សុវត្ថិភាព​ផ្លូវថ្នល់​គឺជា​ទំនួល​ខុសត្រូវ​របស់​បុគ្គល​គ្រប់រូប​

621

ដោយ​: សុផល / ភ្នំពេញ​: ដោយមាន​មនុស្ស​ជាង ១.២​លាន​នាក់​បាន​បាត់បង់​ជីវិត​នៅលើ​ផ្លូវថ្នល់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ក្នុងនោះ មាន​អ្នកស្លាប់​ប្រមាណ​១២០,០០០​នាក់​នៅក្នុង​តំបន់​អាស៊ាន ទើបបានជា​មហាសន្និបាត​អង្គការសហប្រជាជាតិ UNGA នៅតែ​បន្ត​គាំទ្រ និង​តស៊ូ​មតិ​យ៉ាង​មុតមាំ ចំពោះ​សុវត្ថិភាព​ផ្លូវថ្នល់ ដោយ​ផ្អែកលើ​ការ​ប្រកាសថា​ឆ្នាំ ២០១១ ដល់ ២០២០​ជា «​ទសវត្ស​នៃ​ចំណាត់ការ​ដើម្បី​សុវត្ថិភាព​នៅលើ​ដងផ្លូវ​»​។​

​យានយន្ត​ដែល​បាន​ចុះ​ប​ញ្ជើ​នៅ​ប្រទេស​កម្ពុជា​គឺមាន​ចំនួន​៣.៧ លាន​គ្រឿង​នៅក្នុង​ឆ្នាំ ២០១៧ ដែលជា​ការកើនឡើង​ប្រមាណ ១៦% ប្រចាំឆ្នាំ​។ ស្របគ្នា​នេះដែរ អត្រា​នៃ​ការស្លាប់​លើផ្លូវ​ថ្នល់​ក៏​បន្ត​កើនឡើង​ផងដែរ ដែល​ចំនួន​ប្រហែលជា ១,៧៨០ នាក់​កាលពី​ឆ្នាំទៅ​។ គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​កើតឡើង​ក្នុង​កំឡុង​ពិធីបុណ្យ​ផ្សេងៗ​ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ​នៅពេលដែល​ចរាចរណ៍​មាន​ភាព​មមាញឹក​ខ្លាំង​បំផុត​។​
​នៅ​ខែមេសា​ឆ្នាំ ២០១៨ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​កត់ត្រា​ការស្លាប់​សរុប ៤៧ នាក់ និង​របួស ១៤៣ នាក់​ក្នុងអំឡុងពេល​អង្កេត​ការណ៍ ៣ ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​។ ដូចគ្នានេះដែរ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​កន្លងទៅនេះ យ៉ាងហោចណាស់​មាន​គ្រោះថ្នាក់​ចំនួន​៥៣​ករណី ក្នុងនោះ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ និង​របួសធ្ងន់​៨៥​នាក់ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏​ព្រោះតែ​កំឡុង​ពេលនោះ​ជា​ពេលដែល​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ត្រលប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​។​
​រាល់​គ្រោះថ្នាក់​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ក្នុងអំឡុង​រដូវ​បុណ្យទាន​ភាគច្រើន​គឺ​ដោយសារតែ​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ការបើកបរ​ហួស​ល្បឿន​កំណត់ ការ​ងងុយគេង​ពេល​បើកបរ ការ​ជែង​គ្នា​និង​បញ្ហា​យាន្ត​ជំនិះ​។​៨០%​នៃ​រថយន្ត​ដែល​ធ្វើចរាចរ​តាម​ដងផ្លូវ​នៅ​កម្ពុជា​គឺជា​រថយន្ត​ជជុះ​ហើយ​ជារឿយៗ​រថយន្ត​ទាំងនេះ​មាន​បញ្ហា​បច្ចេកទេស​ដូចជា​បញ្ហា​កង់ឡាន​ប្រព័ន្ធ​ហ្វ្រាំង ឬ​ប្រព័ន្ធ​ចង្កូត​ដែល​តម្រូវ​ឲ្យ​មានការ​ពិនិត្យ​បច្ចេកទេស​ហ្មត់ចត់​។​

​លោក ហៃ ភិរម្យ អគ្គនាយក​ក្រុមហ៊ុន Bosch ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ មនុស្ស​រាប់លាន​នាក់​បាន​ស្លាប់​ឬ​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្គត់ផ្គង់​បច្ចេកវិទ្យា​យានជំនិះ​Bosch​បានរួម​ចំណែក​លើកស្ទួយ​និង​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​យានយន្ត​ជាច្រើន​ឆ្នាំ​មកហើយ​»​។ លោក​បាន​បន្តថា​៖ «​គ្រោះថ្នាក់​ជាច្រើន​អាច​រារាំង​បាន​ដោយ​ការបំពាក់​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​ទៅលើ​យានយន្ត​»​។ នៅ​ប្រទេស​កម្ពុជា Bosch​មានបំណង​ចង់​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ ពាក់ព័ន្ធ​ដើម្បី​ចែករំលែក​ចំណេះដឹង និង​ជំនាញ​លើ​ការបង្កើន​កម្រិត​នៃ​ការយល់ដឹង​អំពី​តម្រូវការ​ចាំបាច់ ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​នៅលើ​ផ្លូវថ្នល់​និង​យានយន្ត​។​

