សូម​គិតពី​ប្រយោជន៍​រួម ជាជាង​ប្រយោជន៍​ផ្ទាល់ខ្លួន​!

843
ចែករម្លែក

លោក​អភិបាល​រាជធានី​ភ្នំពេញ បានប្រកាសថា ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង​មន្ទីរពេទ្យ គ្រឹះស្ថាន​អប់រំ អគារ​សាធារណៈ វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ផ្លូវ ថ្នល់​ទាំងឡាយណា​មិន​ចូលរួម​អនុវត្តតាម​សេចក្តី​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់នោះ​គណៈ​បញ្ជា ការឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង ១២ និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​រដ្ឋបាល រួមមាន បិទ​អាជីវកម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភារៈ រុះរើ​សំណង់​។​ល​។ ក្នុងករណី​ចាំបាច់ ត្រូវ​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បានលើកឡើង​ដូច្នេះ ក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​២២ ខែមករា​កន្លងទៅ​ដើម្បី​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្ដីពី ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឱ្យមាន ប្រសិទ្ធិភាព​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​សេចក្តីណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ម្ចាស់​លំនៅស្ថាន ម្ចាស់​អាជីវកម្ម ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង មន្ទីរពេទ្យ​គ្រឹះស្ថាន​អប់រំ សាធារណៈ វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ ត្រូវ​សម្រួល និង​រៀបចំ​ទីតាំង របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ខ្លឹមសារ​ណែនាំ ក្នុង​បំណង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​។​

​ពាក់ព័ន្ធ​រថយន្ត​ដឹក​ធ្ងន់ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធំ រថយន្ត​កុងតឺន័រ រថយន្ត​បាញ់​បេតុង និង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ត្រូវ​ចេញចូល​រាជធានី​ភ្នំពេញ ដោយ​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​ចៀសវាង​ការប្រើប្រាស់​ទ្រូង ផ្លូវ​ក្នុងការ​លើកដាក់​ផ្ទេរ​ទំនិញ បាញ់​បេតុង ឬ​ឈប់​សំចត​ដោយ​អនាធិបតេយ្យ​។ ក្នុងករណី បម្រើឱ្យ​ការងារ​សំណង់ ម្ចាស់​ការដ្ឋាន​ត្រូវ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​បាញ់​បេតុង និង​រថយន្ត ក្រឡុក​ស៊ីម៉ង់ត៍ ត្រូវ​ចត​រថយន្ត​រប​ស់​ខ្លួន ឲ្យ​មាន​សណ្ដាប់ធ្នាប់ ដាក់​ស្លាក​សញ្ញា​សំគាល់​ការដ្ឋាន និង​ត្រូវ​រៀបចំ​កម្លាំង ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​។​

​ក្នុង​កិច្ចប្រជុំ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា ក្រោយពី​ដាក់ចេញ​នូវ​សេចក្តីណែនាំ​រដ្ឋបាល រាជធានី​ភ្នំពេញ​កត់សម្គាល់​ឃើញថា មាន​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវថ្នល់ និង​ភាគី​ពាក់ព័ន្ធ ទាំងអស់​បាន​យល់ដឹង​អំពី​ព្រំដែន​នៃ​កម្មសិទ្ធិ និង​ជា​ប្រយោជន៍​សាធារណៈ ដោយបាន​កែប្រែ ទម្លាប់ និង​ឥរិយាបថ​នៃ​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈហើយ​បាន​ចូលរួម​ជាមួយ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​រៀបចំ​សណ្តាប់ ធ្នាប់​តាម​ដងផ្លូវ​គឺ​បានទទួល​ការគាំទ្រ​ពី​មហាជន ដ៏​ច្រើន​លើសលប់​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ខណ្ឌ សង្កាត់​ត្រូវ​រៀបចំ សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់ ក្នុងនោះ រដ្ឋបាល​ខណ្ឌ​ទាំង ១២ សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល កងរាជអាវុធហត្ថ​រាជធានី រួមជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ មន្ទី​ដែនដី​រៀបចំ​នគររូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​រាជធានី​ភ្នំពេញ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ជា​សេនាធិការ​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​វិធានការ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ស្របតាម​សេចក្តីណែនាំ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បាន​កំណត់ថា ចាប់ពី​ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ២០១៩ ការប្រើប្រាស់​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ ការធ្វើ​រោងបុណ្យ និង​កម្មវិធី​ផ្សេងៗ ម្ចាស់​កម្មវិធី ត្រូវ​លើកសំណើ​សុំ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ភ្ជាប់​នូវ​កិច្ចសន្យា និង​គំរូ ដើម្បី​ពិនិត្យ និង​សម្រេច លើ​សំណើ​ទៅនឹង​កម្រិត​ប្រើប្រាស់ ចាំបាច់​មិន​ឲ្យ​លើស ១/២ នៃ​ទ្រូងផ្លូវ និង​ត្រូវ​រៀបចំ​កំលាំង សមស្រប ដើម្បី​សម្រួល​ចរាចរណ៍​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​កំណត់​ក្នុង​សេចក្តីជូនដំណឹង​ថា “​ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ តទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​រក​ទីតាំង​ឯកជន វត្ត​អារាម​-​ព្រះវិហារ ឬ​ទីតាំង​សមស្រប​ណាមួយ ជំនួយការ​ប្រើប្រាស់​ចិញ្ចើមផ្លូវ និង​/​ឬ​ទ្រូងផ្លូវ ហើយ​ការធ្វើ​រោងបុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ ជា​លក្ខណៈ​ឯកជន នៅលើ​ចិញ្ចើមផ្លូវ និង​/​ឬ​ទ្រូងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ គឺ​មិន​អនុញ្ញាត​ជូន​ឡើយ​”​។​

