សូម​នាំគ្នា​ខ្លាច​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​ដូច​ខ្លាច​ជំងឺ​រលាក​សួតប្រភេទ​ថ្មី​!

178
ចែករម្លែក

គិត​ត្រឹម​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ ជំងឺ​រលាក​សួត​ថ្មី បង្កដោយ​វីរុស កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានសម្លាប់​មនុស្ស ១០៦​នាក់ និង​ឆ្លង​រាលដាល​ដល់​មនុស្ស​ចំនួន ៤៥១៥​នាក់​។ អ្នកស្លាប់​ទាំង ១០៦​នាក់ កើតឡើង​នៅ​ប្រទេស​ចិន​។ អ្នក​ឆ្លង​ជំងឺ​នេះ ស្ទើរតែ​ទាំងអស់​ក៏​កើតឡើង​នៅ​ចិន ដែរ​។​រីឯ​ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​រួមមាន ហុងកុង ថៃ ម៉ា​កាវ សហរដ្ឋអាមេរិក អូស្ត្រាលី សិង្ហ​បុរី តៃវ៉ាន់ ជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង បារាំង កាណាដា វៀតណាម នេ​ប៉ាល់ ស្រីលង្កា អាល្លឺម៉ង់ និង​ចុងក្រោយ កម្ពុជា​យើង មួយ​ករណី​ដែល​កើត​លើ បុរស​ចិន​ម្នាក់ អាយុ ៦០​ឆ្នាំ​។​
​ ​
​បុរស​អ្នកជំងឺ​ជនជាតិ​ចិន​នេះ​បានធ្វើ​ដំណើរ​មកពី​ទីក្រុង វូ​ហាន ប្រទេស​ចិន ដែលជា​កន្លែង​កើត ជំងឺ​រលាក​សួត​ថ្មី​នេះ​មុនគេ បានមក​កាន់​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា​ឆ្នាំ​២០២០​ជាមួយ​ក្រុមគ្រួសារ​បីនាក់​ផ្សេងទៀត​។​លទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន ប៉ាស្ទ័រ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ប្រកាស​កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ថា បុរស​ចិន​នេះ មាន​ផ្ទុក​វីរុស​រលាក​សួត​ប្រភេទ​ថ្មី កូ​រ៉ូ​ណា​។ បុរស​ចិន​នេះ ត្រូវបាន គេ​ដាក់​ឲ្យ​នៅ​ព្យាបាល​ដាច់ដោយឡែក​ពី​គេ នៅក្នុង​បន្ទប់ នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា រដ្ឋមន្ត្រី​សុខាភិបាល និង​រដ្ឋមន្ត្រី​បរិស្ថាន បាន​ចុះ​ពិនិត្យ និង​ជួប ផ្ទាល់​ដល់​ក្នុង​បន្ទប់​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​។ បុរស​ជនជាតិ​ចិន ដែល​ឆ្លង​វីរុស រលាក​សួត​ថ្មី​នេះ អាច​ឈរ និយាយស្តី​បានជា​ធម្មតា មិនមាន​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ​ទេ​។​

