សូមកុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ​!

305
ចែករម្លែក

​ក្នុង​រយៈពេល​បួន​ថ្ងៃ នៃ​ពិធី​សែន និង​ថ្ងៃ​ចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន ពោលគឺ​ចាប់ពី​ថ្ងៃទី​១៥-១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៦៦ លើក បណ្តាល​ឲ្យ​ស្លាប់ ៤៤​នាក់ និង​របួស ៩១​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៤៤​នាក់ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ៣២ នាក់ និង​មិន​ពាក់មួក​សុវត្ថិភាព ២៣ នាក់​។​

​របាយការណ៍​ដដែល​ក៏បាន​លើក​បង្ហាញ​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន គឺ​កើតឡើង​ច្រើនជាងគេ ដោយសារតែ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ៣៣​លើក បើកបរ​ស្រវឹង​ប្រាំបី​លើក ប្រជែង​ប្រាំបី​លើក មិន​ប្រកាន់​ស្តាំ បួន​លើក មិន​គោរព​សិទ្ធិ​ប្រាំមួយ លើក បត់​គ្រោះថ្នាក់​បី​លើក និង​កត្តា​យានយន្ត​បួន​លើក​។ គ្រោះថ្នាក់​ចរាចរ​ទាំងនេះ​កើតឡើង ច្រើនជាងគេ នៅ​ខេត្តកណ្តាល កំពង់ធំ សៀមរាប ព្រះសីហនុ ព្រៃវែង កំពត ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង​។​

​ជាការ​កត់សម្គាល់​មួយទៀត​កាលពីពេល​ចូលឆ្នាំ​ចិន​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បានកើត​ឡើង ៧៤ ឡើ​ក បណ្តាល​ឲ្យ​ស្លាប់ ៣៥ នាក់ និង​របួស​សរុប ១២០ នាក់​។ ដោយឡែក នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ ផ្លូវគោក ទូទាំងប្រទេស បានកើត​ឡើង ១៣ លើក បណ្តាល​ឲ្យ​ស្លាប់ បួន​នាក់ និង​របួស ១៤​នាក់​។ បើ​ធៀប នឹង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន គឺ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​សែន ចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង តែ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​ថយចុះ​។​

​អំឡុងពេល​សែន​ចូលឆ្នាំ​ចិន និង​ពេល​ចូលឆ្នាំ​ចិន ការធ្វើដំណើរ​តាម​ផ្លូវគោក​កើនឡើង​ជាង ថ្ងៃ​ធម្មតា​។ ប្រជាពលរដ្ឋ​ខ្មែរ​យើង ពិសេស​អ្នករស់នៅ​ភ្នំពេញ ភាគច្រើន​បានចេញ​ទៅ​ស្រុក កំណើត​តាម​បណ្តា​ខេត្ត​នានា ដើម្បី​សែន​ចូលឆ្នាំ​ចិន និង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​។

​កំណើន​នៃ​ការធ្វើ​ចរាចរ រួមផ្សំ​នឹង​អ្នកបើកបរ​ខ្លះ ខ្វះ​ការប្រុងប្រយ័ត្ន ឬក៏​អ្នកបើកបរ​មួយចំនួន ស្រវឹងស្រា ដោយសារតែ​អំឡុងពេល​សែន និង​ការជួបជុំ​ពេល​សែន​ចូលឆ្នាំ​ចិន មាន​អ្នក​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ក៏​កើតជា​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​។​

​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បង្កើន​ការប្រុងប្រយ័ត្ន​! ពោលគឺ​បើកបរ​យានយន្ត ត្រូវគោរព​ច្បាប់ ហើយ​មាន​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​។ អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​ពាក់មួក សុវត្ថិភាព​ជាប់​ជានិច្ច ទាំង​ក្មេង ទាំងចាស់​។ រីឯ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ហើយ​កុំ​បើកបរ​វ៉ា​ជែង លឿនៗ​ពេក​។ ការ​ទទួលទាន​ទឹកស្រវឹង ក៏ត្រូវ​ប្រមាណ​ពិសេស​ត្រូវគោរព​ពាក្យស្លោក “​បើ​ស្រវឹង កុំ​បើកបរ​”​។​

