សុនខ​ដែល​សង្គ្រោះ​នៅ​កណ្តាល​ឈូង​សមុទ្រ​ថៃ ឥឡូវ​មាន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​

377
ចែករម្លែក

​សុនខ​ឈ្មោះ Boonrod ដែល​គេ​ជួយសង្គ្រោះ​នៅ​សប្តាហ៍​នេះ​ពី​កណ្តាល​ឈូង​សមុទ្រ​ថៃ ឥឡូវ​អាច​បង្អួត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​វា ជាមួយនឹង​អ្នកគាំទ្រ​ជាង ៦.០០០ នាក់​។​

​បង្កើតឡើង​កាលពី​ថ្ងៃ​សុក្រ​ទី ១៩ មេសា ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សុនខ​នេះ​ហៅថា Boonrod Gulf of Thailand មាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ វី​ថី​សាក់ ផា​យ៉ា​ឡ (Vitisak Payalaw) ជា​អ្នកគ្រប់គ្រង​។​

​ការជួយ​សង្គ្រោះ​សត្វ​ឆ្កែ​ឈ្មោះ Boonrod (​មានន័យថា អ្នក​នៅ​រស់រានមានជីវិត ជា​ភាសា​ថៃ​) បាន​ល្បី​ពេញ​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ បន្ទាប់ពី​វា​ត្រូវបាន​ស្ទូច​ចេញពី​ឈូង​សមុទ្រ​ថៃ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ ដោយ​កម្មករសំណង់​អាង​ប្រេងកាត​របស់​ក្រុមហ៊ុន Chevron នៅ​ចម្ងាយ ២២០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​។​

​ពួកគេ​បាន​ប្រទះឃើញ​ក្បាល​របស់​វា​រ៉េ​រាំ​តាម​រលក​សមុទ្រ​។ របៀប​ដែល​វា​បាន​ទៅដល់​ទីនោះ​និង​រយៈពេល​ដែល​វា​វង្វេង​ក្នុង​សមុទ្រ នៅតែ​ជា​អាថ៌កំបាំង​នៅឡើយ​។​

Boonrod ត្រូវបាន​បញ្ជូនទៅ​ខេត្ត​សុង​ក្លា​ដើម្បី​ទទួលបាន​ការថែទាំ​ពី​ពេទ្យសត្វ ហើយ​ត្រូវគេ​និយាយថា​កំពុង​ងើប​សះស្បើយ​ឡើងវិញ​។ ភ្នែក​ដ៏​សោកសៅ ការ​អស់កម្លាំង​ល្ហិតល្ហៃ​ដែល​គេ​មើលឃើញ​យ៉ាងច្បាស់ និង ភាព​ស្ងៀមស្ងាត់​របស់​វា​បាន​ឆក់យក​បេះដូង​របស់​មនុស្ស​ជាច្រើន​នាក់​ដែល​តាមដាន​ការសង្គ្រោះ​នេះ​។​

Boonrod នឹង​រីករាយ​ជាមួយ​ជីវិត​ថ្មី ព្រោះ​កម្មករ​ក្រុមហ៊ុន Chevron ដែល​ជួយសង្គ្រោះ​វា បានសម្រេច​ចិត្ត​យក​វា​ទៅ​ចិញ្ចឹម​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់វា​ឥឡូវ​គឺ​ពេញ​ពេញ​ទៅដោយ​គំនូរ​របស់​វា​ដែល​គូរ​ឡើង​ដោយ​ពួក​អ្នកគាំទ្រ​របស់​វា​៕ ដោយ៖ កញ្ញាដាលីស

Boonrod នឹង​ចាប់ផ្តើម​ជីវិត​ថ្មី​បន្ទាប់ពី​កម្មករ​របស់ Chevron យក​វា​ទៅ​ចិញ្ចឹម