សុំ​បែក​ពី​សង្សារ​មិនបានយក​ខ្សែ​រឹត​ក រួច​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម​

1145
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/ មណ្ឌលគិរី ៖ ​ស្ត្រី​ជនជាតិ​ព្នង​ម្នា​ក់បាន​រួច​ផុតពី​សេចក្តីស្លាប់ បន្ទាប់ពី​ត្រូវ​បុរស​ជា​សង្សារ​ប្រើ​ខ្សែរកាបូប​ប្រវែង​ជាង​កន្លះ​ម៉ែត្រ​រឹត​ក ដើម្បី​ផ្តាច់ជីវិត​នោះ​។ ហេតុ​ការណ៍ប៉ុនប៉ង​សម្លាប់នេះ​កើត​ឡើងលើ​កំពូលភ្នំ​ដោះ​ក្រមុំ ស្ថិត​ក្នង​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​នា​ម៉ោង​ប្រមាណ​១​និង​៣០​​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧ ​ខែឧសភា ​ឆ្នាំ​២០១៨​។

​ប្រភពពី​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​ក្រោយ​ភ្ញាក់​ពី​សន្លប់​លើ​គំនរ​សំរាម​ហើយ​នោះ បើ​ដើរ​ទាំង​រញីរញ័រ​សំដៅ​មក​ប៉ុស្តិ៍​សុខដុម​ដើម្បី​ប្តឹង​នគរបាល​ឱ្យជួយ​អន្តរាគមន៍​។

​អធិការនគរបាល​ក្រុង​សែន​មនោ​រម្យ​លោក​កាន់ ពេញ បានឱ្យដឹងថា​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកស្នងការ​ឡោ សុខា និង​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​លោក​សូ សុវណ្ណ​កម្លាំង​អធិការ​ក្រុង​និង​ប៉ុស្តិ​បាន​ចុះ​អនុវត្តន៍​អង្កេត​លើ​ករណីនេះ​ភ្លាមៗ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​។

​លោក​អធិការ​ថា​ឈ្មោះ​ញ៉ា​រ៉ា ស្រី​នាង អាយុ​២៣​ឆ្នាំ​ ជា​ជនជាតិ​ព្នង​ មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​រៀបរាប់ថា​

​ជនសង្ស័យ​ជា​ឈ្មោះ ឆុំ ដា​វីត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ដូង ឃុំ​តា​រ៉ុង ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម មុខរបរ​ជាង​កែច្នៃ​គ្រឿង​សង្ហា​រឹម​នៅ​កោះ​ញែក ស្នាក់​នៅផ្ទះ​បងនៅ​ភូមិ​ចំការ​តែ។គេ ជាស​ង្សា នឹង​គ្នា​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ​។​

​នារី​រងគ្រោះ​បន្តថា​នៅវេលា​ម៉ោង​១០​ថ្ងៃទី​៦​ឧសភា ជនសង្ស័យ បាន​ទូរសព័្ទមក​ជនរងគ្រោះ​ឲ្យ​មកជួប​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ ។ នៅពេលនោះ ជនសង្ស័យ​បាន​យក​ម៉ូតូ ដឹក​ជនរងគ្រោះ​ទៅ​ផ្លូវ​ច្រកចូល​ភ្នំ​​លោក​យាយ ។ ពេលទៅដល់​ភ្នំ​លោកយាយ លើ​ភ្នំ​ដោះ​ក្រមុំ​ជនសង្ស័យ​ក៏​ទាមទារ សុំ​បែក​ពី​ខ្លួន​(​ជនរងគ្រោះ​) តែ​ជនរងគ្រោះ​មិន​ព្រម​ហើយ​ខ្វែងគំនិត​គ្នា​ជនរងគ្រោះ​បាន​យំ​រហូត​អស់កម្លាំង​និង​មាន​អាកា​រៈ​ឈឺពោះ ក៏​ដេក​ទៅនឹង​ដី តែម្តង​។ នារី​ខាងលើ​បន្តថា លុះដល់​ម៉ោង ១​:​៣០​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៧​ឧសភា​ជនសង្ស័យ​បាន​បបួល​នាង​មក​ផ្ទះ​វិញ ។ តែ​នារី​រងគ្រោះ​ថា ចាំ​ខ្លួន​បាត់​ឈឺពោះ​សិន ។ បន្តិចក្រោយមក​ជនសង្ស័យ​ជាស​ង្សា​រនះ​ក៏បាន​​យក​ខ្សែ​កា​តាប​ពណ៌​ខ្មៅ​ប្រវែង​៥៤​សង់ទីម៉ែត្រ ​រឹត​ក​ជនរងគ្រោះ​ដោយ​ជនរងគ្រោះ​ផ្កាប់មុខ​ទៅនឹង​ដី។ ក្រោយពី​នាង​សន្លប់​បាត់ស្មារតី ជនសង្ស័យ​ក៏បាន​ដឹក​ជនរងគ្រោះ​យកទៅ​បោះចោល​នៅ​កន្លែង​ទីលាន​ចាក់សំរាម ស្ថិតក្នុង​ភូមិ​ឡៅ​ការ សង្កាត់​​សុខដុម ក្រុង​សែន​មនោ​រម្យ​។

​លោក​អធិការ​ក្រុង​បញ្ជាក់ថា​នៅ​ម៉ោង​ប្រមាណ​ជា​៥​ទាបភ្លឺ​ថ្ងៃទី​៧​ឧសភា សមត្ថកិច្ច​បាន​ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជនរងគ្រោះ​បាន​រៀបរាប់​ខាងលើ​។  ក្រោយ​ការឃាត់ខ្លួន​​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ខ្សែ​កាតា​ប​រឹត​ក ជនរងគ្រោះ ពេល​នាង​សន្លប់​និង​បន្ត​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម​ប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ តាម​​នីតិវិធី ៕​B