សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​បន្ត​រក្សា​ចំណាត់ថ្នាក់​សៀមរាប​អង្គរ ជា​គោលដៅ​ទេសចរណ៍​លេខ​១!!!

1562
ចែករម្លែក

​ក្រសួងទេសចរណ៍ បានប្រកាសថា កាលពីពេល​ថ្មីៗ​នេះ ស្ថាប័ន​ផ្សព្វផ្សាយ ទេសចរណ៍ អន្តរជាតិ​របស់​អាល្លឺម៉ង់​មួយ មាន​ឈ្មោះថា You Discover​បាន​ជ្រើស រើសយក​ក្រុង​សៀមរាប ជា​គោលដៅ​ទេសចរណ៍​លេខ ១ សម្រាប់​ឆ្នាំ​២០១៩ នេះ ក្នុងចំណោម​បណ្តា​ទីក្រុង​ទាំង ៩៣ នៅ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាជធានី​ភ្នំពេញ និង​ក្រុង​បាត់ដំបង ក៏​ជាប់​នៅក្នុង​ចំណោម​គោល ដៅ​ទេសចរណ៍​ទាំង ១៥ ផងដែរ ដោយ​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​លេខ ៤ ខណៈ​ក្រុង​បាត់ដំបង ឈរ​នៅ​លំដាប់​លេខ ១៣​។​
​ ​
តាម​ការផ្សព្វផ្សាយ​ដដែល​នេះ​ទីក្រុង​សៀមរាប ឈរលើ​កំពូល​តារាង ដោយ​ទទួល បាន​១០​ពិន្ទុ​ពេញ ខណៈដែល​ទីក្រុង​បាងកក ឈរ​លេខ ២ និង​ទីក្រុង​សិង្ហ​បុរី ឈរ លេខ ៣ ហើយ​រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​ទី​៤ មាន​ពិន្ទុ ៩,៧​។​
​ ​
​ស្ថាប័ន​ផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក​របស់​អាល្លឺម៉ង់ You Discover បានបង្ហាញ ពី​សក្តានុពល​នៃ​ខេត្តសៀមរាប ដែលមាន​ប្រាសាទបុរាណ​ជាច្រើន​ជាពិសេស​គឺ ប្រាសាទអង្គរវត្ត ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ គួបផ្សំ​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ដែល​បង្កើត បានជា​បរិយាកាស​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​។​
​ ​
​ក្រសួងទេសចរណ៍​បានប្រកាសថា កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន ទេសចរ អន្តរជាតិ ប្រមាណ ៦,២​លាន​នាក់ ក្នុង​កំណើន ១០,៧​ភាគរយ និង​រយៈពេល ពីរ​ខែ ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​ជាង ១,២ លាន​នាក់ ក្នុង​កំណើន ៩,៣​ភាគរយ ។
​ ​
​ចំណែក​គ្រឹះស្ថាន​អង្គរ ដែលជា​សហគ្រាស​របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​លក់ ប័ណ្ណ​ដល់​ភ្ញៀវទេសចរ​បរទេស ដើម្បី​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ក្នុង​ខេត្តសៀមរាប បានប្រកាសថា កាលពី​ឆ្នាំ​២០១៨ ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​បណ្ណ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប មាន​ចំនួន ២ ៥៩០ ៨១៥ នាក់ ទទួលបាន​ចំណូល​សរុប ១១៦ ៦៤៦ ៦៨៥ ដុល្លារ​។​

​ដោយឡែក ក្នុង​រយៈពេល​បួន​ខែ ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំនេះ ភ្ញៀវទេសចរ បរទេស បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប ៩៧៣ ៣០៥ នាក់ ទទួលបាន​ចំណូល​សរុប ៤៤ ១៣៤ ៦៣៥ ដុល្លារ​។
​ ​
​តាម​ការ​ស្ទាបស្ទង់​មតិ​ទាំង​ពេលនេះ​ក៏ដូចជា​ពេលមុនៗ សៀមរាប​អង្គរ​របស់​កម្ពុជា បន្ត​ឈរ​នៅ​លំដាប់​កំពូល​តារាង​ជាច្រើន ទោះជា​ការស្ទង់មតិ​នោះ នៅ​អឺរ៉ុប ឬក៏​នៅ អាម៉េរិក​ក៏ដោយ​។