​ដូច្នេះ​បើ​យោងតាម​សេចក្តីណែនាំ និង​ការបញ្ជាក់​ជាថ្មី​របស់​អភិបាល​រាជធានី​ភ្នំពេញ គឺ​មហាជន ទូទៅ បាន​អបអរសាទរ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង ចំពោះ​វិធាន​ការរៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ ពិសេស​រោងការ រោងបុណ្យ និង​រោង​កម្មវិធី​ផ្សេងៗ ដែល​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ គឺ​ត្រូវ​ស្នើសុំ​ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ជាមុន ហើយ​បើ​សង់រោង​លើផ្លូវ ក៏ត្រូវ​ធ្វើ ត្រឹមតែ​ពាក់​កណ្តាលផ្លូវ​ប៉ុណ្ណោះ​ដោយ​មិនត្រូវ​បិទផ្លូវ​ទាំងស្រុង ដូច​ពេលកន្លងមក​ឡើយ​។

​ជាងនេះទៅទៀត ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ តទៅ រាល់​ការសង់​រោងបុណ្យ រោងការ និង​រោង​កម្មវិធី​ផ្សេងៗ លែង​ឲ្យ​មាន​លើផ្លូវ​សាធារណៈ​ទៀតហើយ​។ គឺ​មហាជន​ទូទៅ​ពិសេស អ្នកប្រើប្រាស់​ផ្លូវ ពិតជា​អបអរសាទរ​យ៉ាង​ពេញទំហឹង​ដល់​វិធានការ​នេះ​។ មូលហេតុ ព្រោះថា សព្វថ្ងៃ នៅ​ភ្នំពេញ ស្ទើរតែ​គ្រប់​ផ្លូវ កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង រាល់​ម៉ោង លើកលែងតែ​យប់ ហើយ​បើ​ថែមទាំង​មាន​រោងការ រោងបុណ្យ រោង​កម្មវិធី​ជួបជុំ​ផ្សេងៗ​ទៀត​នោះ​កាន់តែ​បង្កើន ការកកស្ទះ​រឹតតែ​ខ្លាំង​។​

​ម្យ៉ាងទៀត អ្នកធ្វើ​រោងការ រោងបុណ្យ និង​រោង​កម្មវិធី​លើផ្លូវ មាន​ទៅ​ចំណេញ​អ្វី​។ ចៃដន្យ ប៉ះ​អ្នក​ស្រវឹង ឬក៏​ឡាន​ម៉ូតូ មាន​បញ្ហា​ម៉ាស៊ីន ហ្វ្រាំង​មិន​ស៊ី ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់ បុក​ចូល​រោងការ រោងបុណ្យ​ទាំងនោះ បង្ក​មហន្តរាយ រឹតតែ​ខ្លាំង ដែល​រឿងនេះ​ធ្លាប់​កើតឡើង រួចមកហើយ ក្នុងសង្គម​យើង​។ បើ​មិនមាន​បញ្ហា​នេះ​ទេ ក៏​អ្នកធ្វើ​រោង​លើផ្លូវ​នោះ ត្រូវ​អ្នកដំណើរ ជេរ ដាក់​បណ្តាសារ ស្ទើរតែ​គ្រប់គ្នា​ដែរ​។​

