សូមកុំ​ឲ្យ​សប្បាយ ក្លាយជា​ទុក្ខ​! សូម​ភ័យខ្លាច​នឹង​គ្រោះថ្នាក់​ចរាចរ​

516
ចែករម្លែក
  • 11
    Shares

​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​រយៈពេល​បី​ថ្ងៃ នឹង​ចូល​មកដល់​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ ទី​១៦ ខែមេសា ឆ្នាំ​២០១៩​។ ក្នុងអំឡុងពេល​ចូលឆ្នាំ​ខាងមុខនេះ យានយន្ត​ធ្វើចរាចរ នឹងមាន​កំណើន​កើនឡើង​ខ្ពស់​ខុស​ប្រក្រតី ដែល​អាចមាន​កំណើន​គ្រោះថ្នាក់​ចរាចរ ឬ​ការកកស្ទះ​ចរាចរណ៍ ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លងទៅ​។ នេះ​ប្រសិនជា​ពុំមាន​ការ ប្រុងប្រយ័ត្ន​ក្នុងការ​បើកបរ​ទេ​។​

​ថ្មីៗ​នេះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​កោតសរសើរ​ប្រកប ដោយ​ក្តី​មោទនភាព​ជាទីបំផុត ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់ ដែលមាន ឆន្ទៈ​ក្នុង​ការចូលរួម​គោរព និង​អនុវត្ត​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ក្នុង ពេលធ្វើ​ចរាចរណ៍ រួមចំណែក​ក្នុងការ​កាត់បន្ថយ​ការបាត់​បង់ជីវិត រងរបួស និង​ការ​ខូច ខាត​ទ្រព្យសម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នាពេល​កន្លងមក​។​

​ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បាន​កត់សម្គាល់ថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅតែ​ជា​បញ្ហា​ប្រឈម​ចំពោះមុខ និង​យូរអង្វែង ដែល​អាច​កើតឡើង​ភ្លាមៗ ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ មានការ​ធ្វេសប្រហែស ឬ​ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។

​ដើម្បី​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានចេញ​ផ្សាយ​នូវ​សេចក្តីអំពាវនាវ ១១ ចំណុច ដល់​សាធារណជន ជា​អ្នកប្រើប្រាស់​ផ្លូវ រួមមាន​៖ ១-​ត្រូវ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច ពិសេស​ត្រួតពិនិត្យ​កង់ ចង្កូត ហ្វ្រាំង ភ្លើង​បំភ្លឺ​។​ល​។ ២-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់​។​ចំពោះ​រថយន្ត ដឹក​អ្នកដំណើរ ឬ​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល​និង​សូមមេត្តា កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។ ៣-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេលធ្វើ ដំណើរ​តាម​ទោចក្រយានយន្ត​។ ៤-​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុ​វ​តិ្ថ​ភាពជា​និច្ច​ក្នុង​ពេលធ្វើ ដំណើរ​តាម​រថយន្ត​។ ៥-​ត្រូវគោរព​សិទ្ធិ​អាទិភាព គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់ ស្តាំ​ជានិច្ច​។ ៦-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​។ ៧-​មិនត្រូវ​បើកបរ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត​។ ៨-​មិនត្រូវ​បត់ ឬ​វ៉ា​ជែង ក្នុង​ភាព​ប្រថុយ ប្រថាន ឬ​ធ្វេសប្រហែស​។ ៩-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក ជាដាច់ខាត និង​ត្រូវមាន​អ្នកបើកបរ​បម្រុង​សម្រាប់​ប្តូរ​វេន​។ ១០-​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន ជានិច្ច ប្រកបដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ​។ ១១-​ហាម​ការ​បាចទឹក​លើ អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។​

​របាយការណ៍​របស់​ប៉ូលិស​បង្ហាញថា នៅក្នុង​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពី​ឆ្នាំ​២០១៨ គឺ​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមេសា គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៩១​លើក​បណ្ដាលអោយ​មនុស្ស ស្លាប់​ចំនួន ៤៧​នាក់ និង​របួស ១៤៣​នាក់​។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ថយ ចុះ​ចំនួន ៣០​លើក បើ​ធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ កាលពី​ឆ្នាំ​២០១៧​។​