​ក្រៅពី​ប្រាង្គ​ប្រាសាទបុរាណ​ជាច្រើន ជាពិសេស​គឺ​ប្រាសាទអង្គរវត្ត ដែលជា​អត្ត សញ្ញាណ​ជាតិខ្មែរ គួបផ្សំ​នឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត សៀមរាប​អង្គរ ក៏ដូចជា​នៅ កម្ពុជា​ទាំងមូល និយាយ​ជារួម គឺមាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​រាក់ទាក់ ដែល​បង្ក​ជា​បរិយាកាស ទាក់ទាញ​ភ្ញៀវទេសចរ ពិសេស​អ្នកទេសចរ​បរទេស​។​

​ទន្ទឹមនឹង​ការទទួលបាន​ចំណាត់ថ្នាក់​ល្អ សម្រាប់​គោលដៅ​ទេសចរណ៍ នៅ​សៀមរាប អង្គរ នៅ​ភ្នំពេញ ក៏ដូចជា​នៅ​បាត់ដំបង​រួមទាំង​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ គោលដៅ​ទេសចរណ៍ធម្មជាតិ និង​តំបន់​កែច្នៃ​ជាច្រើន​ទូទាំងប្រទេស ក៏ត្រូវ​បន្ត​រក្សា គុណភាព​សេវាកម្ម គុណភាព​អាហារ និង​ស្តង់ដារ​សេវា នៅតាម​ភោជនីយដ្ឋាន សណ្ឋាគារ ជាដើម​។​

​ពិសេស​ទៅទៀត ការបម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍​ដូចជា តម្លៃ​ធ្វើ​ដំណើរការ​ស្នាក់ នៅ ម្ហូបអាហារ ភេសជ្ជៈ មិន​ថា​នៅ​តំបន់​រមណីយដ្ឋាន ឬក៏​នៅតាម​ផ្សារ​ទេ គឺ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ត្រូវតម្រូវ​ឲ្យ​អ្នកផ្តល់​សេវាកម្ម​ទាំងនោះ កំណត់​តម្លៃ​ច្បាស់លាស់ និង​មិនត្រូវ​ដំឡើងថ្លៃ តាម​មាត់ ពិសេស​នៅពេល​បុណ្យទាន ដែល​និយាយ​ជារួម គឺ​អ្នកលក់ កាប់​កោរ​ឆៅៗ គឺ​មិនគួរ​កើតមាន​លើ​អ្នកទេសចរ ពិសេស​អ្នកទេសចរ​ជាតិ យើង ដែល​ដើរលេង​នៅ​ថ្ងៃ​បុណ្យទាន​ឈប់សម្រាក ដូច​ពេលកន្លងមក​ឡើយ​។​

​យើង​មានបទពិសោធន៍ និង​ឃើញនឹងភ្នែក​ជាក់ស្តែង លឺ​នឹង​ត្រចៀក​ហើយ​។ ករណី នៅ​តំបន់​ទេសចរណ៍​មួយចំនួន ដូចជា នៅ​កៀនស្វាយ ក្នុង​ខេត្តកណ្តាល និង​នៅ ខេត្ត​ព្រះសីហនុ ជាដើម គឺ​ឲ្យ​តែ​ដល់​ថ្ងៃ​បុណ្យទាន ឈប់សម្រាក ដូចជា ភ្ជុំ ចូលឆ្នាំ គឺមាន​អ្នក​ទៅលេង​ច្រើនៗ រកតែ​កន្លែង​អង្គុយលេង និង​កន្លែងដេក​សឹងតែ​មិនបាន ក្នុងពេល​កន្លងមក​។ តែ​ដល់ពេល​អ្នកលក់ ឃើញ​មាន​ភ្ញៀវ​ច្រើន បែរជា​កាប់​កោរ មិន​ដាក់​ទឹក លើ​ការ​ស្នាក់នៅ ម្ហូបអាហារ ពិសេស​តូប​ជួល​អង្គុយ​ញ៉ាំ​បាយ អង្គុយលេង ទៅវិញ​។ ចូរ​កុំភ្លេចថា ការផ្សព្វផ្សាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ពិសេស​សម័យ​ទំនើប ឥឡូវ មាន​ហ្វេ​ស​ប៊ុ​ក​ផង គឺ​បើ​អ្នកលក់​កាប់​កោរ​គេ នោះ​ដំណឹង​នេះ នឹង​ផ្សព្វផ្សាយ​លឺ ហើយ​មិន​ត្រឹមតែ​នៅក្នុង​ស្រុក​ក្នុង​តំបន់​យើង​ទេ គឺ​ដឹង​ដល់​ពិភពលោក​ថែម​ទៀតផង​។​