និយាយ​ពី​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​វិញ គឺ​នៅតាម​ផ្ទះ តាម​សាលារៀន តាម​កន្លែងធ្វើការ តាម​ផ្សារ​ជាដើម គឺ​ជ្រួលជ្រាល់ ភ័យខ្លាច​គ្រប់គ្នា​។ ក្នុងនោះ ក៏មាន​អ្នក​ទៅ រក​ទិញ ម៉ាស់​ពាក់​បិទមាត់ បិទ​ច្រមុះ រហូតដល់​មាន​អ្នកលក់​ម៉ាស់​ខ្លះ​បាន​ឡើងថ្លៃ​ខ្ពស់ ហួសហេតុ​។​
​ ​
​នៅតាម​ហ្វេ​ស​ប៊ុ​ក​តាម​សារ Messenger ក៏ត្រូវ​បាន​គេ​បង្ហោះ​ចែករំលែក​ព័ត៌មាន​ពី​ជំងឺ​រលាកសួត​ថ្មី​នេះ ហើយ​ប្រាប់​ឲ្យ​បងប្អូន​មិត្តភក្តិ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ ក្នុង​សារ តាម​ហ្វេ​ស​ប៊ុ​ក​Messenger ទាំងនោះ រហូតដល់​មាន​អ្នកខ្លះ ចែកចាយ​សារ​សំឡេង​ដែលជា ពាក្យ​ច​ចាម​រ៉ា​ម​ថា នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​ជនជាតិ​ចិន​រស់នៅ​ច្រើន គឺ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ បាន​ឆ្លង​ដល់​មនុស្ស​ជាង ៧០​នាក់ ហើយ​មាន​ប្រាំមួយ​នាក់ បាន​ស្លាប់ តែ​ក្រសួងសុខាភិបាល មិនបាន​ប្រកាស​ដំណឹង​នេះ​ទេ ជាដើម​។​
​ ​
ទាំងអស់នេះ សុទ្ធតែ​កើតចេញពី​ការព្រួយបារម្ភ​ហួសហេតុ​ពេក ហើយក៏​បន្ត​ចែកចាយ​ពីមួយ​ទៅមួយ នូវ​ព័ត៌មាន​ប្រឌិត ដែល​គ្មាន​ប្រភព​អះអាង​ត្រឹមត្រូវ​ផ្លូវការ​ចេញពី​ក្រសួង សុខាភិបាល ឬ​មន្ត្រី​ជំនាញ​ណា​ម្នាក់​ឡើយ​។​
​ ​
យ៉ាងណា​ក៏ដោយចុះ ទាំងនេះ ជា​អារម្មណ៍​ស្លោ​ន​ស្លោរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន ទៅនឹង​ជំងឺ​ដែល​ពិភពលោក រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​យើង កំពុង​ព្រួយបារម្ភ​។ ក៏ប៉ុន្តែ​ជំងឺ រលាក​សួត បង្កដោយ​វីរុស កូ​រ៉ូ​ណា ប្រភេទ​ថ្មី​នេះ អាច​ការពារ​បាន​។

​ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​នូវ​វិធានការ ១១ ចំណុច រួមមាន​៖ ១.​ប្រសិន​មាន​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការធ្វើដំណើរ របស់​អ្នក​ដល់​គ្រូពេទ្យ​។ ២.​ចៀសវាង​ការប៉ះពាល់​ជាមួយ​អ្នក​ដែលមាន​គ្រុនក្តៅ និង​ក្អក​ម​។ ៣.​លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​អាល់កុល ហ្សែ​ល​។ ៤.​ជៀសវាង ប៉ះពាល់​ភ្នែក​ច្រមុះ ឬ​មាត់​។ ៥.​នៅពេល​ក្អក ឬ​កណ្តាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​អ្នក​ដោយ​ប្រើ កែប​ដៃ ឬ​ក្រដាស រួច​បោះចោល​ក្នុង​ធុងសំរាម​ភ្លាម និង​លាងដៃ​របស់​អ្នក​។ ៦.​ប្រសិន​អ្នក ពាក់​ម៉ាស់ ត្រូវ​ប្រាកដថា ពាក់​គ្រប​លើ​មាត់ និង​ច្រមុះ ប៉ុន្តែ​ជៀសវាង​ការ​ប៉ះ​ម៉ាស់​ផ្ទៃ​ខាងក្រៅ នៅពេល​កំពុង​ពាក់ និង​ពេល​ដោះ​។ ៧.​ត្រូវ​បោះចោល​ភ្លាម​នូវ​ម៉ាស់ ដែល​បាន​ប្រើ​រួច និង​លាងដៃ​ឱ្យ​ស្អាត​បន្ទាប់ពី​ដោះ​ម៉ាស់​។ ៨.​ប្រសិន​អ្នក​ចាប់ផ្តើម​ឈឺ​ពេល​កំពុងធ្វើដំណើរ ត្រូវ​ប្រាប់​អ្នកបម្រើ​លើ​យន្តហោះ និង​ស្វែងរក​ការព្យាបាល​ឲ្យ​បាន​ឆាប់ និង​ប្រាប់​ពី​ប្រវត្តិ នៃ​ការធ្វើដំណើរ​ដល់​គ្រូពេទ្យ​។ ៩.​បរិភោគ​តែ​អាហារ​ណា ដែល​ឆ្អិន​ល្អ​។ ១០.​មិនត្រូវ​ខាក ស្តោះ នៅ​ទីសាធារណៈ​។ ១១.​ជៀសវាង​ការប៉ះពាល់ និង​ធ្វើដំណើរ​ជាមួយ​សត្វ ដែល​ឈឺ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ ១១៥​។​

