សុន ឆៃ កុំ សង្ឃឹម​! គណបក្ស​ប្រជាជន​មិន​អនុញ្ញាតិ​ឲ្យ​សមាជិក​រដ្ឋាភិបាល​ចូល​ឆ្លើយ​តាម​ការស្នើសុំ​

852

(​ភ្នំពេញ​) ៖ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា តែង​គោរព​និង​អនុវត្តតាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ខ្លឹមសារ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ​។​

​ការលើកឡើង​របស់​ម​ន្ដ្រី​នាំពាក្យ​រូបនេះ គឺ​បន្ទាប់ពី​មានការ​ចោទប្រកាន់​ពី​មន្ដ្រី​គណបក្ស​សង្គ្រោះ​ជាតិ ថាស​ម្ដេច​តេ​ជោ​ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ដ្រី បានប្រកាស​មិន​ឲ្យ​រដ្ឋមន្ត្រី​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​នោះ គឺ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​មាត្រា​៩៦ ដែល​បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ក្នុង​រដ្ឋសភា​។​

​តាមរយៈ​បទសម្ភាសន៍​ជាមួយ​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២២ មិថុនា នេះ លោក​សុខ ឥសាន បាន​លើកឡើងថា​“…​តំណាងរាស្ដ្រ​គណបក្ស​ប្រជាជន តែងតែ​គោរព​ពេញលេញ ចំពោះ​ខ្លឹមសារ​ដែលមាន​ចែង​រដ្ឋ​ធម្មនុញ្ញ ក៏ប៉ុន្តែ​បញ្ហា​ដែល​វា​កើតមានឡើង ដោយសារ​ថា​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនបាន​ចូលប្រជុំ​…​កន្លែង​ណា​ដែល​ខ្លួន​មិន​ពេញចិត្ត​ខ្លួន​ធ្វើពហិការ​…​ហើយ​ខ្លួន​មក​ហៅ​គេ​ទៅ​ដើម្បី​ឆ្លើយ​…​អាហ្នឹង​ធ្វើ​វា​មិនត្រូវ​…​អញ្ចឹង​បានជា​សម្ដេច​តេ​ជោ​ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ដ្រី លោក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈហើយ នៅក្នុង​ករណី​ណា ដែល​គណបក្សប្រឆាំង​មិន​ចូល​សភា ដោយនៅ​បន្ដធ្វើ​ពហិការ គឺ​មិន​អនុញ្ញាតិ ឲ្យ​រដ្ឋមន្ដ្រី ដែលជា​សមាជិក​រាជរ​ដ្ឋា​ភិ​បាល ទៅ​ឆ្លើយ​សំណួរ តាម​ការកោះអញ្ជើញ​រប​ស់​គណបក្សប្រឆាំង​ទេ​…”​។​

​លោក​ស៊ុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង បញ្ជាក់ថា ការគ្រោង​កោះហៅ​រដ្ឋមន្ត្រី​ដំបូង​ដើម្បី​ចូលទៅ​បំភ្លឺ​ក្នុង​រដ្ឋសភា​ខាងមុខនេះ គឺមាន​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​បន្ទាប់មក គឺ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​លោក ស៊ុន ឆ័យ ថ្លែងថា ការប្រកាស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​មិន​ឲ្យ​រដ្ឋមន្ត្រី​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​នោះ​គឺ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ​មាត្រា​៩៦ ដែល​បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ក្នុង​រដ្ឋសភា ៖ “…​យើង​សាកល្បង​មើលថា តើ​នៅពេល​យើង​ដាក់​លិខិត​ទៅ មានប្រតិកម្ម​អី​ខ្លះ​? ជួនកាល​ប្រសាសន៍​នាយករដ្ឋមន្ត្រី​អាច​នៅពេល​គាត់​មិន​សប្បាយចិត្ត​…”​។​

​លោក ស៊ុន ឆ័យ អះអាង​ទៀតថា មូលហេតុ​ដែល​លោក​ចង់​កោះហៅ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នេះ​គឺ​ដោយសារ​មាន​មន្ទិលសង្ស័យ​ជុំវិញ​ការទិញ​ថាមពល​អគ្គិសនី​ពី​ក្រុមហ៊ុន​មួយ​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ មក​ផ្គត់ផ្គង់​បន្ថែម​នៅ​ទីក្រុង​ភ្នំពេញ ដែល​លោក​បញ្ជាក់ថា​គ្មាន​ការដេញថ្លៃ​ត្រឹមត្រូវ និង​មានតម្លៃ​ថ្លៃ​ជាង​ពីរដង​នៃ​តម្លៃ​អគ្គិសនី​ដែល​ទិញ​ពី​ប្រទេស​ឡាវ​។​

​ក្រៅពីនេះ លោក​ក៏​ចង់​ឲ្យ​បកស្រាយ​បន្ថែមទៀត​ជុំវិញ​បញ្ហា​ការ​បូម​ខ្សាច់​តាម​ដង​ទន្លេមេគង្គ​ដែល​បណ្ដាល​ឲ្យ​បាក់​ច្រាំង​បង្ក​ប៉ះពាល់​ទៅដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​បញ្ហា​តួលេខ​មិន​ច្បាស់លាស់​នៃ​ការនាំ​ខ្សាច់​ប្រភេទ​ស៊ី​លីកា ឬ​ខ្សាច់​ស ទៅ​លក់​នៅក្រៅ​ប្រទេស​។​

​រីឯ​ការហៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មក​ឆ្លើយ​សំណួរ​ក្នុង​សភា​នេះ ទាក់ទង​ការមិន​អនុញ្ញាតអោយ​កម្មករ​ឈប់សម្រាក​គ្រប់គ្រាន់​ដើម្បី​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់​នាពេល​កន្លងទៅ​។​

​ជុំវិញ​បញ្ហា​នេះ លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ឆ្លើយ​ប្រាប់​វិទ្យុ​មួយ​ថា​«​មកពី​លោក​សុន ឆៃ មិន​យល់​អស់ពី​ច្បាប់បោះឆ្នោត​បច្ចុប្បន្ន​…៕

​លោក​សុខ ឥសាន​(​ស្តាំ​) និង​លោក​សុន ឆៃ​