សុរ៉ា​ម​ភូមិ គំរាម​អ្នកកាសែត​ដែល​ចុះ​រឿង​ជម្លោះ​លោក​នឹង​អ្នកស្រី សរ កេស​រ៉ា​

1629
ចែករម្លែក
  • 72
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: ជាតា​រា​និង​អ្នកដឹកនាំ​លោក សុរ៉ា​ម​ភូមិ នៅតែ​បង្ហាញ​គោលជំហរ​ដដែល​មិន​បកស្រាយ​រឿង​សង្ស័យ​យក​សាច់រឿង​របស់គេ​ទៅ​លក់​បន្ត ហើយ​បន្ថែម​ការ​បរិហាកេរ្តិ៍ និង​វិភាគ​គ្មាន​សីលធម៌ ដាក់​អ្នកស្រី សរ កេស​រ៉ា​។ ជាមួយគ្នា​នោះ លោក​ក៏​មិន​ព្រម​ចេញមក​បកស្រាយ​ជាមួយ​ក្រសួង​វប្បធម៌ ហើយ​ថែមទាំង​គំរាម​អ្នកកាសែត​ដែល​បន្ត​ចុះផ្សាយ​។

​លោក សុរ៉ា​ម​ភូមិ បន្ត​ការ Live វីដេអូ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ដោយ​ធ្វើការ​វាយប្រហារ​ប្រមាថមើលងាយ លើ​តារា​ជើងចាស់ មិន​សំចៃមាត់​ម្តង​ហើយ​ម្តងទៀត សូម្បីតែ​ខាង​ក្រសួង​វប្បធម៌​ក៏​លោក​មិន​ខ្វល់​ឡើយ​។

​ប៉ុន្តែ​ជា​រឿង​មួយ​នឹកស្មាន​មិន​ដល់​ទេ ដោយ​លោក​បែរជា Live វីដេអូ ជា​សាធារណៈ​វាយប្រហារ មើលងាយ បរិហាកេរ្តិ៍​ឈ្មោះ​លោកស្រី បំផ្លាញ់​ជាន់ឈ្លី ដោយ​មិន​សមនិង​អ្វីដែល​ជាការ​ចោទសួរ​ទាល់តែសោះ​។ ដោយ​លោក​បែរជាយក​រឿង​ផ្ទាល់ខ្លួន​របស់លោក​ស្រី មក​បរិហាកេរ្តិ៍​គេ​ជា​សាធារណៈ​ទាំង​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​យក​រឿង​ផ្ទាល់​របស់​អ្នកស្រី សរ កេស​រ៉ា មក​វិភា​គជា​មនុស្ស​មិនល្អ​គ្រប់ ប្រៀបធៀប​ទៅនឹង​តារា​ជើងចាស់​ដូចគ្នា​គឺ អ្នកស្រី ឌី សា​វ៉េ​ត​។

​សម្រាប់​រឿង​មួយ​នេះ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ថា​ហេតុអ្វី​លោក សុរ៉ា​ម​ភូមិ មិន​ព្រម​ចេញមក​តទល់​ជាមួយ​អ្នកស្រី សរ កេស​រ៉ា និង​ក្រសួង​វប្បធម៌​វិចិត្រ និង​សិល្បៈ ក្នុងនាម​ជា​អ្នកសិល្បៈ​ជា​មនុស្ស​មហាជន​ធ្វើជា​គំរូ​ល្អ បែរជា​ប្រើ​ពាក្យសម្តី​វាយប្រហារ ហែកហួរ​រឿង​ជីវិត​ផ្ទាល់​ខ្លួនគេ ហើយ​ថែមទាំង​វិភាគ​ថា ម្ចាស់​ផលិតកម្ម សរ កេស​រ៉ា មាន​សរសៃ​ប្រាសាទ ធ្វើជា​សួរ​បែប​ប្រមាថ​ជីវិត​គេ​ថា រស់​បាន​ដល់​ពេលណា និង​មាន​ពាក្យសម្តី​មិន​សមរម្យ​ជាច្រើន​ទៀត​។ ការដែល​លោក​បង្ហាញ ប្រតិកម្ម​បែបនេះ​ម្តង​ហើយ​ម្តងទៀត ក្នុង​ចេតនា​មួយ​ចង់​បញ្ឆេះ ឲ្យ​គេ​ចេញមុខ​ឈ្លោះ​ជាមួយ​លោក​ឬ​យ៉ាងណា​។