​ដោយឡែក គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង បាន​កើតឡើង​ចំនួន ៤១២១​លើក សម្លាប់​មនុស្ស ១៩៨១​នាក់ និង​រងរបួស ៦១៤១​នាក់​។ ពោល​គឺជា​មធ្យម ក្នុង​មួយថ្ងៃ មាន​អ្នកស្លាប់​ជាង​ប្រាំ​នាក់ និង​របួស​ជិត ១៧​នាក់ ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​។​

​ក្នុងនោះ គ្រាន់តែ​អំឡុងពេល​ចូលឆ្នាំ​ចិន ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស​យើង គឺមាន​គ្រោះថ្នាក់​ចរាចរណ៍ ចំនួន ៥៩​លើក បណ្តាល​ឲ្យ ស្លាប់ ៤០​នាក់ និង​របួស ៨០​នាក់​។​

​ដូច្នេះ​បើ​ប្រៀបធៀប​នឹង​ជំងឺ​រលាក​សួត ប្រភេទ​ថ្មី នាពេលនេះ គឺ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ប្រទេស​យើង បង្ក​ឲ្យ​មាន​អ្នករងគ្រោះ​ច្រើនជាង​ជំងឺ​ថ្មី​នេះ​។

​ក៏ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​យើង​អាច​ចូលរួម​ការពារ ទប់ស្កាត់ និង​កាត់បន្ថយ​បានដែរ ដោយ​អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ១០ ចំណុច​៖ ១.​ត្រូវ​ចេះ​បើកបរ ២.​ត្រូវ​ពាក់មួក​សុវត្ថិភាព ៣.​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ៤.​ត្រូវ​ប្រកាន់​ស្តាំ ៥.​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ៦.​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច ៧.​មិនត្រូវ​បើក បរ​លើស​ល្បឿន​កំណត់ ៨.​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ៩.​មិនត្រូវ​បើកបរ ក្រោម​ឥទ្ធិពល​គ្រឿងញៀន និង​១០.​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​។​

​សរុបទៅ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង មេត្តា​ចូលរួម​ព្រួយបារម្ភ និង​បង្កើន​ការ​ប្រុង ប្រយ័ត្ន​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​ដូច​បងប្អូន​ព្រួយបារម្ភ និង​ប្រុងប្រយ័ត្ន​នឹង​ការឆ្លង​ជំងឺរលាក​សួត​ប្រភេទ​ថ្មី នៅពេលនេះ​។ សូម​ប្រជាពលរដ្ឋ​ខ្មែរ​យើង រួចផុត​ចាក​ទុក្ខ​ចៀស​ផុតពី​ជំងឺ រាក​សួត​ប្រភេទ​ថ្មី និង​ចៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​គ្រាន់តែ​អនុវត្ត​វិធានការ ប៉ុន្មាន​ចំណុច ដែល​អ្នកជំនាញ​សុខាភិបាល និង​អ្នកជំនាញ​គ្រោះថ្នាក់​ចរាចរណ៍​បានលើកឡើង ខាងលើ​៕ ដោយ​: ម៉េង​ឆៃ​