​អ្នកធ្វើដំណើរ​ទៅ​ស្រុកកំណើត និង​អ្នក​ដើរលេង​តាម​រមណីយដ្ឋាន​នានា គឺ​បំណង​ដើម្បី​តែ​ជួបជុំ សាច់ញាតិ ក្រុមគ្រួសារ និង​សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ អ្នកជា​ទីស្រឡាញ់​។ ដូច្នេះ ទាំង​គេ ទាំង​យើង ត្រូវតែ​គិតពី​សុវត្ថិ​ភាពជា​ចម្បង​។ បើ​ផឹក​គ្រឿង​ស្រវឹង​ជ្រុល អំឡុងពេល​ជួប ជុំ​នៅ​ស្រុកកំណើត ឬក៏​នៅ​កន្លែង​ដើរ​កម្សាន្ត គឺ​ត្រូវ​រក​អ្នក​បើ​ជំនួស​។ បើ​មិន​អីចឹង​ទេ​ដេក​នៅ ទីនោះ មួយ​យប់ ក៏​មិន​ហួសពេល​ដែរ ព្រោះថា បើសិនជា​បង្ខំចិត្ត​វិលត្រឡប់ ឬក៏​ធ្វើដំណើរ ទាំង​ស្រវឹង គឺ​គ្រោះថ្នាក់​អាច​កើតមាន​តាមផ្លូវ ហើយ​មិន​ត្រឹមតែ​គ្រោះថ្នាក់​តែ​អ្នក​ស្រវឹង ម្នាក់ឯង​ទេ គឺ​បង្ក​គ្រោះថ្នាក់​ទាំង​ដល់​អ្នកដទៃ ហើយ​បើ​មាន​អ្នករួមដំណើរ​នៅលើ​ម៉ូតូ រថយន្ត ឬក៏​យានយន្ត​នោះ​ទៀត គឺ​ច្បាស់​ជា​នាំ​គេ​ទៅ​គ្រោះថ្នាក់​ជាមួយ ដោយសារតែ​អ្នកបើកបរ​ស្រវឹង ជាក់​ជាមិនខាន​។​

​ក្រៅពី​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ក៏​នៅមាន​បញ្ហា​សុវត្ថិភាព​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​។ នៅពេល​បិទ ទ្វារផ្ទះ ចាក​ចេញទៅ​ស្រុកកំណើត ឬក៏​ទៅលេង​តាម​ខេត្ត ក្រៅប្រទេស ដែល​ត្រូវ​ដេក​ចោលផ្ទះ ក៏ត្រូវ​តែពិនិត្យ​ឲ្យ​បានច្បាស់លាស់​ពី​ភ្លើង​ធូប ភ្លើងអគ្គិសនី ក្រែងលោ កើត​ករណី​ឆេះ​ផ្ទះ​។ រីឯ​ការបិទទ្វារ​ចោរ​ផ្ទះ ក៏ត្រូវ​តែ​មើល​ចាក់សោរ ហើយ​បើ​យក​ល្អ ត្រូវ​រក​អ្នកយាម​ផ្ទះ​ដោយ​ជួល សន្តិសុខ ឬក៏​ទុក​សាច់​ញា​ត្តិ​ណា​ម្នាក់​ពីរ ដើម្បី​ចាំផ្ទះ ដូច​ពាក្យ​លោក​ថា “​ប្រហែស បាត់​! ប្រយ័ត្ន គង់​!” ឬក៏​ថា “​ការពារ ប្រសើរ​ជាង​ព្យាបាល​” ជាដើម​។​

​សរុបមក សូម​បងប្អូន​ទាំងឡាយ ជួបប្រទះ​តែ​សេចក្តីសុខ​ចម្រើន​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ហើយ​ជាពិសេស​សូមកុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ ពិសេស​ការធ្វើដំណើរ ក៏ដូចជា​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ក៏​សូម​មាន​សុវត្ថិភាព​ទាំងអស់គ្នា​៕ ដោយ​: ម៉េង​ឆៃ​