សូម​មើល​តួលេខ​ផលប៉ះពាល់​និង​ជនរងគ្រោះ​ពី​ទឹកជំនន់​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទ​ន្ល​បាសាក់​

1285
ចែករម្លែក

​ដោយៈ​ម៉េង​ឆៃ​/​ភ្នំពេញៈ គិត​មក​ត្រឹម​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ទឹកជំនន់​ទន្លេមេគង្គ និង​ទន្លេបាសាក់ បាន​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ការប៉ះពាល់​បាន​កើន​ឡើងដល់​ប្រាំបួន​ខេត្ត​រាជធានី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ សរុប​កើន​ដល់​ជាង ១០ ម៉ឺន​គ្រួសារ ,​អ្នកស្លាប់​កើន​ដល់ ៣៧ នាក់ ព្រមទាំង​លិច​ស្រូវ​សន្ទូង​ពង្រោះ សរុប​ជាង​បួន​ម៉ឺន​ហិកតា​។ ក្នុងនោះ ក៏មាន​ផ្លូវលំ​លិច​ទឹក​ជាង ១.២០០ គីឡូម៉ែត្រ​។​

ថ្ងៃទី ៦ ខែកញ្ញា មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម បាន​សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​កំពង់ចាម រៀបចំ​ដំឡើង​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យមមួយគ្រឿង ដើម្បី​អន្តរាគមន៍​បូម​រំដោះ​ទឹកភ្លៀង​ដែល​ជ្រាប​ចេញ​តាម​ប្រព័ន្ធ​លូ ធ្វើ​ឲ្យ​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​មេម៉ាយ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម

​ ​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ចុងខែ​កក្កដា បន្ត​ដល់​ថ្ងៃទី​៦ ខែកញ្ញា​នេះ ទឹកជំនន់​ទន្លេមេគង្គ ទន្លេបាសាក់ និង​ទន្លេសាប បាន​ជន់​លិច​ចំនួន​ប្រាំ​បួន​ខេត្ត​រាជធានី រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ព្រៃវែង តាកែវ កំពង់ឆ្នាំង និង​នៅ​រាជធានី​ភ្នំពេញ ។​មាន ៥០​ស្រុក​ក្រុង និង ២៥៨ ឃុំ​សង្កាត់ ដោយមាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប ១០២.៤៥០​ម៉ឺន​គ្រួសារ​។ ជម្លៀស​ទៅ​ទួល​សុវត្ថិភាព​ចំនួន ៩.៤៦៣ គ្រួសារ និង​ស្លាប់ ៣៧​នាក់ ( នៅ​ខេត្តកំពង់ចាម ១៦​នាក់ ព្រៃវែង ១៣​នាក់ ស្ទឹងត្រែង​បួន​នាក់ ក្រចេះ​បីនាក់ និង​ត្បូងឃ្មុំ ម្នាក់ ) ព្រមទាំង​របួស ៨៣​នាក់ ដែល​ក្នុងនោះ មាន​ជាង ៧០​នាក់ នៅ​ខេត្តកំពង់ចាម ដោយសារតែ​ពស់​ចឹក និង​សត្វ​ទិច ជាដើម​។​
​លោក កែវ វី បន្តថា គ្រោះទឹកជំនន់ ក៏បាន​បំផ្លាញ​ផ្ទះ ដែល​ត្រូវ​រុះរើ​ដោយសារ​បាក់​ច្រាំងទន្លេ ១៩១​ខ្នង លិច​សាលារៀន ២៨៩ កន្លែង ខូច​ពីរ​កន្លែង លិច​វត្ត​អារាម ១២៣ កន្លែង លិច​មណ្ឌល​សុខភាព ២២ កន្លែង គោក្របី​ត្រូវ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ២៩២៥២ ក្បាល ងាប់ ៣​ក្បាល លិច​ស្រូវ​សន្ទូង ៤៥.០៧១ ហិកតា ខូច ២៥២៦១ ហិកតា ព្រមទាំង​លិច​ដំណាំ​រួមផ្សំ ៦.៦០៥ ហិកតា និង​ខូច ៣.០៨១ ហិកតា​។ ក្នុងនោះ ទឹកជំនន់ ក៏បាន​លិច​ផ្លូវលំ​ជនបទ សរុប ១.២៦៦ គីឡូម៉ែត្រ ផងដែរ​។​


​ដោយឡែក នៅ​ខេត្តក្រចេះ លោក កែវ វី បន្ថែមថា ទឹកជំនន់ បាន​លិច​សាលាឃុំ ចំនួន ៦ កន្លែង និង​លិច​ប៉ុស្តិ៍​ប៉ូលិស​ឃុំ ចំនួន ៣​កន្លែង​។​

​ពាក់ព័ន្ធ​ស្ថានភាព​ទឹកជំនន់ រហូតដល់​ម៉ោង ៥​ល្ងាច ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា នៅ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ កំពង់ចាម ទន្លេបាសាក់​-​ចតុមុខ នៅ​ភ្នំពេញ នៅ​ទន្លេមេគង្គ​-​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង និង​នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល កម្ពស់​ទឹក បាន​បន្ត​ស្រក​ចុះ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​សម្រាប់​កម្ពស់​ទឹក​នៅ​ទន្លេបាសាក់​-​កោះ​ខែល មាន​កម្ពស់ ៧,៧៨ ម៉ែត្រ នៅលើ​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​នៅឡើយ​។ រីឯ​នៅ​ទន្លេសាប​-​ព្រែក​ក្តាម កម្រិត​កម្ពស់​ទឹកបាន​បន្ត​ឡើង​តិចតួច​៕សរន