សូមកុំ​ភ្លេច អនុសាសន៍​សំខាន់ៗ ១០​ចំណុច​របស់​សម្តេច​តេ​ជោ សម្រាប់​កម្មករ​កាត់ដេ​រ​

580
ចែករម្លែក

នៅមុន​ដាច់​ឆ្នាំ​២០១៨​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​កាត់ដេរ​រាប់ម៉ឺន​នាក់ ក្នុង​មួយ​លើកៗ​។ នៅ​រាល់​វេទិកា​ទាំងអស់នេះ​សម្តេច​តេ​ជោ​តែងតែ​យកចិត្ត ទុកដាក់​ពី​សុខទុក្ខ​របស់​កម្មករ​និយោជិត ក៏ដូចជា​និយោជក ជា​ថៅកែ​រោងចក្រ សហគ្រាស​។ សម្តេច​ក៏​តែង​បញ្ជាក់​នូវ​អនុសាសន៍ ១០​ចំណុច ដើម្បី​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ក៏ដូចជា​រោងចក្រ​សហគ្រាស អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​កម្មករនិយោជិត​។​
​ ​
តើ​អនុសាសន៍​ទាំង​១០​នោះ​អ្វីខ្លះ​?​អនុសាសន៍​របស់​សម្តេច​តេ​ជោ​សម្រាប់​កម្មករនិយោជិត ពិសេស​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នៅ​ឆ្នាំ​២០១៩ រួមមាន​៖

១. ត្រូវអនុវត្ត​បើកប្រាក់​ខែ​អប្បបរមា​ដល់ក​ម្មករ​កាត់ដេរ ចាប់ពី​ខែមករា ឆ្នាំ​២០១៩ គឺ ១៨២ ដុល្លារ បើ​ក្រុមហ៊ុន​ផ្តល់ជូន​កម្មករ​លើស​នេះ គឺ​រឹតតែ​ល្អប្រសើរ​។

២. ត្រូវអនុវត្ត​ការចុះពិនិត្យ​នៅតាម​មន្ទី​ពេទ្យ​រដ្ឋ ចំពោះ​ការពិនិត្យ​សុខភាព និង​ការព្យាបាល​កម្មករ កម្មការិនី រោងចក្រ រួមទាំង កីឡាករ កីឡាការិនី ក្រុមប្រឹក្សា​ភូមិ​ឃុំ ក៏​ត្រូវបាន​អនុវត្ត​ដូចគ្នា ជាពិសេស​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ ត្រូវធ្វើ​អោយបាន​ម៉ត់ចត់​។​

៣. ត្រូវអនុវត្ត​ចំពោះ​ស្ត្រី​កម្មករ​កាត់ដេរ ដែលមាន​ផ្ទៃពោះ សម្រាលកូន​គឺ​នឹង​ទទួលបាន​ពេលវេលា ឈប់សម្រាក​ពី​ការងារ​រយៈពេល​បី​ខែ ហើយ​ទទួលបាន​ប្រាក់ខែ ១២០​ភាគរយ (៥០​ភាគរយ ដោយ​ក្រុមហ៊ុន និង ៧០​ភាគរយ​ដោយ​បេឡា​ជាតិ​) ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ការងារ​ឲ្យ​បាន​ដិត ដល់​ចំពោះ​ការអនុវត្ត​សកម្មភាព​នេះ​។​

៤. ត្រូវអនុវត្ត​ចំពោះ​កម្មការិនី​សម្រាល​បានកូន​ម្នាក់ គឺ​ទទួល​ថវិកា ៤០​ម៉ឺន​រៀល​និង​ពិនិត្យ​ផ្ទៃពោះ ដោយ ឥតគិតថ្លៃ​។ បើ​សម្រាល​បានកូន​ភ្លោះ​ពីរ​នាក់ គឺ​ទទួលបាន​ថវិកា ៨០​ម៉ឺន​រៀល​។ បើ​សម្រាល​បានកូន​ភ្លោះ​បីនាក់ គឺ​ទទួលបាន​ថវិកា ១​លាន ២​សែន​រៀល ហើយ​បូក​ប្រាក់ឧបត្ថម្ភ​ចំនួន ៥​លាន​រៀល​ទៀត ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ក្នុង​ឆ្នាំ​២០១៩ នេះ រាជរដ្ឋាភិបាល ក៏​នឹង​ផ្តល់ជូន​ស្ត្រី​ក្រីក្រ​បំផុត ដែលមាន​ផ្ទៃពោះ និង​សម្រាលកូន ដោយ​នឹង​ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ ប្រមាណ ៧៦០.០០០​រៀល​(១៩០ ដុល្លារ​) ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​កើតមក អាយុ​២​ឆ្នាំ​។​