​ដោយសារតែ​ចង់​ចំណេញ​ច្រើន ក្នុងពេល​មនុស្ស​ច្រើន​នេះហើយ បាន​ទៅ​កេរ្តិ៍ឈ្មោះ តំបន់​ទេសចរណ៍​នោះ ល្បី​រន្ទឺ ហើយ​ក្រោយមក មានការ​និយាយ​តៗ​គ្នា​បណ្តាល​ឲ្យ ស្បើយ​អ្នក​ទៅលេង​។ នៅពេល​លែង​មិនសូវមាន​អ្នកទេសចរ​ទៅលេង​អ្នកលក់​ក៏ បាត់​ចំណូល​ដែរ​។ ដូច្នេះ​សូម​អនុវត្ត​នូវ​ទ្រឹស្តី​របស់​អ្នក​ទីផ្សារ ថា បើ​លក់ដាច់​ច្រើន ត្រូវ​បញ្ចុះតម្លៃ មិនមែន​អនុវត្តតាម​អ្នកលក់​មួយចំនួន បែរជា​លក់ដាច់​ខ្លាំង​មាន​មនុស្ស ច្រើន តែ​ដំឡើងថ្លៃ​នោះទេ​។​

​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍ ក៏​គួរតែ​យកតម្រាប់​តាម​ចិន​លក់​ចាប​ហ៊ួ​យ​នៅ​ផ្សារ គឺ​លក់​ចំណេញ​តិច តែ​លក់បាន​ច្រើន ហើយ​ប្រមូល​ភ្ញៀវ​កាន់តែច្រើន​ទៅៗ​។ ធ្វើ​ដូច្នេះ ដំណើរការ​លក់ដូរ និង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍ មាន​សកម្មភាព​រហូត ហើយ អ្នកទេសចរ​មិន​ថា ជាតិ និង​បរទេស​ទេ គឺ​នៅតែ​បន្ត​ទៅលេង​កម្សាន្ត​តាម​រមណីយដ្ឋាន តំបន់​ទេសចរណ៍​ទាំងនោះ និង​នាំយក​ចំណូល​ដល់​តំបន់​ទេសចរណ៍​នោះ​និយាយ ដោយឡែក និង​និយាយ​ជារួម គឺ​នាំ​ចំណូល​ចូលជាតិ​បាន​កាន់​ច្រើនឡើងៗ​។​

​សរុបទៅ ទាំង​អ្នកលក់ដូរ ទាំង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍ និង​ទាំង​អាជ្ញាធរ សមត្ថកិច្ច ត្រូវ​បន្ត​រួមគ្នា ថែរក្សា​ចំណាត់ថ្នាក់​គោលដៅ​ទេសចរណ៍ សៀមរាប​អង្គរ ភ្នំពេញ បាត់ដំបង ក៏ដូចជា​បង្កើន​ការផ្តល់សេវា​ល្អ និង​តម្លៃ​សមរម្យ នៅតាម​តំបន់ រមណីយដ្ឋាន​ទេសចរណ៍​ដទៃទៀត នៅ​ទូទាំងប្រទេស ដើម្បី​ជាការ​ទាក់ទាញ​អ្នក ទេសចរ​ជាតិ ក៏ដូចជា​អ្នកទេសចរ​អន្តរជាតិ ចូលមក​កម្សាន្ត​សប្បាយ ដែល​មិន​ត្រឹមតែ នាំ​ចំណូល​ដល់​អ្នកលក់ដូរ អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍​ដោយផ្ទាល់​នោះទេ តែ​ក៏​ផ្តល់​ចំណូល​មួយផ្នែក​ដល់​ជាតិ​ទាំងមូល​ផងដែរ​៕ ដោយ​:​ម៉េង​ឆៃ​

#