សូមកុំ​ប្រើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​តែ​ផ្សាយ​ព័ត៌មាន​មិន​ពិត​!

86
ចែករម្លែក

កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ក្រសួង​ព័ត៌មាន បានប្រកាស​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក ដែល​បាន ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត អំពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក ចំនួន ២៥ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ចំនួន ២២ ដែល​គេ​ស្គាល់​ថា ជា​ព័ត៌មាន​តាម​អន​ឡាញ និង​ជា​បុគ្គល ដែល​ខ្លះ​ដាក់ឈ្មោះ​ពិត និង​ខ្លះ​ប្រើ​ឈ្មោះ​ក្លែងក្លាយ​ ហើយ​ជា​អតីត​សកម្មជន​គណបក្ស ប្រឆាំង​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ព័ត៌មាន និង​សោតទស្សន៍​របស់​ក្រសួង​ព័ត៌មាន លើកឡើងថា ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងសុខាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សាធារណជន និង​អ្នកសារព័ត៌មាន ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក៏មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បែរជា​បង្កើត​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​បន្លំ បំភ្លៃ បំភាន់ បង្វែរ​ស្ថានការណ៍ ដើម្បី​បង្កាច់​បង្ខូចឈ្មោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ មានការ​ភ័យខ្លាច​។​

​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៅថ្ងៃនេះ បាន​បង្ហោះ​តារាងបញ្ជី​ឈ្មោះ​គណនី ហ្វេ​ស​ប៊ុ​ក ឬ​Facebook Account ចំនួន ២៥ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ឬ Facebook Page ចំនួន ២២ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​។​

តារាងបញ្ជី​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក ដែល​ក្រសួង​ព័ត៌មាន ប្រកាស បង្ហាញ​សាធារណជន គឺ​ហ្វេ​ស​ប៊ុ​ក ទាំងនោះ ខ្លះ​ជា​សារព័ត៌មាន​អន​ឡាញ តែ​មិន​ចុះបញ្ជី ហើយ​ហ្វេ​ស​ប៊ុ​ក​ខ្លះបង្កើតឡើង និង​ដំណើរការ​ដោយ​ក្រុម​សកម្មជន​អតីត​គណបក្សប្រឆាំង ដែល​រស់នៅ​ក្នុងស្រុក និង​មួយចំនួន​ទៀត រស់នៅ​ក្រៅប្រទេស​។​

​យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ របស់​ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូម​តាមដាន​ព័ត៌មាន នៅក្នុង​គេហទំព័រ ឬក៏​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​ក្រសួងសុខាភិបាល ឬ​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​កផ្លូវការ របស់​នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​កផ្លូវការ របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឈ្វេងយល់ និង​ទទួលបាន​ព័ត៌មាន​ពិត ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​។​

​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ ក្លិប​អ្នកកាសែត​កម្ពុជា ដឹកនាំ​ដោយ​លោក ប៉ែន បូ​ណា បានចេញ​សេចក្តីអំពាវនាវ ទៅកាន់​អ្នក​ប្រកប​អាជីព​សារព័ត៌មាន​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​សេចក្តីរាយការណ៍ ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩ ជាពិសេស​អ្នកសារព័ត៌មាន ត្រូវ​ជៀសវាង​បង្កើត​ឲ្យ​មានការ​រើសអើង ក្នុង​សហគមន៍ ហើយ​ត្រូវគោរព​សិទ្ធិ​បុគ្គល​។ ពោលគឺ​អ្នកសារព័ត៌មាន ត្រូវប្រកាន់យក​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​សេចក្តីរាយការណ៍​ព័ត៌មាន​។

​ជាការ​ពិត មិនថាតែ​អង្គភាព​សារព័ត៌មាន​អន​ឡាញ និង​មិន​ថា​បុគ្គលិក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដែល​ក្រសួង​ព័ត៌មាន បានប្រកាស​ឈ្មោះ បង្ហាញ​ដល់​សាធារណជន នៅពេលនេះ​ជា​ប្រភេទ ក្រុម​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ពី​សាធារណជន​ប៉ុណ្ណោះ​ទេ តែបើ​គិតពី​ផ្លូវច្បាប់ គឺ​ត្រូវ​មានទោស​ថែមទៀត​។ នេះ​ចាត់ទុកជា​សំណាង​ហើយ​ដែល​ក្រសួងព័ត៌មាន មិន​ចាត់វិធានការ​ផ្លូវច្បាប់ ដោយ​ប្តឹងទៅ​តុលាការ​ចំពោះ​បទល្មើស​ផ្សាយ​ព័ត៌មានមិន​ពិត​។​

​បើ​និយាយ​ពី​ធម៌​ព្រះពុទ្ធ​វិញ ក៏មាន​បាបកម្ម​ខ្លាំងណាស់ ដោយសារតែ​ការ​ភូតភរ​កុហក​បោកប្រាស់ ខុស​ការពិត​នេះ​។ ករណីនេះ ចូលក្នុង​មុសា ដែលជា​កិរិយា​ពោល​នូវ​ពាក្យ​កុហក បោកប្រាស់​។ ដូច្នេះ​ក្នុងនាម​ខ្មែរ​យើង ជា​ពុទ្ធសាសនិក មិនគួរ​សោះឡើយ​ប្រកាន់យក​នូវ ការ​សាង​អំពើ​បាប តាមរយៈ​ការ​ភូតកុហក ផ្សព្វផ្សាយ​ដំណឹង​ខុស​ការពិត​ណា​នោះ​។​

​ក្នុងនោះ បើសិនជា​អង្គភាព​សារព័ត៌មាន គឺ​រឹតតែ​ខុស​ធ្ងន់ធ្ងរ ក្នុង​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ដូច្នេះ​។​

​សរុបមក អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ក្តី អង្គភាព​សារព័ត៌មាន​អន​ឡាញ ដែល​មិន​ចុះបញ្ជី​ក្តី​រួមទាំងសកម្មជន​និន្នាការ​ប្រឆាំង​ក្តី គួរតែ​ឈប់​ផ្សាយ​ព័ត៌មាន​មិន​ពិត ពិសេស​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា ឬ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​ជាស​កលនៅពេលនេះ​។ ការផ្សព្វផ្សាយ​ដំណឹង​មិន​ពិត នាំ​ឲ្យ​ប្រជាពលរដ្ឋ​យើង រឹតតែ​ភ័យ ព្រួយ​នឹង​ការឆ្លង​រាលដាល​ជំងឺ​រលាក​សួត​ដ៏​កាច​សាហាវនេះ​។ ការផ្សាយ​ព័ត៌មាន​មិន​ពិត ខុស​នឹង​ច្បាប់​រដ្ឋ​ផង​ ហើយក៏​ខុស​នឹង​ក្បួនច្បាប់​ធម៌​ព្រះពុទ្ធ ផងដែរ​។ ជាងនេះទៅទៀត អ្នក​ផ្សព្វផ្សាយ​ខុស​ការពិត​នោះ ក៏​អស់​តម្លៃ មិន​ត្រឹមតែ​អស់​តម្លៃ សាបរលាប​ខ្លួនឯង​ទេ តែ​ក៏​នាំ​ឲ្យ​ខូច​ឈ្មោះ​ដល់​អង្គភាព និង​បក្ខ​ពួកខ្លួន​ថែម​ទៀតផង​៕ ដោយ​៖ ម៉េង​ឆៃ​/Ha