​ដូច្នេះ មានតែ​ទៅរក​ទីតាំង​ឯកជន តាម​ភោជនីយដ្ឋាន រោងការ​សម្រាប់​ជួល នៅ​កោះ​ពេជ្រ ឬ​នៅ​បុរី​ពិភពថ្មី​សែន​សុខ ជាដើម សម្រាប់​រៀបចំ​មង្គលកា​រ នោះ​ជាការ​ប្រសើរ​ទាំងអស់គ្នា​។ រីឯ​អ្នក​ធ្វើបុណ្យ​វិញ ក៏​ទៅរក​វត្ត ខ្វះ​អី​វត្ត​ច្រើន​នៅ​ជិតៗ​ផ្ទះ មាន​ទីធ្លា​ធំ​ទូលាយ​ងាយស្រួល ធ្វើបុណ្យ មនុស្ស​ដាក់​ប៉ុន្មាន​ក៏បាន ហើយ​កន្លែង​ចត​ឡាន​ម៉ូតូ​យានយន្ត ក៏មាន​ស្រាប់​។

​ក្រៅពី​រោងបុណ្យ រោងការ​លើផ្លូវ អាជ្ញាធរ​សមត្ថកិច្ច​យើង ក៏ត្រូវ​ដោះស្រាយ​បញ្ហា​យក​ផ្លូវ ធ្វើ​ចំណត ពិសេស​នៅ​ហាង​លក់ដូរ​ទំនិញ ហាង​បាយ​ហាង​គុយទាវ និង​សាលារៀន ជាដើម​។ ភាគច្រើន កន្លែង​ទាំងអស់នេះ មិនមាន​ចំណត​ត្រឹមត្រូវ ដូចជា នៅតាម​មហាវិថី​កម្ពុជា​ក្រោម ភោជនីយដ្ឋាន និង​សណ្ឋាគារ ឡឺ​ប្រេ​ស៊ី​ដង់ និង​ភោជនីយដ្ឋាន ថ្មដា ជាដើម គឺ​ឡាន​ចត​រាល់​ព្រឹក រាល់​ល្ងាច ស្ទើរតែ​ពេញ​ផ្លូវ រកតែ​អ្នកធ្វើដំណើរ​ឆ្លងកាត់​សឹង​មិនកើត​។​

​សរុបមក ទាំង​ម្ចាស់​ហាង ទាំង​អ្នក​ចូល​ទិញ ទាំង​អ្នក​ចូល​ស៊ី​គុយទាវ ទាំង​អ្នក​ចូលរៀន​ត្រូវ​គិត ពី​ប្រយោជន៍​រួម ព្រោះថា ការចត​ឡាន​ចត​ម៉ូតូ​លើផ្លូវ ដើម្បី​តែ​ខ្លួន​ចូល​ហាង​ស៊ី​គុយទាវ​មួយ​ចាន ហើយ​បង្ក​ការក្តៅក្រហាយ​ដល់​អ្នកដទៃ ដោយសារតែ​ឡាន​ម៉ូតូ​ចត​លើផ្លូវ បង្ក​ការកកស្ទះ នោះ​មិនមែនជា​រឿង​ល្អ​ទេ​។ ចត​ឡាន ចត​ម៉ូតូ​លើផ្លូវ ចុះបើ​គេ​ប៉ះ​ទៅ គឺ​ខូច​ទាំង​ឡាន​ខូច​ទាំង​ម៉ូតូ ហើយ ត្រូវ​សង​គេ​ទៀត​។ នេះ​បើតាម​ច្បាប់​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច​វិញ ក៏ត្រូវ​អនុវត្ត​ច្បាប់ និង​វិធានការ​តឹងរឹង តាម​អ្វីដែល​ខ្លួន​បានប្រកាស ណែនាំ​ខាងលើនេះ ដើម្បី​ប្រយោជន៍​រួម ជាជាង​រង​ការចោទប្រកាន់ថា អាជ្ញាធរ​សមត្ថកិច្ច បើកដៃ​ឲ្យ​គេ​សង់​រោងការ រោងបុណ្យ លើផ្លូវ និង​ម្ចាស់​សាលា ម្ចាស់​ភោជនីយដ្ឋាន យក​ផ្លូវ​ធ្វើ​ចំណត ជា​ថ្នូរ​នឹង​លុយ ឬ​ដាក់​ខែ​ដូចដែល មហាជន​លើកឡើង​កន្លងមក​៕ ដោយ​: ម៉េង​ឆៃ​