​លោក Martin Hayes នាយក​ក្រុមហ៊ុន Bosch នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រសា​ស​ន៏​ថា​៖ «​ការស្លាប់​និង​ការរង​របួស​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក មិន​ត្រឹមតែ​ធ្វើឱ្យ​ខាតបង់​ខាង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ វា​ក៏បង្ក​ឲ្យ​មានការ​រងទុក្ខវេទនា​និង​ទុក្ខសោក​ដែល​មិនអាច​កាត់ថ្លៃ​បាន​»​។ លោក​បាន​បន្តថា​៖«Bosch នឹង​បន្តធ្វើ​ការស្រាវជ្រាវ​និង​វិនិយោគ​លើ​ការអភិវឌ្ឍ​ជាច្រើន ដោយ​ផ្អែកលើ​ការបង្កើត​បច្ចេកវិទ្យា ដែល​អាចជួយ​ជីវិត​មនុស្ស​បាន​។ នេះ​រួមទាំង​ការបង្កើត​ផលិតផល និង ដំណោះស្រាយ​ដែល​អាចធ្វើ​ឲ្យ​ផ្លូវថ្នល់​និង​យានយន្ត​មាន​សុវត្ថិភាព​ជាង​មុន​»​។​

​ក្នុងចំណោម​ការច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​របស់​ក្រុមហ៊ុន Bosch ក្នុង​វិស័យ​សុវត្ថិភាព​យានយន្ត ក្នុងនោះ​ក៏មាន​ប្រព័ន្ធ Anti-Lock Braking System (ABS) ដែលជា​ប្រព័ន្ធ​សម្រាប់​ជួយ​មិនឱ្យ​គាំង​កង់​រថយន្ត​ពេល​ចាប់​ហ្វ្រាំង​។​ប្រព័ន្ធ​នេះ​ត្រូវបាន​ណែនាំ​សម្រាប់​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ឆ្នាំ ១៩៧៨ និង​សម្រាប់ទោ​ចក្រយានយន្ត នៅ​ឆ្នាំ ១៩៩៥​។ បច្ចេកវិទ្យា​នេះ​ត្រូវបាន​ពង្រឹង​បន្ថែមទៀត​ជាមួយនឹង​ការអភិវឌ្ឍ​ន៏​បច្ចេកវិទ្យា​រក្សា​លំនឹង​យានយន្ត​អេ​ឡិច​ត្រូ​និ​ច (Electronic Stability Program ឬ ESP®) ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ដែល​បច្ចេកវិទ្យា​នេះ​អាច​តាមដាន​ចលនា​រអិល​របស់​រថ​យន្ត​ហើយ​ទប់ស្កាត់​ការ​រអិល​នោះ​ដើម្បី​បង្កើន​សុវត្ថិភាព​ក្នុងពេល​បើកបរ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ៧៤​ភាគរយ​នៃ​យានយន្ត​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​បំពាក់​ជាមួយ ESP®​ហើយ​បច្ចេកវិទ្យា​នេះ​បាន​រារាំង​មិន​ឲ្យ​មាន​គ្រោះថ្នាក់​ជាង​២៦០,០០០ ករណី​នៅ​អឺរ៉ុប (​គិត​ត្រឹម​ឆ្នាំ ២០១៤) ។​

