សុំ​អន្តរាគមន៍​បន្ទាន់​នូវ​អគារ​សាលាសង្កាត់​កំពង់ចាម​ដែល​ប្រឈម​នឹង​អន្តរាយ​ពី​ការបាក់​ច្រាំងទន្លេ​

173
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ចៅសង្កាត់​កំពង់ចាម​អំពាវនាវ​សុំ​អន្តរាគមន៍​សង្គ្រោះបន្ទាន់​ម្តងទៀត​ពី​ស្ថាប័ន​ជំនាញ​ធនធានទឹក​និង​ឧតុនិយម​នូវ​អគារ​រដ្ឋបាល​សាលាសង្កាត់​ដែល​បាននិងកំពុង​រង​ការ​គំរាម​កំ​ហែល​ពី​ការបាក់​ស្រុត​មកដល់​នៃ​ច្រាំងទន្លេ​មេគង្គ​។​ក្រោយពី​ទឹកទន្លេ​មួយ​នេះ​បាន​ស្រក​ចុះ​យ៉ាងគំហុក​និង​ភ្លៀង​ធ្លាក់​ជាប់​ប្រមាណ​ពីរ​សប្តាហ៍​ដើមខែ​វិ​ចិ្ឆ​កា​នោះ​។​

​លោក ផ្លោក សុវណ្ណ ចៅសង្កាត់​កំពង់ចាម​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ១៨ វិច្ឆិកា ២០១៩​ថា នៅ​ម៉ោង ៤ រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខឿន​ច្រាំងទន្លេ​នៅ​ខាងក្រោយ​សាលាសង្កាត់​កំពង់ចាម​។​ដែល​ស្ថិត​ក្នុងភូមិ​ទី​១៥​សង្កាត់​កំពង់ចាម​ក្រុង​កំពង់ចាម​បាន​រអិល​បាក់ស្រុត​ប្រវែង​៥០​ម៉ែត្រ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​អគារ​រដ្ឋបាល​សាលាសង្កាត់​កំពង់ចាម​គឺ​រង​ហានិភ័យ​ខ្ពស់​។​ពិសេស​ប៉ះពាល់​ដល់​អារម្មណ៍​ភិតភ័យ​របស់​ប្រជាពលរដ្ឋ​មក​ទទួល​សេវាសាធារណ​:​ក្នុង​មួយថ្ងៃ​ចន្លោះ​ពី ១៥ ទៅ ២០ នាក់​នោះ​។​

​លោក​ចៅសង្កាត់​បានឱ្យដឹង​ទៀតថា​ផល​លំបាក​នៅ​ចំពោះមុខ​នៃ​ការបាក់​ស្រុត​ច្រាំងទន្លេ​នៅ​ខាងក្រោយ​សាលាសង្កាត់​បែបនេះ​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​អំពី​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។​ក្រៅពី​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​គឺ​មន្ត្រីរដ្ឋបាល​សង្កាត់​ទាំងមូល​ដែល​កំពុង​បំពេញការងារ​ដ៏​មមាញឹក​ក្នុង​អគារ​នោះ​។​ប៉ុន្តែ​ស្ថានភាព​បាក់ស្រុត​ច្រាំងទន្លេ​ខាងលើ​ចាប់ពី​នៅ​រសៀល​ថ្ងៃទី​១៦​មកដល់​ព្រឹក​ថ្ងៃទី ១៨ វិច្ឆិកា​ពុំមាន​ការប្រែប្រួល​ទេ​។​

​លោក សុវណ្ណ បាន​បន្តថា អាស្រ័យហេតុនេះ​សូម​សំណូមពរ និង​អំពាវនាវ​ជួយ​អន្តរាគមន៍​ដល់​មន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មេត្តាជួយ​សង្គ្រោះបន្ទាន់​ច្រាំងទន្លេ​នេះ​ម្តងទៀត​ដើម្បី​ជួយ​ទប់ស្កាត់​កុំឱ្យ​អគារ​រដ្ឋបាល​សាលាសង្កាត់​ដ៏​សំខាន់​មួយ​នេះ​គេច​ផុតពី​គ្រោះមហន្តរាយ​បាក់ស្រុត​ចូលក្នុង​ទន្លេ​។

លោក​អ៊ុម​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​លោក​បាន​ចុះទៅ​ពិនិត្យមើល​ការបាក់​ស្រុត​ខឿន​ច្រាំងទន្លេ​ខាងលើ​នោះ​រួចហើយ​។​ការបាក់​ស្រុត​នេះ​ទំនង​បណ្តាលមកពី​អាកាសធាតុ​ទឹកភ្លៀង​ធ្លាក់​ជាប់​គ្នា​ចាប់ពី​ថ្ងៃទី​២​ដល់​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​និង​កត្តា​ធម្មជាតិ​ទឹកទន្លេ​មេគង្គ​ឆ្នាំ​២០១៩​នេះ​ឡើង​លឿន​ស្រក​លឿន​។​ទឹក​នេះ​បាន​ស្រក​ចុះ​គំហុក​ទាប​ជាង​ឆ្នាំ​២០១៨ ជាង​ពីរ​ម៉ែត្រ បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​។​

លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​បន្ថែមថា​ប៉ុន្តែ​ទោះជា​យ៉ាងណា​ស្ថានភាព​បាក់ស្រុត​បានកើត​ឡើង​តែ​នៅ​តំបន់​ផ្នែក​ខាងលើ​ច្រាំង​។​ចំណែកឯ​ផ្នែក​ខាងក្រោម​ច្រាំង​ដែល​ខាង​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រើ​វិធានការ​ទប់ស្កាត់​សង្គ្រោះបន្ទាន់​កាលពី​ខែតុលា​កន្លង​ទៅនោះ​គ្មាន​ការ​ប្រែ​ប្រួស​គឺ​ដដែល​។ ដោយឡែក​ការបាក់​ស្រុត​ខឿន​ផ្នែក​ខាងលើ​ច្រាំង​ប្រវែង ៥០​ម៉ែត្រ​ថ្មីៗ​នេះ ខាងក្រោយ​អគារ​រដ្ឋបាល​សាលាសង្កាត់​កំពង់ចាម​នេះ ខាង​លោក​នៅ​មិនទាន់​ទទួលបាន​ផែនការ និង​ចំណាត់ការ​ទប់ស្កាត់​បែបណា​ពី​ខាង​ក្រសួង​នៅឡើយ​ទេ​។​

សូមបញ្ជាក់ថា​ច្រាំងទន្លេ​មេគង្គ​ដែល​បាននិងកំពុង​រអិល​បាក់​ស្រុត​នេះ​បានចាប់ផ្តើម​កាលពី​រដូវ​ទឹក​ស្រក​រង្វង់​ខែតុលា​ឆ្នាំ​២០១៩​នេះ​។​ខណ​:​នោះអាជ្ញាធរ​ខេត្តកំពង់ចាម​បាន​សុំ​អន្តរាគមន៍​សង្គ្រោះ​បឋម​ពី​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជួយ​ទប់ស្កាត់​បណ្តោះអាសន្ន​។​ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​ជាប់​គ្នា​ធ្វើឱ្យ​ការបាក់​ស្រុត​របស់​ច្រាំងទន្លេ​នេះ​បាន​កើតឡើង​សាជាថ្មី​៕S/​