សុនខ​មហា​សំណាង​បាន​ដើរលេង​ជុំវិញ​ពិភពលោក​ជាមួយ​ម្ចាស់​វា ហើយ​ថែមទាំង​បាន​ថតរូប​ឡូយៗ​ទៀត​

1521
ចែករម្លែក

​ឆ្កែ​មួយ​នេះ​បាន​ល្បី​លើ​បណ្តាញ​សង្គម បន្ទាប់ពី​បានធ្វើ​ដំណើរ​នៅលើ​ពិភពលោក​និង​ទទួលបាន​អ្នកគាំទ្រ​ជិត ៨០.០០០ នាក់​នៅលើ​អ៊ី​ន​ស្តា​ក្រាម កន្លែង​ដែល​ម្ចាស់​របស់​វា បង្ហោះ​រូបភាព​ដ៏​អស្ចារ្យ​នៃ​ដំណើរ​ផ្សងព្រេង​របស់​ពួកគេ​។​

​សុនខ​ញី ឈ្មោះ វី​ស្គី ពូជ​វី​ស​ស្លា​របស់​ហុង​គ្រី អាយុ ៤ ឆ្នាំនេះ ចូលចិត្ត​ធ្វើដំណើរ​ជាមួយ​ម្ចាស់​របស់​វា ឈ្មោះ អា​ឌែ​ល ង៉ (Adele Ng) មកពី​ទីក្រុង​វ៉ាន់​ខូ​វើ ប្រទេស​កាណាដា ដែល​និយាយថា ឆ្កែ​របស់គាត់​ចូលចិត្ត​ថតរូប ដូច​តារា​បង្ហាញ​ម៉ូត និង ចូលចិត្ត​ទស្សនា​ទីកន្លែង​ថ្មីៗ​។​

​នាង​និយាយថា “​យើង​ឡើង​ភ្នំ បោះជំរំ ធ្វើដំណើរ​តាមផ្លូវ ជិះ​កាណូត ជិះ​ស្គី​ទឹកកក និង​លេង​ជាមួយ​មិត្តភក្តិ​នៅលើ​ភ្នំ​នៅ​ជុំវិញ​ទីក្រុង​វ៉ាន់​ខូ​វើ កន្លែង​ដែល​យើង​អាច​ជិះ​ទៅលេង​អំឡុង​វិស្សមកាល​របស់​យើង​”​។​

​អា​ឌែ​ល ង៉ និយាយថា “​សុនខ​នេះ​ចូលចិត្ត​បង្ហាញ​ម៉ូត និង ឡើង​តោង​លើ​អ្វីៗ​សព្វបែបយ៉ាង ហើយ​ដូច្នេះ ខ្ញុំ​នឹង​យក​វា​ចេញទៅ​ក្រៅ​ឡើង​ភ្នំ ឬ បោះជំរំ​យ៉ាងតិច​ក៏​ម្តង​ដែរ​ក្នុង​មួយ​សប្តាហ៍​។ សុនខ​នេះ​ជា​អ្នក​កំដរ​របស់ខ្ញុំ ជា​មិត្តភក្តិ​របស់ខ្ញុំ និង ជា​ដៃគូ​ផ្សងព្រេង​! លុះត្រាតែ​គេ​ហាមឃាត់​ដាច់ខាត បើ​មិន​អ៊ីចឹង​ខ្ញុំ​នៅតែ​នាំ​វី​ស្គី​ដើរ​ជាមួយ​ខ្ញុំ​រហូត​”៕ ដោយ៖ កញ្ញាដាលីស

វី​ស្គី​មាន​អ្នកគាំទ្រ​ជិត ៨០.០០០ នាក់​នៅលើ​អ៊ី​ស្តា​ក្រាម