៥.​ត្រូវអនុវត្ត​ចំពោះ​របប​សន្តិសុខ​សង្គម ដោយ​ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ តទៅ គឺ​កម្មករ​កម្មការិនី មិនចាំបាច់​បង់​ទៀត​ទេ គឺ​ម្ចាស់​ក្រុមហ៊ុន ជា​អ្នក​បង់​ជំនួស ១០០%​។​

៦.​អនុវត្ត​តាមដាន​មើល​បញ្ហា​ទឹក ភ្លើង គឺ​ត្រូវខិតខំ​បន្ត​ត​ទឹក​ត​ភ្លើង​ដល់ផ្ទះ​របស់​កម្មករ ដែល​នៅ​ឆ្ងាយ ដែល​មិនទាន់​ទៅដល់​ឲ្យ​បាន​គ្រប់គ្រាន់ និង​តម្លៃ​ផ្ទះជួល​របស់​កម្ម​ករក​ម្ម​ការិនី មិនត្រូវ​ឡើងថ្លៃ នៅ​ឆ្នាំ​២០១៩ នោះទេ ពីព្រោះ​កន្លងមក យើង​មានកំណត់​រួចរាល់​ហើយ​។​

៧.​អនុវត្ត​ប្រាក់​សោធន​និវត្តន៍ ចាប់ពី​ឆ្នាំ​២០១៩ ទៅ ក្មួយ​កម្មករនិយោជិត​នឹង​ទទួលបាន​ប្រាក់ ចូលនិវត្តន៍​(​ប្រាក់​រឺ​ត្រែ​ត​) ដូច​មន្ត្រីរាជការ​ដែរ​។

៨.​អនុវត្ត​ចូលរួម​បន្ត​យកចិត្តទុកដាក់ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​បងប្អូន​ពលករ ទៅ​ក្រៅប្រទេស ជួយ​សម្រួល​នូវ​បែបបទ​លិខិតបទដ្ឋាន​ផ្លូ​ច្បាប់​នានា និង​ដើម្បី​ទទួលបាន​នូវ ល័ក្ខខ័ណ្ឌ​ការងារ​ល្អប្រសើរ​។​

៩.​ក្រសួង​ការងារ ត្រូវ​ចុះ​អនុវត្ត​តាមដាន​ភ្លាមៗ ឲ្យ​បាន​ដិតដល់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម នានា ចំពោះ​កម្មករ នៅពេលដែល​ម្ចាស់​រោងចក្រ​រត់ចោល​។ ក្នុងនោះ គឺ​ត្រូវ​ដោះស្រាយ​ផ្តល់ ប្រាក់​ឈ្នួល ជាបន្ទាន់​ដល់ក​ម្មករ ដែល​បានធ្វើការ​ក្នុងពេលដែល​ថៅកែ​រោងចក្រ​បាន​រត់ចោល ហើយ​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​នានា ជាមួយ​ម្ចាស់​រោងចក្រ​ដោយផ្ទាល់​។ ទន្ទឹមនឹង​នោះដែរ គឺ​ត្រូវ​ជួយ​រក​ការងារ​ធ្វើ​ដល់​កម្មករ​កម្មការិនី អោយបាន​ឆាប់​បំផុត​។ ក្នុង​ចំណុច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​កម្មករ ក្នុងពេល​ធ្វើដំណើរ តាម​រថយន្ត​ម៉ៅ​ការដឹក​កម្មករ ហើយ​រថយន្ត​ស៊ីឈ្នួល​ដឹក​កម្មករ​ទាំងអស់ ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ធានា​ដល់​សុវត្ថិភាព​កម្មករ​រួម​ដំណើរ​ក្នុងពេល​បើកបរ​។​