​ក្រោយមកទៀត​សង្កេតឃើញថា លោក​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​តបត​ទៅនឹង​ការចុះផ្សាយ​របស់​អ្នក​សារព័ត៌​ជាច្រើន ដែល​បាន​ចុះផ្សាយ​ថា តារា​ជើងចាស់ សរ កេស​រ៉ា មាន​មន្ទិល​សង្ស័យថា លោក​អាច​យក​សាច់រឿង​ដែល​លោក​ធ្លាប់​សរសេរ​ឲ្យ​ផលិតកម្ម របស់លោក​ស្រី​ទៅ​ផលិត​ឲ្យ​ផលិតកម្ម​ផ្សេង ដោយ​មិនបាន​សួ​នាំគ្នា​ជាមុន ហើយ​មិនតែប៉ុណ្ណោះ​ក៏​មានការ​សំណូមពរ ឲ្យ​លោក​បកស្រាយ​ជុំវិញ​មន្ទិល​ទាំងអស់នេះ ដោយ​ប្រកាន់ខ្ជាប់​គុណធម៌ និង​សីលធម៌​។

​ទស្សនិកជន​ភាគច្រើន​ដែល​ឃើញ​ការ live របស់លោក សុរ៉ា​ម​ភូមិ កាន់តែ​មិន​យល់​ទៀតថា ក្នុងនាម​លោក​ជា​អ្នកសិល្បៈ​ហេតុ​អី​ចាំបាច់ បង្ហាញ​ប្រតិកម្ម​មិន​ឈប់​មិន​ឈរ​បែបនេះ បើ​គិតថា​ខ្លួន​ត្រូវ​ហេតុអ្វី មិន​ទៅ​ជួប​តទល់​គ្នា​ដោះស្រាយ​គ្នា​ទៅក្នុង​នាម​ជា​អ្នកសិល្បៈ ដោយមាន​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ​ជា​អ្នក​ជួយ​ដោះស្រាយ​។

​ជាការ​សោកស្តាយ​សម្រាប់​តារា​សម្តែង​ប្រុស​រូបនេះ បានគិត​ខុស​នៅក្នុង​ការ live ជា​លើក​ទី​២ ដែល​លោក​បាន​ថែមទាំង​វាយប្រហារ និង​ធ្វើ​ឲ្យ​មហាជន​ភ័ន្តច្រឡំ មកលើ​សារព័ត៌​មានធ្ងន់​ពេក ដោយបាន​ចោទប្រកាន់ថា អ្នកសារព័ត៌មាន​កាន់​ជើង​ភាគី​អ្នកស្រី សរ កេស​រ៉ា​។​

​ទាក់ទិន​រឿងនេះ អ្នកស្រី សរ កេស​រ៉ា បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា រឿងនេះ​អ្នកស្រី​មិន​បកស្រាយ​អ្វី​ឡើយ ព្រោះ​អ្នកស្រី​មាន​ឯកសារ និង ភស្តុតាង​ត្រឹមត្រូវ សូម្បីតែ​ក្រសួង​វប្បធម៌​វិចិត្រ​និង​សិល្បៈ​ដឹងឮ និង​ទទួលស្គាល់​ស្នាដៃ​របស់​អ្នកស្រី​។ អ្នកស្រី​សូម​រក្សា​ភាព​ស្ងៀមស្ងាត់​ប៉ុណ្ណោះ ទុកឱ្យ​ក្រសួង​ជា​អ្នកដោះស្រាយ​។

​អ្នកស្រី សរ កេស​រ៉ា បាន​ប្រាប់ថា រឿង​អ្នកសារព័ត៌មាន​ចុះផ្សាយ​នោះ គឺជា​សិទ្ធិ​របស់​ស្ថាប័ន​នីមួយៗ អ្នកស្រី​មិន​ធ្វើអំពើ​ជួល​ឱ្យទៅ​ចុះផ្សាយ​រឿង​របស់លោក សុរ៉ា​ម​ភូមិ ឡើយ​ដោយ​គ្មាន​ក្រមសីលធម៌ ព្រោះ​អ្នកស្រី​ធ្វើការ​រាប់​ឆ្នាំ​មកហើយ មិនមែន​មិនដឹង​ច្បាប់ទម្លាប់​ឡើយ​។ សម្តី​របស់លោក សុរ៉ា​ម​ភូមិ ដែល​ចោទប្រកាន់​ក្នុងន័យ “​បរិហាកេរ្តិ៍​” ទាំង​មកលើ​អ្នកស្រី និង ស្ថាប័ន​សារព័ត៌មាន​ជាច្រើន​នោះ​អាច​ប្រឈមមុខ​ផ្លូវច្បាប់​៕ ល​