​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​៩០​ភាគរយ អាច​កើតឡើង​ដោយសារ​កំហុស​របស់​អ្នកបើកបរ ឧទាហរណ៍​នៅពេលដែល​អ្នកបើកបរ​មិន​គិតថា​ស្ថានភាព​ផ្លូវ​ជា​ស្ថានភាព​គ្រោះថ្នាក់ ឬ​ហានិភ័យ​ចំពោះមុខ​មិនត្រូវ​បាន​វិនិច្ឆ័យ​ត្រឹមត្រូវ​ហើយ​អ្នកបើកបរ​មានប្រតិកម្ម​យឺត​ពេក​ឬ​មិន​ត្រឹមត្រូវ​។ ដោយ​ប្រើប្រាស់​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការស្រាវជ្រាវ​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​គ្នា​ជាច្រើន Bosch​បាន​បង្កើត​ប្រព័ន្ធ​ជំនួយ​ដល់​អ្នកបើកបរ​រថយន្ត ដែលមាន​លក្ខណៈ​ឆ្លាត​វាងវៃ ដូចជា​ហ្វ្រាំង​សង្គ្រោះបន្ទាន់​ស្វ័យប្រវត្តិ​( Automatic Emergency Braking ឬ AEB) ប្រព័ន្ធ​ជំនួយការ​រក្សា​ឡាន​ឲ្យ​នៅ​ត្រូវ​ជួរ (Lane Keeping Support) និង​ប្រព័ន្ធ​ជំនួយ​ការមើល​កញ្ចក់​ចំហៀង​( Side View Assist )​ដែល​ជួយ​ដល់​អ្នកបើកបរ​ក្នុងស្ថានភាព ចរាចរណ៍​ដែល​ស្មុគស្មាញ ឬ ស្ថានភាព​គ្រោះថ្នាក់​។ ប្រព័ន្ធ​ទាំងនេះ​គ្រប់គ្រង​លើ​ស្ថានភាព​នៃ​ការបើកបរ​ប្រចាំថ្ងៃ​បាន​យ៉ាង​ទូលំទូលាយ និង​ជាការ​បោះជំហាន​ដ៏​សំខាន់​ក្នុងការ​ធ្វើដំណើរ​ដោយ​គ្មាន​គ្រោះថ្នាក់ និង​គ្មាន​ភាព​តានតឹង​នៅ​ថ្ងៃ​អនាគត​។​

​ចំនួន​រថយន្ត​កើនឡើង​កាន់តែច្រើន បង្កើន​ហានិភ័យ​នៃ​ការប៉ះទង្គិច​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ផងដែរ​។ ហ្វ្រាំង​សង្គ្រោះ​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (AEB) ដោយមាន​មូលដ្ឋាន​លើ​បណ្តាញ​ឧបករណ៍​ចាប់​សញ្ញា​នៅក្នុង​ប្រព័ន្ធ ESP® អាចជួយ​កាត់បន្ថយ​ស្ថានភាព​នេះ​បាន​។ ដោយ​ផ្អែកលើ​ការវិភាគ​ចរាចរណ៍​ជា​បន្តបន្ទាប់ រួមជាមួយ​ការស្វែងរក​ចំនុច​ស្មុគស្មាញ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ប្រព័ន្ធ AEB ក៏មាន​លក្ខណៈ​ចាប់​ហ្វ្រាំង​ពាក់កណ្តាល​ដោយ​ស្វ័យប្រវត្តិ ដើម្បី​កាត់បន្ថយ​ល្បឿន​រថយន្ត​។ ប្រសិនបើ​អ្នកបើកបរ​នៅ​មិន​ជាន់​ហ្វ្រាំង AEB នឹង​ចាប់​ហ្វ្រាំង​ពេញលេញ​ដើម្បី​ចៀសវាង​ការប៉ះទង្គិច​ជាមួយ រថយន្ត​ខាងមុខ​។ ក្នុងករណី​ដែល​ការប៉ះទង្គិច​គ្នា​មិនអាច​ជៀសវាង​បាន​យ៉ាងហោចណាស់ ក៏​ការធ្វើអន្តរាគមន៍ ដោយ​ប្រព័ន្ធ​នេះ អាច​កាត់បន្ថយ​កំរិត​គ្រោះថ្នាក់​ដល់​យានយន្ត និង​អ្នកបើកបរ​រួម​ជាមួយនឹង​អ្នកដំណើរ​ផងដែរ​។​