​អំឡុងពេល​ចូលឆ្នាំ និង​ពិធី​បុណ្យទាន​នានា ការធ្វើដំណើរ​តាមផ្លូវ ពិសេស​ពី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា និង​ពី​បណ្តា​ខេត្ត​នានា មក​ភ្នំពេញ​គឺ​មមាញឹក​ហើយ​អ្នកធ្វើ ដំណើរ​តាម​ម៉ូតូ បាន​បើក​វ៉ា​ប្រជែង និង​បើកបរ​ពេញ​ផ្លូវ ដែល​អាច​នឹង​ងាយ​គ្រោះថ្នាក់ ជាមួយនឹង​រថយន្ត​។​

​ម្យ៉ាងទៀត អំឡុងពេល​បុណ្យទាន និង​ការជួបជុំ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពលរដ្ឋ ខ្មែរ​យើង ភាគច្រើន មិន​ថា ចាស់​ក្មេង ប្រុស​ស្រី​ទេ គឺ​ជួបជុំគ្នា ផឹកស្រា​។ ពេល​ស្រវឹង ហើយ​បើកបរ​យានយន្ត ពិសេស​ម៉ូតូ និង​ឡាន ក៏​កើតជា​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​។ ដូច្នេះ មានតែ​គោរព​នូវ​ពាក្យស្លោក “​បើ​ស្រវឹង សូមកុំ​បើកបរ​”​។ បើ​ស្រវឹង រក​កន្លែងដេក ដល់​ស្វាង​ហើយ ចាំ​ធ្វើដំណើរ ក៏​មិនយឺត​ពេល​ឡើយ​។​

​នៅ​អំឡុងពេល​ចូលឆ្នាំ​នេះ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា​រាជរដ្ឋាភិបាល បាន​បញ្ចេញ​ឡានក្រុង ១២០​គ្រឿង ដឹកជញ្ជូន​អ្នកដំណើរ​ដោយ​ឥតគិតថ្លៃ​ពី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​នានា នៅតាម​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន អាចធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ស្រុកកំណើត ដោយ​ជិះឡាន​ក្រុង​ទាំងនេះ ដែល​មិន​អស់​លុយ​ផង កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដូច​ការធ្វើដំណើរ​តាម​យានយន្ត​ផ្ទាល់ខ្លួន ពិសេស​តាម​ម៉ូតូ​។​

​ជារួម ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែ​ភ័យខ្លាច​នឹង គ្រោះថ្នាក់​ចរាចរ ព្រោះថា សព្វថ្ងៃនេះ គ្រោះថ្នាក់​ចរាចរ បានសម្លាប់​មនុស្ស​ជា​មធ្យម ៥​នាក់ និង​របួស ១៧​នាក់ ក្នុង​មួយថ្ងៃៗ​។ សោកនាដកម្ម​ពី​គ្រោះថ្នាក់​ចរាចរណ៍ គឺមាន​ទំហំធំធេង ឥត​គណនា​។ ក្នុងនោះ ក្រៅពី​ជនរងគ្រោះ និង​ក្រុមគ្រួសារ​ជន រងគ្រោះ ក៏​កើតមាន​សោកនាដកម្ម​ដល់​ក្រុមគ្រួសារ​ជនល្មើស​អ្នកបង្ក​គ្រោះថ្នាក់ ចរាចរ​ផងដែរ​។​សូម​ចងចាំ​ថា​គ្រោះថ្នាក់​ចរាចរ​អាច​កើតឡើង​គ្រប់ពេល​និង​លើ​មនុស្ស គ្រប់​វ័យ​ទាំងអស់​ប្រសិនជា​យើង​ធ្វេសប្រហែស​តែមួយ​ប៉ព្រិចភ្នែក​៕ ដោយៈ​ម៉េង​ឆៃ​