សុនខ​ចិញ្ចឹម​របស់លោក​ច​ច ប៊ូ​ស ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​របស់​វា រួមជាមួយ​ភ្ញៀវ​អ្នក​មុខ​អ្នក​មានដូចជា​លោក​ត្រាំ​និង​ជំទាវ​ទី​១

235

​សុនខ​បម្រើ​របស់លោក​ច​ច អេ​ច​ដាប់​ប​ល​យូ ប៊ូ​ស ឈ្មោះ ស៊ូ​ល​លី (Sully) គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាច្រើន​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​រូបនេះ ខណៈ​មឈូស​របស់គាត់​តម្កល់​នៅ​វិមាន​កា​ពី​តូ​ល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​អង្គារ​ទី​៤​ធ្នូ​។​

​សុនខ​ពូជ​ឡា​ប្រា​ដ័​រ សម្បុរ​លឿង​នេះ បានទទួល​ការចាប់អារម្មណ៍​ខ្លាំង បន្ទាប់ពី​គេ​ឃើញ​វា​ដេក​នៅក្បែរ​មឈូស​គ្រប​ទង់ជាតិ​របស់​ម្ចាស់​វា នៅក្នុង​រូបថត​មួយ​ដែល​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ចុង​សប្តាហ៍ ខណៈដែល​ប្រទេសជាតិ​ទាំងមូល​កាន់ទុក្ខ​ចំពោះ​ការស្លាប់​របស់​ប្រធានាធិបតី​ទី ៤១ របស់ខ្លួន​។​

​មឈូស​ឥឡូវនេះ​គឺ​តម្កល់​នៅក្នុង​វិមាន​កា​ពី​តូ​ល​អាមេរិក​មុនពេល​ដឹក​ដង្ហែ​ទៅ​ព្រះវិហារ​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សម្រាប់​ពិធី​បញ្ចុះសព​នៅ​ថ្ងៃ​ពុធ​ទី​៥​ធ្នូ​នេះ​។​

​ភ្ញៀវ​រាប់ពាន់នាក់ រួមទាំង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​លោកជំទាវ មេ​ឡា​នី ត្រាំ បានមក​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​កា​ពី​តូ​លាក​ពីថ្ងៃ​អង្គារ​។​

​ដោយ​ពាក់អាវ​ទង់ជាតិ​អាមេរិក ស៊ូ​ល​លី ត្រូវបាន​អមដំណើរ​ឱ្យចូល​ទៅក្នុង​វិមាន​កា​ពី​តូ​ល​ដោយ​ស្ត្រី​ម្នាក់ ដែល​ឈរ​ក្បែរ​ឆ្កែ​នេះ ខណៈដែល​អ្នកប្រមាញ់​រូប​ចុច​ថត​មិន​សំចៃ​ដៃ​។​

​វត្តមាន​ភ្ញៀវ​ដទៃទៀត​រួមមាន អតីតយុទ្ធជន ដែល​ភាគច្រើន​គឺ​អង្គុយ​ក្នុង​រទេះរុញ និង​បុគ្គលិក​យោធា​បច្ចុប្បន្ន​៕ ដោយ៖ កញ្ញាដាលីស

ស៊ូ​ល​លី និង​ភ្ញៀវ​សំខាន់ៗ​ដូចជា​លោក​ត្រាំ​និង​លោកជំទាវ​ទី​១ បាន​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក​ប៊ូ​សកាល​ពីថ្ងៃ​អង្គារ​នៅ​វិមាន​កា​ពី​តូ​ល