សុនខ​មួយ​ក្បាល​ដែល​ម្ចាស់​បោះបង់ចោល បង្ក​ភាព​រំជើបរំជួល​ពេញ​អ៊ិន​ធឺ​ណិ​ត បន្ទាប់ពី​តុលាការ​ដាក់​ដេញថ្លៃ​

1049
ចែករម្លែក

​សុនខ​មួយ​ក្បាល​នៅ​ប្រទេស​ចិន​ដែល​ត្រូវ​ម្ចាស់​បោះបង់ចោល ត្រូវបាន​តុលាការ​ប្រកាស ដាក់លក់​ដេញថ្លៃ នាំឱ្យមាន​ភាព​រំជើបរំជួល​ពេញ​អ៊ិន​ធឺ​ណិ​ត ។ ជាពិសេស​ក្នុងចំណោម អ្នក​ស្រឡាញ់​សត្វ​។

​សារព័ត៌​មានបាន​ចុះផ្សាយ​ថា សុនខ​ពូជ Shiba Inu ឈ្មោះ “​តេង តេង​” (Deng Deng) ខាងលើនេះ​ត្រូវបាន​បញ្ជូនទៅ​កន្លែង​មើលថែ​សត្វ​ចិញ្ចឹម​។ ប៉ុន្តែ​ម្ចាស់​របស់​វា​មិនដែល​ត្រឡប់មក​យក​វា​ទៅផ្ទះ​វិញ​ដូចដែល​បាន​សន្យា​ឡើយ​។

​តាម​ការ​បញ្ជាក់ថា មាន​មនុស្ស​ដល់​ទៅ​ជាង ១.៥០០ នាក់​បាន​ចុះឈ្មោះ​ដេញថ្លៃ​ទិញ​សុនខ ឈ្មោល អាយុ​បួន ឆ្នាំនេះ ហើយ​មនុស្ស​រហូតដល់​ទៅ​ជាង ១៧៣.៦០០​នាក់​ផ្សេងទៀត បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការដេញថ្លៃ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ក្រោយនេះ​។

​តេង តេង នឹងត្រូវ​ដាក់​ដេញថ្លៃ​តាម​អ៊ិន​ធឺ​ណិ​ត​រយៈពេល ២៤ ម៉ោង ចាប់ពី​ម៉ោង ១០ ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ដោយ​តម្លៃ​ចាប់​ផ្តើមដំបូង ៥០០ យ័ន (៧២ ដុល្លារ​អាមេរិក​)​។

​យោងតាម​តុលាការ​ប្រជាជន​ក្រុង​ប៉េកាំង ដែលជា​អ្នករៀបចំ​ការដេញថ្លៃ​នេះ​បានឱ្យដឹងថា តេង តេង មាន​កម្ពស់​ប្រហែល ៤០ សង់ទីម៉ែត្រ ប្រវែង ៥០ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១០ គីឡូក្រាម​។​

​កន្លែង​មើលថែ​សត្វ​ចិញ្ចឹម​នៅ​ក្រុង​ប៉េកាំង ដែលមាន​ឈ្មោះថា Chong Le Hui បាន​ប្រាប់​សារព័ត៌មាន Beijing Evening News ថា ខ្លួន​បានទទួល​មើលថែ តេង តេង តាំងពី​ឆ្នាំ​២០១៤ ពី​ម្ចាស់​របស់​វា គឺ​បុរស​ម្នា​ក់មាន​អាយុ ២០ ឆ្នាំ​ប្លាយ​។

​ពេលនោះ​ម្ចាស់​និយាយថា គាត់​ត្រូវ​ទៅធ្វើ​ការ​នៅ​បរទេស ហើយ​បាន​បង់ថ្លៃ​មើលថែ តេង តេង រយៈពេល​មួយឆ្នាំ ដោយ​សន្យា​មក​យក​វា​ទៅវិញ នៅពេល​គាត់​បានការ​ងារ​ធ្វើ​ស៊ប់​។

​កន្លែង​ថែម​ទាំ​សត្វ​ចិញ្ចឹម​ដដែល​បាន​អះអាងថា ម្ចាស់​របស់​វា​បានមក​មើល​វា​ពីដំបូង ប៉ុន្តែ​ក្រោយមក​ក៏​បាត់​ដំណឹង​ឈឹង ហើយ​បុគ្គលិក​របស់ខ្លួន​មិនអាច​ទាក់ទង​បាន​។ ដោយសារតែ​បែបនេះ កន្លែង​ថែទាំ​ង​សត្វ​ខាងលើ​បានដាក់​ពាក្យ​ប្តឹង​ម្ចាស់ បន្ទាប់ពី​គាត់​មិន​បង្ហាញខ្លួន និង​មិនបាន​បង់ថ្លៃ​ឈ្នួល​មើលថែ​សុនខ​របស់ខ្លួន​។​

​តុលាការ​ក៏បាន​ទាក់ទង​ទៅ​ម្ចាស់​របស់​វា​ដែរ ប៉ុន្តែ​ទាក់ទង​មិនបាន​។ ដោយសារតែ​បែបនេះ តុលាការ​ក៏​សម្រេច​ប្រកាស​ដេញថ្លៃ​សុនខ​នេះ​ដើម្បី​យកប្រាក់​ទូទាត់​សងបំណុល​ដែល​ម្ចាស់​របស់​ជំពាក់​៕ ប្រែ​សម្រួល​: ខុម​