​ប្រព័ន្ធ​ជំនួយការ​រក្សា​រថយន្ត​ឲ្យ​នៅ​គន្លង​ផ្លូវ (LKS) ជួយ​ដល់​អ្នកបើកបរ​រក្សារ​ថ​យន្ត​អោយនៅ​គន្លង​ផ្លូវ​បាន​ត្រឹមត្រូវ​។ ការប្រើ​កាមេរ៉ា​វីដេអូ​ដើម្បី​កំណត់​គន្លង​ផ្លូវ​នៅ​ពីមុខ​ឡាន LKS អាច​កំណត់​បាន​រហូតដល់​៤​ជួរ បើទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​មើល​មិនសូវ​ច្បាស់​ក៏ដោយ​ក៏​ប្រព័ន្ធ​នេះ ឆ្លើយតប​ទៅនឹង​ការ​កាច់ចង្កូត​មិន​ប្រក្រតី​របស់​អ្នកបើកបរ ដើម្បី​ធានា​ឱ្យបាន​ថា​អ្នកបើកបរ​នៅត្រង់​គន្លង​ផ្លូវ​។ អ្នកបើកបរ​អាច​បត់​ចង្កូត​បាន​នៅពេលដែល​កាច់​សញ្ញា​បត់​ឆ្វេង ឬ​ស្តាំ នេះ​ជាស​ញ្ញា​ដែល​ប្រាប់​ប្រព័ន្ធ LKS នេះ​ថា​អ្នកដំណើរ​មាន​ស្មារតី​ត្រឹមត្រូវ និង​អាច​គ្រប់​គ្រង់​យានយន្ត​បាន​វិញ​ហើយ​។ នៅពេល​បើកបរ អ្នកបើកបរ​ផ្តោត​សំខាន់​មើលទៅ​ខាងមុខ​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនបាន​មើល គ្រប់​ទិសដៅ រួមទាំង​ផ្នែក​សងខាង​នៃ​រថយន្ត​ផងដែរ​។ វា​អាច​នឹង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​អ្នកបើកបរ ក្នុងការ​វាយតម្លៃ​ស្ថានភាព​ខាងក្រៅ​ជុំវិញ​រថយន្ត​របស់​ពួកគេ នៅពេល​ធ្វើ​សកម្មភាព​ផ្សេងៗ ដូចជា​ការប្តូរ​គន្លង​ផ្លូវ​បើកបរ ។ ប្រព័ន្ធ​ជំនួយ​ការមើល​កញ្ចក់​ចំហៀង (SVA) ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​បច្ចេកវិទ្យា​ជំនួយ​នៅ​ចំនុច​មើលមិនឃើញ (Blind Spot Technology) ដែល​ភ្លាមៗ​នោះ​វា​នឹង​បង្ហាញ​សញ្ញា​ព្រមាន​នៅលើ​កញ្ចក់​ចំហៀង​នៃ​រថយន្ត​។ សម្រាប់ទោ​ចក្រយានយន្ត ការព្រមាន​នេះ​លេច​ឡើងជា​សញ្ញា​អុ​ប​ទិ​កនៅ​ជិត​កញ្ចក់​។ ឧបករណ៍​ចាប់​សញ្ញា​ដ៏​ឆ្លាត​វៃ​ក៏​អាច​ចាត់ថ្នាក់​វត្ថុ​ដែល​ត្រូវ​វា​ចាប់បាន ដើម្បី​ជៀសវាង​ការជូនដំណឹង​ហានិភ័យ​មិន​ត្រឹមត្រូវ​។ បច្ចេកវិទ្យា​ជំនួយ​នៅ​ចំនុច​មើលមិនឃើញ​គឺជា​ផ្នែក​មួយ នៃ​កម្មវិធី​ត្រួតពិនិត្យ​យានយន្ត​ថ្មី​របស់​អាស៊ាន​ដែល​ហៅថា​ASEAN New Car Assessment Program ឬ​NCAP នៃ​ឆ្នាំ ២០១៧- ២០២០ ក្រោម​ផ្នែក​ជំនួយ​សុវត្ថិភាព ដែលជា​លក្ខខណ្ឌ​កំណត់​មួយ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​។​

​របាយការណ៍​ឆ្នាំ ២០១៨ ដែល​បានចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​ធ្វើ​ឲ្យ​ប្រទេស​ខាតបង់​ប្រមាណ​ជា ៣ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​នឹង​ក្លាយទៅជា​មូល​ហេតុដែល​បណ្តាល​ឲ្យ​មានការ​ស្លាប់​លំដាប់​លេខ​៧​ក្នុង​ពិភពលោក​នា​ឆ្នាំ ២០៣០ ប្រសិនបើ​គ្មាន​វិធានការ​ទ្រទ្រង់​ណាមួយ​ទទួលបាន​ជោគជ័យ​នោះទេ​។​

​លោក Hayes បាន​ថ្លែង​ជា​ចុងក្រោយ​ថា​៖ “Bosch ជឿជាក់ថា​មានតែ​សកម្មភាព​រួមគ្នា​ទេ​ដែល​យើង​អាច​ឃើញ​ការផ្លាស់ប្តូរ​បាន​។ យើង​សូម​អំពាវនាវ​ឲ្យ​មានការ​ពិភាក្សា​និង​សហការ​យ៉ាងសកម្ម​រវាង​រដ្ឋាភិបាល សមាគមន៍​វិទ្យាសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល ឧស្សាហកម្ម​យានយន្ត និង​សាធារណជន​ទូទៅ​ដើម្បី​ទាញយក​អត្ថប្រយោជន៍ នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ននេះ ដើម្បី​ធ្វើ​ឲ្យ​ផ្លូវថ្នល់​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​។ យើងទាំងអស់គ្នា​មានការ​ទទួលខុសត្រូវ​រួមគ្នា​ក្នុង​ការធានា ឱ្យបាន​នូវ​អាស៊ាន​នា​ថ្ងៃ​អនាគត​មួយ ដែល​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ Bosch គាំទ្រ​យ៉ាង​មត់​មាំ​នូវ​ទស្សនវិស័យ​មួយ​នេះ​»៕ ល​