សុំ​មាន​វិធានការ​ផាកពិន័យ​ចំពោះ​អ្នក​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល​ដោយ​គ្មាន​ការទទួលខុសត្រូវ​

195

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​សមាជិក​ក្រុមប្រឹក្សា​រាជធានី​បានស្នើ​ដល់​មនុស្ស​ខ្លះ​កុំ​យក​បរិស្ថាន​អនាម័យ​រាជធានី​ភ្នំពេញ​ទៅ​ប្រដូច​នឹង​ទីក្រុង​ប្រទេស​នានា​ដែលមាន​ការអភិវឌ្ឍ​យូ​មកហើយ​។​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​២​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៤ ដើម្បី​ពិនិត្យ​និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៣​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​ពិនិត្យ​និង​អនុម័ត​សេចក្តីព្រាង​របាយ​ការ​ណ៏​ប្រចាំ​ខែតុលា ឆ្នាំ​២០១៨​ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​កាលពី​ព្រឹក​ថ្ងៃទី​៨​វិច្ឆិកា​នេះ​។​
​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​,​លោក ហួត ហៃ​,​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​។​ក្រៅពី​របៀប​វា​រះ​ដែល​បានគ្រោង​ទុក សមាជិក ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បានកត់សំគាល់​ទៅលើ​បញ្ហា​សំរាម និង​បរិស្ថាន​ក្នុង រាជធានី​ភ្នំពេញ​ដែល​នៅតែមាន​រាយប៉ាយ​សំរាម​តាម​ដងផ្លូវ និង​ទីសាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បណ្តា​យ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​
​ក្នុងនោះ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើកសំណើរ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​មានការ​រិត​បន្តឹង​វិធានការ​ផាកពិន័យ​ចំពោះ​អ្នក​បោះ​សំរាម​ចោល​ពាសវាល​ពាសកាល​ដោយ​គ្មាន​ការទទួលខុសត្រូវ​និង​សុំ​ប្រគល់​ភារកិច្ច​ផាក​ពិន​យ័​នេះ​ទៅអោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ជា​អ្នកអនុវត្ត​លោក វេ​ង ថៃ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​យើង​គួ​មើលទៅ​ទីក្រុង​ប្រទេស​គេ​នៅក្បែរ​យើង​ជា​បទពិសោធ​ន៏​គេ​រៀបចំ និង​ធ្វើ​អនាម័យ​ល្អ​ប្រជាជន​ពាក់អាវ​៣​ថ្ងៃ​ក៏​គ្មាន​ក្អែល​ប្រឡាក់​កអាវ​ដែរ​។​ម្យ៉ាងទៀត​បើ​ទីក្រុង​យើង ស្អាត ក៏​ជាការ​ទាក់ទាញ​ការចាប់​អារ​ម្ម​ណ៏​ពី​ភ្ញៀវទេសចរ​ណ៏​ផងដែរ​ទាំង​បរិស្ថាន​និង​វប្បធម៌​។​ជាមួយគ្នានេះ នៅ​រាល់​វេទិការ​សាធារណៈ​ម្តងៗ ប្រជាពលរដ្ឋ​បាន លើកឡើង​ដដែលៗ​បញ្ហា​រឿង​សំរាម​នេះ​។​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​កាន់តែ​សកម្ម និង​ឲ្យ​ក្លាយជា​ចលនា​អចិ​ន្ត្រៃ​យ៏​ថែមទៀត​ពី សំណាក់​ប្រជាពលរដ្ឋ​ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន​។​
​ក្នុងនោះ​លោក​ហួត ហៃ លើកឡើងថា​៖​ការ​ផាក​ពិន​យ័​រឿង​បោះ​សំរាម​ចោល​គ្មាន​របៀប រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​យន្តការ​រួចហើយ​រងចាំ​តែ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត​សិន​ទើប​អនុវត្ត​ការផាកពិន័យ ជា​ក្រោយ​។​លោក​អភិបាលរង​បន្តថា​៖​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៏ ដូច្នេះ​បញ្ហា បរិស្ថាន​ពិតជា​មិនអាច​ធ្វើ​ភ្លាម​ល្អ​ភ្លាម​បានទេ ហើយក៏​មិនអាច​ធ្វើការ​ប្រៀបធៀប ទៅនឹង​បរិស្ថាន សោ​ភណ្ឌ​ភាព​ទីក្រុង​នៃ​ប្រទេស​ផ្សេងៗ​ដែល​គេ​មានការ​អភិវឌ្ឍ យូ​ឆ្នាំ​បានឡើយ​។​តែ​កត្តា​សំខាន់​គឺ​ត្រូវមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទើប​ការងារ នេះ​ទទួលបាន​ជោគជ័យ​៕