សូមចូលរួមទាំងអស់គ្នាក្នុងការទប់​ស្កាត់ការរីករាលដាលមេរោគអេដស៍​និងជំងឺអេដស៍

183
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានឱ្យចូលរួមទាំងអស់គ្នាក្នុងសកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគអេដសិ៍ និងជំងឺអេដស៍។

ដោយស្រង់របាយការណ៍ពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដសិ៍មកបញ្ជ្រាបក្នុងពិធីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ នៅសាលសន្និសីទខេត្ត កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោកជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថា មកដល់បច្ចុប្បន្នកម្ពុជាអាចកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មីបានពី២.៣០០នាក់ក្នុងឆ្នាំ២០១០ មកនៅត្រឹមប្រមាណ៨៨០នាក់ នាឆ្នាំ២០១៩។ ឯការផ្ដល់ឱសថវិញអាចសម្រេចបាន៩៩ភាគរយក្នុងចំណោមអ្នកផ្ទុកដែលកំពុងត្រូវការឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាល ដែលជាលទ្ធផលបានធ្វើឱ្យអត្រាមរណភាពដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ។

លោកអភិបាលខេត្តបានបញ្ជាក់ថាទោះបីលទ្ធផលសម្រេចបានប្រកបដោយភាពជោគជ័យ និងគួរឱ្យមោទនៈ ជាបន្តបន្ទាប់បែបនេះក្តី បងប្អូនគ្រប់មជ្ឈដ្ឋានត្រូវបន្តចូលរួមទាំងអស់គ្នាសម្រាប់សកម្មភាពទប់ស្កាត់ការរីករាលដាលមេរោគអេដសិ៍ និងជំងឺអេដស៍ដើម្បីកម្ពុជាពោរពេញដោយក្តីសុខដុម។

ដូច្នេះ ថ្នាក់ដឹក នាំគ្រប់ជាន់ថ្នាក់ និងពលរដ្ឋទាំងអស់ត្រូវរួមកម្លាំងគ្នាជាចរន្តជាតិមួយក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍មកនៅកម្រិតអប្បបរមា។ លើសពីនោះក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ផ្នែកសាសនាបន្តចូលរួមគាំទ្រក៏ដូចជាអនុវត្តដោយម៉ឺងម៉ាត់នូវផែន ការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែនទីចង្អុលទិសតែមួយគត់សម្រាប់ការងារដ៏ចម្បងនៅកម្ពុជានេះ។

លោកវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដសិ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា សម្រាប់ខេត្តកំពត ក្រោមការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានាបានធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍មានការថយចុះក្នុងចំណោមប្រជាជនទូទៅពីអាយុ១៥ឆ្នាំដល់៤៩ឆ្នាំ ដោយឆ្នាំ១៩៩៧មានចាប់ពីត្រឹម២,៨ភាគរយមកនៅត្រឹម០,៦ភាគរយនៅឆ្នាំ២០១៨៕B/