សូម​ក្រសួង​សាធារណ​ការជួយ​មើលផ្លូវ​មួយ​ខ្សែ​នៅ​ក្រុង​ស្ទឹងត្រែង​ផង​!

1478
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ជាង​២.០០០​ម៉ែត្រ​នៅក្នុង​ក្រុង​ស្ទឹងត្រែង​ខូច​ស្ទើ​ទាំងស្រុង បង្ក​ការលំបាក ដល់​អ្នកដំណើរ ឆ្លងកាត់ ទៅមក​រាល់ថ្ងៃ​តែ​ពុំទាន់​ឃើញ​មានការ​ជួសជុល ឬក៏​ស្ថាបនា​ឡើងវិញ​នោះទេ​។​

​ហេតុនេះ​សូម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មេត្តា​ចុះមក​ពិនិត្យមើល​ជាក់ស្តែង​។ បើ​គ្មាន​លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ទេនោះ ផ្លូវ​មួយ​ខ្សែ​នេះ ប្រហែលជា​ដោះស្រាយ​មិន​ចេញ​។ ក្រុង​ស្ទឹងត្រែង ក៏​មិន​សមជា​ទីក្រុង​ស្អាត​ទទួលភ្ញៀវ​ទេសចរ​បាន​ដែរ​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តស្ទឹងត្រែង តែងតែ​និយាយ​រិះគន់​ទៅលើ​ផ្លូវ​មួយ​ខ្សែ ដែលជា​ផ្លូវ​លេខ​៥៤​សំខាន់​មួយ ត​ភ្ជាប់​ពី​កែង​ផ្ទះសំណាក់​មេគង្គ​គីឡូម៉ែត្រ​ពីរ សង្កាត់​ស្ទឹងត្រែង ទៅ​ស្ពាន​មេគង្គ សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។​

​បើ​និយាយឱ្យចំ​ទៅ ផ្លូវ​មួយ​ខ្សែ​នោះ គឺជា​ផ្លូវ​សំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​រួមទាំង​ភ្ញៀវទេសចរ​អន្តរជាតិ​ច​ង់​មកកាន់​ខេត្តស្ទឹងត្រែង​ឬក៏​ឆ្លងកាត់​ពី​ប្រទេស​ឡាវ ទៅកាន់​ខេត្តសៀមរាប តំបន់​អង្គរ​ជាដើម​។​រាល់ថ្ងៃ​ផ្លូវ​នេះ​ទោះបីជា​ផ្លូវ​ក្រាល​កៅស៊ូ​មែន ប៉ុន្តែ​ជា​ផ្លូវដី​ហុយ អស់​ទៅហើយ​។​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទៅមក​ត្អូញត្អែរថា ជិះ​កាត់​ផ្លូវ​នេះ​ម្តងៗ ចង់​ធ្លាក់​ថ្លើម​។​បើ​មិន​ចង់​ជិះ​តាមផ្លូវ​នេះ​គឺ​ទាល់តែ​ទៅតាម​ផ្លូវ​ផ្សេង​វាង​កុងកាច់​បត់បែន​ឆ្ងាយ​ណាស់​។​

​ម្យ៉ាងទៀត​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​ត្រូវ​ប្រុងប្រយ័ត្ន​បើ​ពុំ​នោះទេ អាច​នឹង​ធ្លាក់​ជង្ហុក​គ្រោះថ្នាក់​ជាយថាហេតុ​។​

​បើតាម​ការបញ្ជាក់​ពី​មន្ទីរជំនាញ​ក៏ដូចជា​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​បានឱ្យដឹងថា​មូលហេតុ​ផ្លូវ​លេខ​៥៤​ដែល​ត​ភ្ជាប់​ពី​សង្កាត់​ស្ទឹងត្រែង​ទៅ​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ប្រវែង​ជាង​ពីរ​គីឡូម៉ែត្រ​ខូច​គ្មាន​ការជួសជុល​ដោយសារ​គ្មាន​លុយ​។​ផ្លូវ​នោះ​ខាង​មន្ទីរ បាន​រាយការណ៍​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ច្រើនដង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​កាត់ចោល​មិនបាន​ទទួលស្គាល់​បញ្ជូន​ទៅក្នុង​គម្រោង​កញ្ចប់​ថវិកា​ចាយ​ប្រចាំឆ្នាំ​នោះឡើយ​។​

​ផ្លូវ​ខូច​ដល់​ដំណាក់កាល​នេះ ទៅហើយ​គឺមាន​តែ​ក្រសួង​ពាក់ព័ន្ធ​ទេ ទើប​អាច​ដោះស្រាយ​ចេញ​។ សង្ឃឹមថា​លោក ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នឹងមាន​ឱកាស បាន​ចុះមក​ពិនិត្យមើល​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ជាក់ស្តែង ធ្វើការ​ជួសជុល​ឬ​ស្ថាបនា​ឡើងវិញ ដើម្បី​ជា​ចំណង​ដៃដល់​អ្នក​ខេត្តស្ទឹងត្រែង​៕