១០.​ត្រូវ​បន្ត​ដោះស្រាយ​ជួយ​ពលករ ដែល​កំពុងធ្វើការ​នៅក្រៅ​ប្រទេស ធ្វើយ៉ាងណា​ឲ្យ​កម្មករ ធ្វើការ​បាន​ស្របច្បាប់​។ សូម​បងប្អូន​កុំ​យល់ច្រឡំ ឬ​គិតថា ខុស ក្នុងពេលដែល​បងប្អូន​កូនក្មួយ ទៅធ្វើ​ការ​នៅ​ប្រទេស​គេ​។ សូម្បី​ប្រទេស​ថៃ ក៏​គេ​បញ្ជូន​កម្មករ ទៅធ្វើ​ការ​នៅ​បរទេស ដូចជា នៅ​ប្រទេស​កូរ៉េ ជប៉ុន​។ រីឯ​ប្រទេស​ហ្វីលីពីន ក៏បាន​បញ្ជូន​ពលរដ្ឋ ឲ្យ​ទៅធ្វើ​ការ​នៅ​បរទេស ដូចជា នៅ​កម្ពុជា និង​នៅ​សហរដ្ឋ​អាម៉េរិក ជាដើម​។ ពលរដ្ឋ​គេ បាន​នាំ​មកវិញ​នូវ​ប្រាក់ចំណូល​ជាច្រើន សម្រាប់​ប្រទេស​គេ គឺ​មិនមែន​ជាការ​ខ្មាស់អៀន ឬ​អាក្រក់​អ្វី​ទេ​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុង​ខិតខំ​ស្វែងរក​ទីផ្សារការងារ​ក្រៅប្រទេស ដូចជា កូរ៉េ ជប៉ុន និង​ប្រទេស​ម​ជ្ឈឹ​ម​បូព៌ា ដូចជា ប្រទេស​អារ៉ាប់ ជាដើម ដើម្បី​ផ្តល់​ការងារ​ដល់​បងប្អូន​ខ្មែរឥស្លាម បាន​ទៅធ្វើ​ការ​នៅ​ទីនោះ​។ កន្លងមក រាជរដ្ឋាភិបាល ក៏បាន​ជួយ​ដោះស្រាយ និង​នាំយក​កាន់​ប្រទេស​វិញ ចំពោះ​បងប្អូន​កម្មករ​មួយចំនួន ដែល​ចាញ់បោក​មេខ្យល់ បោក​យកទៅ​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​។​
​ ​
ជាមួយនឹង​ការលើកឡើង​នូវ​អនុសាសន៍​ទាំង ១០​ចំណុច​សំខាន់ៗ ខាងលើនេះ​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ ត្រូវមាន​ការគោរព​ស្រឡាញ់ គិតគូរ និង​យកចិត្តទុកដាក់ ឲ្យ​បាន​ដិតដល់​ចំពោះ​កម្មករ ហើយ​កម្មករ​វិញ ក៏ត្រូវ​ខិតខំ​បំពេញ​តួនាទី​ការងារ​ឲ្យ​បានល្អ​ត្រលប់ ទៅវិញ ដើម្បី​បង្កើតបានជា​សាមគ្គីភាព​រវាង​ម្ចាស់​រោងចក្រ និង​កម្មករ​។​ទន្ទឹមនឹងនេះ រៀងរាល់​វេទិកា ដែល​សម្តេច​តេ​ជោ​បន្ត​ជួប​កម្មករ​កាត់ដេរ សម្តេច​ក៏​តែងតែ​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​ត្រូវខិតខំ កសាង​បន្ថែមទៀត​នូវ​អ្វីដែល​ខ្វះខាត នៅតាម​រោងចក្រ​ខ្លួន ដូចជា គិលានដ្ឋាន​កន្លែង​ទទួលទាន អាហារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់ក​ម្មក​រ​ពេល​ទទួលទាន​អាហារ និង​នៅពេល​សង្គ្រោះបន្ទាន់​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ ក៏​ចង់​ឲ្យ​រោងចក្រ​ទាំងអស់ ដែល​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ​។​
​ ​
សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​លើកឡើងថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩ នេះ​តទៅ​ប្រាក់ខែ​របស់ កម្មករ​កម្មការិនី​ទាប​បំផុត ឬ​ប្រាក់ខែ​គោល នឹងត្រូវ​ដំឡើង​ដល់ ១៨២ ដុល្លារ​អាមេរិក​ហើយ​ត្រូវ អនុវត្ត​បើកប្រាក់​ប្រចាំ​អាទិត្យ​វិញ គឺ​បើក ២​អាទិត្យ​ម្តង ពោលគឺ ១​ខែ បើក​ប្រាក់ខែ ២​ដង ដោយ​បើក​ប្រាក់ខែ កន្លះ​ខែម្តង​។

​ជាមួយគ្នានេះ​ផងដែរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ក៏បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​វិជ្ជាជីវៈ រក​ដំណោះ ស្រាយ ក្នុង​ការកំណត់​ប្រាក់ខែ​អប្បបរមា ចំពោះ​កម្មករ​ផ្នែក​សំណង់ និង​សេវាកម្ម​តាម​ផ្ទះ ពីព្រោះ​ពួកគាត់ ក៏​ជា​កម្មករនិយោជិត​ដែរ​។​

