សូម​បង្កើន​ការអប់រំ​សីលធម៌ និង​គុណធម៌​ក្នុងសង្គម​!

432
ចែករម្លែក

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​គរុ​សិស្ស និង​គរុ​និស្សិត ដែលជា​គ្រូបង្រៀន កាលពី​ព្រឹកថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​បានអំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ទៅលើ​ការអប់រំ​សីលធម៌ និង​គុណធម៌ ចំពោះសិស្ស​និង​និស្សិត ហើយ​ការអប់រំ​អំពី​សីលធម៌ និង​គុណធម៌​នេះ ក៏ត្រូវ​តែ​ធ្វើ​នៅក្នុង​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ផងដែរ ។​

​សម្តេច​បានបញ្ជាក់​ទៅកាន់​គ្រូបង្រៀន សាស្ត្រាចារ្យ និង​អ្នកគ្រប់គ្រង ដែល​នឹង​ចេញពី​សាលា​នាពេលនេះ ត្រូវ​ចាត់ទុក​បញ្ហា​គុណធម៌ គឺជា​រឿង​ធំ សម្រាប់​អប់រំ​ចំពោះ សិស្ស និង និស្សិត​។ បើ​មិន​ដូច្នេះ​ទេ គឺ​ស្ថានភាព​នៃ​សង្គម​របស់​កម្ពុជា នឹង​ប្រែប្រួល ពី​សង្គមដែល​ធ្លាប់​គោរព​ចាស់ទុំ ដែលមាន​មនុស្ស​ភាគច្រើន​គោរព​ចាស់ទុំ​ទៅជាមនុស្ស​ភាគតិច​មក​គោរព​ចាស់ទុំ គោរព​គ្រូបង្រៀន និង​គោរព​ទៅដល់​ច្បាប់​។ ដូច្នេះ​ត្រូវ​ពង្រឹង​នូវ​គុណភាព​នៃ​ការអប់រំ ទៅដល់​បញ្ហា​សីលធម៌ និង​គុណធម៌​។​

សម្តេច បញ្ជាក់ថា ឥឡូវដល់ពេល​វេលា មិនមែន​ការអប់រំសម្រាប់តែ​កូនសិស្ស​ទេ យើង​ក៏ត្រូវ​ធ្វើការ​អប់រំ​ដល់​កងកម្លាំងប្រដាប់អាវុធ និង​ទៅកាន់​មន្ត្រីរាជការ ក៏ត្រូវ​តែ​ធ្វើ​ដែរ​។​
​ ​
ពាក់ព័ន្ធ​នឹង​ការជំរុញ​ការអប់រំ​សីលធម៌ និង​គុណធម៌​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ករណី​ចំនួន ៣ ដែល​មហាជន ចាប់អារម្មណ៍​ក្នុង​រយៈពេល​ប៉ុន្មាន ថ្ងៃនេះ​។ នោះ​គឺ​ករណី​ទី​១-​ប៉ូលិស​ខេត្តព្រៃវែង បាន​ព្រួត​គ្នា​បាញ់សម្លាប់​បុរស​ម្នាក់ ដោយ​ចោទថាជា​ចោរលួច​ឡាន ករណី​ទី​២-​ប៉េអឹម​ប្រើ​អំណាច​វាយ និង​ភ្ជង់​យុវជន ពីរ​នាក់ នៅ​ខេត្តកំពង់ចាម ព្រមទាំង​ករណី​ទី​៣-​អ្នកបើក​ឡាន​រ៉ែ​ង​រ៉ូ​វ័រ​បុក​ស្លាប់​និស្សិតស្រី​ម្នាក់ នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមីនា​។ ករណី​ទាំង ៣ នេះកើតឡើង ត្រូវបាន​សម្តេច ហ៊ុន សែន លើកឡើងថា បណ្តាលមកពី​ខ្វះ​សីលធម៌ និង​ខ្វះ​គុណធម៌​។ ដូចនេះ ត្រូវតែ​ខិតខំ​ពង្រឹង​អប់រំ​សីលធម៌ និង​គុណធម៌​មិន​ត្រឹមតែ​ក្នុងចំណោម​សិស្ស និស្សិត នោះទេ គឺ​ត្រូវ​អប់រំ​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ ផងដែរ​។​

​ជា​ការពិតហើយ ក្នុងនាម​ជា​កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអឹម ទាហាន និង​មន្ត្រីរាជការ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​ជាន់ថ្នាក់ ត្រូវអនុវត្ត​ន៍ការងារ ដោយ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ ។​សំខាន់​មួយទៀត គួរតែ​ប្រកាន់​នូវ​សីលធម៌ និង​គុណធម៌​។ សំខាន់​ណាស់ បើសិនជាកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអឹម ទាហាន និង​មន្ត្រីរាជការ​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ប្រព្រឹត្ត​តាម​ទំនើងចិត្ត ដូច​ករណី​ប៉េអឹមនៅ​ខេត្តកំពង់ចាម និង​ប៉ូលិស​នៅ​ខេត្តព្រៃវែង ដែលជា​ករណី​ជាក់ស្តែង​នោះ នាំ​ឲ្យ​អន្តរាយ​ដល់​ខ្លួន និង​សង្គម​ជាក់​ជាមិនខាន​។​

​ដូចគ្នានេះដែរ តែ​កាលណា​ខ្វះ​សីលធម៌ និង​ខ្វះ​គុណធម៌ តែមួយ​ប៉ប្រិចភ្នែក​ក៏បាន​បង្កគ្រោះថ្នាក់​ចរាចរ ក្លាយជា​ឃាតករសម្លាប់​ជីវិត​គេ ហើយ​ខូចអនាគត​ខ្លួនឯង​។ ករណីបង្ក​គ្រោះថ្នាក់​ចរាចរ ដោយ​បើកបរ​រថយន្ត​ស្លាក​លេខ ភ្នំពេញ 2AF-7777 ដែលមានតម្លៃ​ដល់​ទៅ ១៣​ម៉ឺន​ដុល្លារ តែ​ដោយសារតែ​ការប្រមាថ ខ្វះ​សីលធម៌ និង​មិនមានគុណធម៌​ក្នុង​ខ្លួន​នេះឯង ក៏​កើតជា​សោកនាដកម្ម មិន​ត្រឹមតែ​លើ​ក្រុមគ្រួសារ និង​ខ្លួន ជនបង្ក​ដោយផ្ទាល់​នោះទេ តែ​ក៏​ជា​សោកនាដកម្ម​លើ​អ្នកដទៃ គឺ​យុវតី​និស្សិត​រងគ្រោះផ្ទាល់ និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងមូល​។

​ដូច្នេះ​ការពង្រឹង​ការអប់រំផ្នែក​សីលធម៌ និង​គុណធម៌ គឺជា​ការចាំបាច់ មិន​ថា ប្រជាពលរដ្ឋ​សាមញ្ញ សិស្ស​និស្សិត មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​នោះទេ​។ ខ្មែរ​យើងជា​ពូជខ្មែរ​អង្គរ និង​មាន​អរិយធម៌​រុងរឿង ​រឿង​អី​គ្រាន់​យកចិត្តទុកដាក់​ទៅលើការអប់រំ​សីលធម៌ និង​គុណធម៌ តាមរយៈ​ការ​ចម្រើនមេត្តា ករុណា និង​ការសន្ដោសប្រណី អត់ឱន​ឲ្យ​គ្នា រឿង​អី​ខ្មែរ​យើង​ធ្វើ​មិនបាន ពិសេស​យុវជន​នោះ​?៕ ដោយៈ ម៉េង​ឆៃ​/Ha