សូម​ប្រជាពលរដ្ឋ​រួសរាន់​ចុះឈ្មោះ​បោះឆ្នោត ថ្ងៃនេះ មន្ត្រី គ​.​ជ​.​ប ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​វិញ​ហើយ ​ ​

227

(​ភ្នំពេញ​) ៖ ថ្ងៃទី​២២ ខែកញ្ញា​នេះ មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦​ឡើងវិញ បន្ទាប់ពី​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​។​


​ ​
​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ មាន​រយៈពេល​៧០​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ ​
​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧​បាន ពលរដ្ឋ​ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែ​។ ប្រសិនបើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ ពលរដ្ឋ​ត្រូវមាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត​ជំនួស​វិញ​។​ដើម្បី​បាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការ​​ចុះឈ្មោះ​បោះឆ្នោត ពលរដ្ឋ​សា​ម៉ី​ត្រូវ​ទៅ​ស្នើសុំ​ពី​សាលាឃុំ​-​សង្កាត់ ដែល​ខ្លួន​កំពុងស្នាក់នៅ ដោយ​នាំទៅ​ជាមួយ​នូវ​សាក្សី​ដែលមាន​សិទ្ធិ​​បោះឆ្នោត ហើយ​រស់នៅក្នុង​ឃុំ​-​សង្កាត់​ជាមួយគ្នា​ចំនួន​២​នាក់ និង​រូបថត​ទំហំ ៣​គុណ​៤ ចំនួន​២​សន្លឹក​។​
​ ​
​ក្នុងករណី​អាសយដ្ឋាន​របស់​អ្នក ខុសពី​អាសយដ្ឋាន​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់ខ្លួន អ្នក​ត្រូវ​ភ្ជាប់​មកជា​មួយ​សៀវភៅ​ស្នាក់នៅ (​ច្បាប់ដើម​) ឬ​សៀវភៅ​គ្រួសារ (​ច្បាប់ដើម​) ឬ​លិខិតបញ្ជាក់​ទីលំនៅ​។ ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ទីលំនៅ ពី​អាជ្ញាធរ​ឃុំ​-​សង្កាត់ អ្នក​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​អ្នក និង​សាក្សី​ម្នាក់ ដែលជា​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ហើយ​រស់នៅក្នុង​​ឃុំ​-​សង្កាត់​ជាមួយ​អ្នក​ទៀតផង​។​
​ ​
​សូម​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់គ្នា ដើម្បី​ទទួលបាន​សិទ្ធិ​ពេញលេញ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ ខាងមុខ​ដោយ៖វិបុល/sn