ជាការ​ពិត រាល់​អនុសាសន៍​សំខាន់ៗ​ទាំង ១០ ខាងលើ​ព្រមទាំង​ការដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ ទាប​បំផុត រហូតដល់ ១៨២ ដុល្លារ ហើយ​ត្រូវ​បើក​ប្រាក់ខែ រៀងរាល់ ២​អាទិត្យ នៃ​ខែ​នីមួយៗ ក៏ដូចជា​គម្រោង​កំណត់​ប្រាក់ខែ​អប្បបរមា ចំពោះ​កម្មករ​ផ្នែក​សំណង់ និង​សេវាកម្ម​តាម​ផ្ទះ គឺជា​ការយកចិត្តទុកដាក់​ពី​សុខទុក្ខ​ដល់​បងប្អូន​កម្មករនិយោជិត មិន​ត្រឹមតែ​កម្មករ ក្នុង​វិស័យ​កាត់ដេរ​នោះទេ​។​
​ ​
នៅ​ឆ្នាំ​២០១៩ នេះ អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវ​បន្ត​អនុវត្ត ដោយមាន​រដ្ឋមន្ត្រី និង​មន្ត្រី​ជំនាញ​តាម​ផ្នែក​និ​មួយៗ​របស់​ក្រសួង​ការងារ និង​ក្រសួងសុខាភិបាល ជា​អ្នកប្រតិបត្តិ​ផ្ទាល់​។ ពោលគឺ​ទាំង​រដ្ឋមន្ត្រី និង​ទាំង​មន្ត្រី​ជំនាញ ពិសេស​ក្រុមគ្រូពេទ្យ ជាដើម ត្រូវ​ចាត់ទុក​ខ្លួនឯង ជា​អ្នកបម្រើ មិនមែនជា​ថៅកែ ឬ​មេដឹកនាំ​នោះទេ ទើប​សម្រេចបាន​ដោយ​ប្រសិទ្ធភាព​នូវ អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើនេះ​។​
​ ​
បញ្ហា​ក្នុង​ឆ្នាំ​ចាស់ ដូចជា លើកឡើង​ពី​ការបំពេញ​សេវា​ព្យាបាល​មិនបាន​ត្រឹមត្រូវ​នៅតាម​មន្ទីរពេទ្យ មួយចំនួន ខណៈដែល​អ្នកជំងឺ​មាន​ប័ណ្ណ​ប​.​ស​.​ស គឺ​នៅ​ឆ្នាំ​២០១៩ បញ្ហា​នេះ​គួរតែ​កុំ​កើតមាន​ត ទៅទៀត​។ ដូចគ្នានេះដែរ បញ្ហា​កម្មករ​តវ៉ា​តាម​រោងចក្រ​កាត់ដេរ ដែល​កើតមាន​តិចតួច នៅ​ឆ្នាំ​២០១៨ ក៏​នៅ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ ថៅកែ​រោងចក្រ​សហគ្រាស រួមទាំង​កម្មករនិយោជិត​ត្រូវ​រួមគ្នា​ចរចា ដោះស្រាយ តាម​នយោបាយ​ឈ្នះ​ឈ្នះ ហើយ​កម្មករនិយោជិត ខិតខំ​ធ្វើ​ការងារ ជាជាង​ការធ្វើ​កូដកម្ម បាតុកម្ម តវ៉ា រហូត​ឈានដល់​ការបិទផ្លូវ ឬក៏​កើតជា​អំពើហិង្សា ដែល​នាំ​ដល់​ការខាតបង់​ប្រយោជន៍ មិន​ទាំង​ទទួលបាន​ប្រាក់ខែ​ហើយ អាច​នឹងត្រូវ​ចាប់ឃុំខ្លួន កាត់ទោស​ដោយសារតែ​ការប្រព្រឹត្តិ អំពើហិង្សា បិទផ្លូវ ឬក៏​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​ដូច​អ្វីដែល​ធ្លាប់​កើតមាន​ច្រើន​ករណី រួចមកហើយ នា​កន្លងមក​។​
​ ​
ដូច្នេះ មានតែ​ការរួម​គ្នា​ទាំង​កម្មករ និង​ទាំង​និយោជក​ថៅកែ ព្រមទាំង​មន្ត្រី​រាជរដ្ឋាភិបាល​នោះទេ ទើប​អាច​កសាង​សហគមន៍​សុខ​សាន​នៅក្នុង​រោងចក្រ​។ កម្មករ នឹង​ទទួលបាន​ប្រាក់ខែ​ឡើង​បន្ថែម ព្រមទាំង​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដែល​ផ្តល់ជូន​ពី​ថៅកែ​រោងចក្រ​សហគ្រាស​ក៏ដូចជា​រាជ រដ្ឋាភិបាល​។ រីឯ​ថៅកែ​រោងចក្រ​សហគ្រាស ក៏​ទទួលបាន​ប្រាក់ចំណូល​និង​បង្កើត​ការងារ កាន់តែច្រើន​ថែមទៀត​៕ ដោយ​: ម៉េង​ឆៃ​