សូម​ប្តូរ​ទម្លាប់​ក្នុងការ​បោះចោល​សំរាម​

360
ចែករម្លែក

ពិធីបុណ្យ​អុំទូក​ត្រូវបាន​អាជ្ញាធរ​ខេត្តកណ្តាល រៀបចំ​ប្រារព្ធ​ឡើង​យ៉ាង​មហោឡា​រិក នៅ​ទន្លេបាសាក់ ទី​រួម​ខេត្តកណ្តាល កាលពី​ថ្ងៃ​សៅរ៍ ទី​១២ និង​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា ឆ្នាំ​២០១៩​។ ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​អញ្ជើញចូលរួម​អបអរសាទរ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តកណ្តាល រយៈពេលពីរ​ថ្ងៃនេះ​។​

​ប៉ុន្តែ​អ្វីដែល​ជាការ​កត់សម្គាល់​នៅ​មាត់​ទន្លេបាសាក់ កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តកណ្តាល រយៈពេល​ពីរ​ថ្ងៃនេះ គឺ​ក្រោយ​បិទ​បញ្ចប់ គេ​ឃើញ​សំរាម រួមមាន ថង់​ប្លា​ស្ទិ​ក ប្រអប់​ស្នោ ដបទឹក​សុទ្ធ ជាដើម ត្រូវបាន​បោះ​ពង្រាយ​នៅ តាម​ច្រាំងទន្លេ តាម​សួនច្បារ​។ ពិសេស​សូម្បី​តែមាន​ធុងសំរាម​ហើយ នៅតែមាន​អ្នក​បោះ​សំរាម​ក្រៅ​ធុង​ទៀត​។​

​ក្នុង​ពិធីបុណ្យ​អុំទូក រយៈពេល​ពីរ​ថ្ងៃនេះ​ ពិធីករ​ដែល​អត្ថាធិប្បាយ​ពី​ការប្រណាំង​ទូកង​បានប្រកាស​ប្រាប់​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​កីឡាករ​អុំទូក កុំ​ឲ្យ​បោះចោល​ដប​ទឹក​សុទ្ធ ថង់​ប្លា​ស្ទិ​ក កាកសំណល់​នំចំណី​អាហារ ក្នុង​ទឹក តាម​សួនច្បារ ច្រាំងទន្លេ គឺ​ត្រូវ​បោះចោល​សំរាម​ក្នុង​ធុងសំរាម ដែល​អាជ្ញាធរ​ខេត្តកណ្តាល បានរៀបចំ​ដាក់ពង្រាយ​ធុងសំរាម​ធំៗ យ៉ាងច្រើន នៅ​កន្លែង​ប្រារព្ធ​ពិធី​។​

​សរុបមក​ អាជ្ញាធរ​បានរៀបចំ​ឲ្យ​មាន​ធុងសំរាម​ហើយ មាន​ទាំង​ការប្រកាស​ណែនាំ​ហើយ ណែនាំ​ទៀត​ជាច្រើនលើក ច្រើនសា តាម​មេក្រូ នៅ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តកណ្តាល​ហើយ ​តែ​នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ស្តាប់ មើលរំលង និង​មិន​អើពើ​នឹង​បញ្ហា​សំរាម​។

​តើ​ឆ្នាំ​ណា​? ខែ​ណា​? ទើប​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួនលះបង់​ទម្លាប់​បោះចោល​សំរាម មិនមាន​អនាម័យ​ដូច្នេះ​។ ចុះ​តើ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប អកអំបុក​និងសំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ រយៈពេល​បី​ថ្ងៃ នៅ​ថ្ងៃទី​១០-១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ សំរាម​នឹង​នៅតែមាន​អ្នក​បោះចោល​ពាសវាល​ពាស​កាលពេញ​ផ្លូវ សួនច្បារ ច្រាំងទន្លេ និង​ក្នុង​ទឹក ដូច​ឆ្នាំមុនៗទៀត​ដែរ​ទេ​?

​កាលពីមុន​អ្នកខ្លះ​បន្ទោស​ថា មកពី​មិនមាន​ធុងសំរាម​គ្រប់គ្រាន់ ទើប​មាន​អ្នក​បោះ ចោល​សំរាម​ពាសវាល​ពាសកាល​។ ចុះបើ​មាន​ធុងសំរាម ១០​ម៉ែត្រ​មួយ តើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង នឹង​ប្តូរ​ទម្លាប់ ដោយ​បោះចោល​សំរាមក្នុង​ធុងសំរាម ដែរ ឬទេ​?

​ជាមួយគ្នានេះ​ ក្រៅពី​ប្រជាពលរដ្ឋ​មួយចំនួនដែល​មិនទាន់មាន​ស្មារតី​គិតគូរ​រឿង​សំរាម អាជ្ញាធរ​សមត្ថកិច្ច​ក៏​គួរ​ចូលរួម​អប់រំ ណែនាំ​បន្ថែម​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​តា​មរយៈ​ការបង្កើន​ចំនួន​បុគ្គលិក កម្មករ​ប្រមូល សម្អាត​សំរាម ក្នុង​ពិធីបុណ្យ​ធំៗ ដូចជា បុណ្យអុំទូក​ ព្រមទាំង​ដាក់​ធុងសំរាម​បន្ថែម​ឲ្យ​បាន​ច្រើននៅ​កន្លែង​ប្រារព្ធ​ពិធី​។​

​រីឯ​អ្នកលក់ដូរ​នំចំណី​អាហារ​វិញ ក៏​គួរតែ​ម្ចាស់ការ​រៀងៗ​ខ្លួន ដោយមាន​ធុងសំរាម សម្រាប់​ដាក់​សំរាម​វេច​ខ្ចប់​ឲ្យ​បានត្រឹមត្រូវ ព្រមទាំង​បោសសម្អាត​កន្លែង​លក់ដូរ ក្រោយ​ចប់​កម្មវិធី ជាដើម​។​

​សូមមេត្តា​ចូលរួម​ទាំងអស់គ្នា ដើម្បី​បរិស្ថាន អនាម័យ និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង​។ សូម​ផ្តើមចេញពី​ខ្លួន​អ្នក និង​គ្រួសារ​អ្នក តាម​វិធី​ងាយ គឺ​មនុស្ស​ម្នាក់ ធុងសំរាម​មួយ​។ នោះ​គឺ​មិនចាំបាច់​ដល់​ថ្នាក់ ដើរ​រើស​សំរាម​ទេ​តែ​សូម កុំ​បោះចោល​សំរាម​ក្រៅ​ធុងសំរាម​៕ ដោយ​: ម៉េង​ឆៃ​/Ha