តាំ ទៅ​ស្ទះ ចរាចរណ៍​យ៉ាងណា​ក៏​មិន​ខ្វល់ ។ និយាយ​រួម​យកតែ​ឈ្នះ​ដៃ​។ យូរ​ទៅ​សូម្បីតែ​ម៉ូតូ​សឹង តែ​គ្មាន​ផ្លូវ​សម្រាប់ធ្វើ ដំណើរ​ផង ។
​ ​
ចំណែកឯ​អ្នកខ្លះ​ទៀតថា ជា​អាជីវកម្ម​រកលុយ​ដើម្បី​ចិញ្ចឹមជីវិត និង​ក្រុមគ្រួសារ​របស់គាត់ តែ​គួរ ណាស់​តែ​គិតពី​អ្នកដំណើរ​ដទៃ​ផង ការ​វ៉ា​ជែង​និង​ប្រជ្រៀត​ពេល​បើកបរ អាច​ប៉ះពាល់​ដល់​អ្នក ដទៃ​ដែល​គោរព ច្បាប់​។​ពេល​បង្ក​ជាហេតុ​គ្រោះថ្នាក់ ចរាចរ ឬ​ប៉ះពាល់​រថយន្ត​ទំនើប គឺ មិន​ដែលមាន​ដំណោះស្រាយ​សង​គេ នោះទេ គឺ​មានតែ​សុំទោស​ប៉ុណ្ណោះ ។ អ្នកខ្លះ​ថា លើក​ក្រោយ​សឹងតែ​លែង ហ៊ាន​ចង់​ជិះ​ដោយសារតែ​គាត់​បើក​លឿនៗ​ហាក់ដូចជា​គ្មាន​គិត ពី​សុវត្ថិភាព របស់ខ្លួន និង​អ្នករួមដំណើរ​ជាមួយ ទាល់តែសោះ ។​

​មតិ​មួយទៀត​ក៏បាន​លើកឡើង ដែរ​ថា នៅពេល​យប់​វិញ ឱ្យតែ​ពួកគាត់​ស្រវឹង​គឺ​បើកបរ​លឿនៗ ណាស់ ជួនកាល​បង្ក​គ្រោះថ្នាក់​ចរាចរ​ថែមទៀត ផង​។ ដូច្នេះ​សូម​សមត្ថកិច្ច​ជំនាញ​មាន វិធានការ ឬ​ណែនាំ​ជាប្រចាំ​ផង ។
​ ​
រីឯ​ប្រជាពលរដ្ឋ​មួយចំនួន ក៏បាន​និយាយ​សរសើរ​ចំពោះ​វត្តមាន កង់​បី​នេះដែរ​ដោយមាន​ភាព​ងាយ ស្រួល​ក្នុងការ​ទំនាក់ទំនង និង​មាន តម្លៃ​សមរម្យ​ទៀតផង ។​

​ទាំងនេះ គឺជា​មតិយោបល់ របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ នៅលើ​ដងផ្លូវ​សាធារណៈ និង អ្នក ធ្លាប់បាន​ប្រើប្រាស់ និង​មធ្យោបាយ នេះ​កន្លងមក​។​អ្នកធ្វើដំណើរ​បាន​សំណូមពរ​ដល់​អ្នកបើក ម៉ូតូ​កង់​បី ទាំងអស់​មេត្តា​គោរព​ច្បាប់​ក្នុងការ បើកបរ និង​មាន​សុជីវធម៌​ក្នុងការ បើក​បរផង ៕ ដោយ​: សម្បត្តិ​

ម៉ូតូ​កង់​បី​ខ្លះ​ក្នុងពេល​បើកបរ​(​រូបថត​សម្បត្តិ​)​