សុនខ​ទី​២ នៅ​ហុងកុង ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​

139
ចែករម្លែក

​យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងថា សុនខ​ទី​២ នៅ​ក្រុង​ហុងកុង បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ បន្ទាប់ពី​ម្ចាស់​របស់​វា​ឆ្លង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋាភិបាល​។​

​នាយកដ្ឋាន​កសិកម្ម រុក្ខាប្រមាញ់ និង​អភិរក្ស​ក្រុង​ហុងកុង និយាយថា សុនខ​ពូជ​អាល្លឺម៉ង់ ដែល​រស់នៅ​តំបន់​ផុ​ក ហ្វូ ឡាំ (Pok Fu Lam) នៃ​ក្រុង​ខាងលើនេះ​ត្រូវបាន​បញ្ជូនទៅ​ដាក់ឱ្យ នៅ​ដាច់ដោយឡែក​ពី​គេ​រួមជាមួយ​សុនខ​កូនកាត់​មួយ​ក្បាល​ទៀត​ដែល​នៅផ្ទះ​ជាមួយគ្នា​។​

​ស្ថាប័ន​នេះ​បាន​គូសបញ្ជាក់ថា “​ការធ្វើ​តេស្ត​លើ​សុនខ​កូនកាត់​ពិនិត្យឃើញ​អវិជ្ជមាន ហើយ​សុនខ​ទាំងពីរ​សុទ្ធតែ​មិន​បញ្ចេញ​សញ្ញា​ថា​ពួកវា​កើត​ជំងឺ​នេះឡើយ​។ នាយកដ្ឋាន​នឹង បន្ត​ពិនិត្យ​តាមដាន​សុនខ​ទាំងពីរ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ធ្វើតេស្ត​ម្ដង​ហើយ​ម្ដងទៀត ទៅលើ​ពួកវា​”​។​

​ស្ថាប័ន​ដដែល​បាន​ក្រើនរំឭក​ឱ្យ​ម្ចាស់​សត្វ​ចិញ្ចឹម​រក្សា​អនាម័យ​ខ្ពស់ រួមមាន​ការលាង​សម្អាត ដៃ​ទាំង​មុន និង​ក្រោយពេល​នៅ​ជិត ឬ​ប៉ះពាល់​សត្វ​ចិញ្ចឹម​ព្រមទាំង​ចំណី​របស់​ពួកវា​ហើយ​ត្រូវ ចៀសវាង​ការ​ថើប​ពួកវា​។​

​សូមបញ្ជាក់ថា ករណី​ទី​២ នេះ​កើតឡើង​ក្រោយពី​សុនខ​ពូជ pomeranian អាយុ ១៧ ឆ្នាំ​បានធ្វើ​តេស្ត​វិជ្ជមាន​វីរុស កូ​វីដ​-១៩ កម្រិត​ស្រាល​អំឡុងពេល​ធ្វើតេស្តរ​កវី​រុស​នេះ​ម្ដង​ហើយ ម្ដងទៀត​។​

​សុនខ​នោះបាន​ងាប់ ២ ថ្ងៃ​ក្រោយពី​គ្រូពេទ្យ​អនុញ្ញាតឱ្យ​វា​ត្រលប់​ទៅផ្ទះ​វិញ​ជាមួយ​ម្ចាស់​។ ស្ថាប័ន​ខាងលើ​និយាយទៀតថា មូលហេតុ​នៃ​ការងា​ប់រប​ស់វា​មិនអាច​បញ្ជាក់​បានទេ បន្ទាប់ពី​ម្ចាស់​ដែល​ទើបតែ​ជាសះស្បើយ​ពី​ជំងឺ កូ​វីដ​-១៩​មិន​ព្រម​អនុញ្ញាតឱ្យ​គ្រូពេទ្យ​ធ្វើ កោសល្យវិច័យ​៕ ប្រែ​សម្រួល​: ខុម​