សុំ​ជួសជុល​ប្រាសាទទឹកឆា​ស្រុក​ព្រៃឈរ​ឡើងវិញ​ដែល​រង​ការបាក់​ស្រុត​

2169
ចែករម្លែក

​​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បានដាក់​សំណើ​ទៅ​ក្រសួង​ដើម្បី​សុំ​ជួសជុល​ប្រាសាទព្រះធាតុ​ទឹកឆា​ស្ថិតក្នុង​ឃុំ​ក្រូច​ស្រុក​ព្រៃឈរ​ដែល​បាននិងកំពុង​រង​ការ​ប្រេះស្រាំ​ពុកផុយ​និង​ស្រុត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។​ដើម្បី​សង្គ្រោះ​និង​លើក​សម្រស់​ប្រាសាទ​មួយ​នេះ​ឡើងវិញ​។​

​លោក​ជួន​សុផាត​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្ប​:​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​កាលពី​សប្តាហ៍​កន្លងទៅនេះ​ថា ខាង​លោក​បានដាក់​សំណើសុំ​ជួសជុល​”​ប្រាសាទព្រះធាតុ​ទឹកឆា​”​ទៅកាន់​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: រួចហើយ​។ ដោយនៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ខាង​នាយកដ្ឋាន​បាន​ហៅ​លោក ដើម្បី​ជជែក​ពិភាក្សា​បញ្ហា​ជួសជុល​ប្រាសាទ​មួយ​នេះ​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​”​ប្រាសាទព្រះធាតុ​ទឹកឆា​”​បាន​សាងសង់​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វ​រ័​ន្ម​ទី​១ នៃ​គ្រិស​ក​រាជ ១០២៥​។ មាន​ទទឹង​ប្រវែង ៧,៣០ ម៉ែត្រ , បណ្តោយ​ប្រវែង ៧,៨០ ម៉ែត្រ និង​កម្ពស់​១០​ម៉ែត្រ​។​ជា​ប្រាសាទ​សង់​អំពី​ដីឥដ្ឋ​ដែលមាន​ទំហំ​ធំជាងគេ​ក្នុងចំណោម​ប្រាសាទ​ចំនួន​ជាង​៣០​កន្លែង​ដទៃ​ផ្សេងទៀត ដែល​បាន​សង់​ដំណែលៗ គ្នា លើ​ផ្ទៃដី​ទំហំ ១៥ ហិកតា នៃ​តំបន់​ទឹកឆា ស្រុក​ព្រៃឈរ ដែលមាន​ចម្ងាយ​ជាង​៤០ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម​។​
​ ​
​លោក ថាំង ធា​ម ជា​ឆ្មាំ​ប្រាសាទព្រះធាតុ​ទឹកឆា​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​តំបន់​ទឹកឆា​មាន​ប្រាសាទ និង​ស្រះ​ទឹក​បុរាណ​ច្រើន​កន្លែង​ដូចជា​ប្រាសាទ​ស្រី ប្រាសាទ​ប្រុស ប្រាសាទ​ស្រី​គ្រប់​លាក់ … ជាដើម​។ ប៉ុន្តែ​ប្រាសាទ​ទាំង​នោះបាន​បាក់បែក ជ្រុះ​ធ្លាក់ រាយមាយ សល់​តែ​បំណែក​ថ្ម និង​តួ​ប្រាសាទ​មួយចំនួន​។
ដោយឡែក​មានតែ​ប្រាសាទ​ព្រះ​ទឹកឆា​នេះ ដែល​នៅ​ល្អ​ជាង​ប្រាសាទ​ផ្សេងទៀត​។​តែងមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានមក​ទស្សនា​កម្សាន្ត​ជាប្រចាំ នា​ថ្ងៃបុណ្យ​។​

បុរស​ជា​ឆ្មាំ​បា​សាទ​មាន​វ័យ ៤៧ ឆ្នាំ​រូបនេះ​បានដឹង​ទៀតថា ប៉ុន្តែ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​”​ប្រាសាទព្រះធាតុ​ទឹកឆា​”​ហាក់​បាន​ស្រុតចុះ​គ្រឹះ​តួ​ប្រាសាទ​ទាំងមូល​ក្នុង​មួយឆ្នាំ​ប្រហែល ០,០៣ ម៉ែត្រ​។​ដោយ​សព្វថ្ងៃ​ខុស​នឹង​គ្រឹះ​ចាស់​ដើម​ប្រមាណ​០,៣០​ម៉ែត្រ​គឺ​បណ្តាល​ពី​ដំបូល​បាន​ជួស​ជុស​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​បាន​ប្រេះ​ទឹកភ្លៀង​លិច​ជ្រាប​ចូលក្នុង​ប្រាសាទ​និង​ម្យ៉ាង​តួ​ប្រាសាទ​ក៏បាន​រង​ការ​ប្រេះស្រាំ​ស្រាប់​ដោយ​ការទម្លាក់​គ្រាប់បែក តាំងពី​សម័យ​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ផងដែរ​៕S/

​សុំ​ជួសជុល​ប្រាសាទទឹកឆា​ស្រុក​ព្រៃឈរ​ឡើងវិញ​ដែល​រង​ការបាក់​ស្រុត​